អន្តរជាតិ
កូរ៉េខាងត្បូង ពិចារណាផ្ដល់ទិដ្ឋាការរយៈពេលខ្លីឱ្យអ្នកដំណើរមកពីចិនឡើងវិញ 
×![]()
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo នៅថ្ងៃទី៣១ ខែមករា លើកឡើងថា ទីក្រុងសេអ៊ូលអាចនឹងដកការរឹតត្បិតផ្ដល់ទិដ្ឋាការរយៈពេលខ្លីឱ្យអ្នកដំណើរមកពីចិនលឿនជាងការគ្រោងទុក ប្រសិនបើស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ នៅចិនបានធូរស្រាលជាងមុនហើយ។ នាយករដ្ឋមន្ត្រីរូបនេះសង្ឃឹមការបន្ធូរបែបនេះនឹងស្ដារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ។
ក្រោយបិទបញ្ចប់គោលនយោបាយសូន្យកូវីដ ការរាលដាលជំងឺកូវីដ-១៩ នៅចិនផ្ទុះឡើងខ្លាំងនៅចុងឆ្នាំ២០២២។ កូរ៉េខាងត្បូងក៏បានចាត់វិធានការរឹតត្បិតចំពោះអ្នកដំណើរមកពីចិនដោយតម្រូវឱ្យមានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមានមុនចេញដំណើរ និងត្រូវធ្វើតេស្ត PCR ម្ដងទៀតពេលទៅដល់ប្រទេសខ្លួន។ ទីក្រុងសេអ៊ូលក៏បានផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់ជនជាតិចិនចាប់ពីថ្ងៃទី២ ខែមករា រហូតដល់ចុងខែកុម្ភៈផងដែរ។
ស្របពេលវិធានការនេះប៉ះពាល់ខ្លាំងដល់អ្នកដំណើ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃទី៣១ ខែមករា បាននិយាយថាទីក្រុងសេអ៊ូលអាចពិចារណាដកការរឹតបន្តឹងលើទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកធ្វើដំណើរពីចិនមុនដាច់ខែកុម្ភៈ ប្រសិនបើស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅចិនអាចគ្រប់គ្រងបាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។
«ប្រសិនបើស្ថានភាពនៅអាចគ្រប់គ្រងបាន ដែលអាចទទួលបានលទ្ធផលតាមការធ្វើតេស្ត PCR នោះការលើកចោលការរឹតបន្តឹងអាចពិចារណាធ្វើមុនកាលកំណត់»។ លោក Han លើកឡើងបែបនេះ។ គម្រោងផ្ដល់ទិដ្ឋាការរយៈពេលខ្លីឡើងវិញដល់អ្នកដំណើរចិន នឹងជួយវិស័យទេសចរណ៍ និងអាកាសចរណ៍របស់កូរ៉េខាងត្បូងរងការប៉ះពាល់យ៉ាងខ្លាំង។
អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍ Korean Air លោក Kim Ah-hyun និយាយថា ចិនធ្លាប់មានចំណែកពី២០ទៅ២៥ភាគរយនៃអ្នកដំណើរ និងដឹកទំនិញរបស់ក្រុមហ៊ុនលោកមុនពេលមានការរាលដាលជំងឺកូវីដ-១៩។ អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍មួយនេះសង្ឃឹមថា ការរឹតបន្តឹងការធ្វើដំណើររវាងប្រទេសទាំងពីរត្រូវបានបន្ធូរបន្ថយក្នុងពេលឆាប់ៗ ដើម្បីអនុញ្ញាតឱ្យមានជើងហោះហើរច្រើនឡើងវិញ។ ហាងទំនិញរួចពន្ធក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដែរ ព្រោះឈ្មួញចិនដែលតែងទិញទំនិញទៅលក់នៅចិនមិនអាចធ្វើដំណើរទៅមកបាន។
គួរបញ្ជាក់ថា ក្រោយកូរ៉េខាងត្បូងផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរចិន ចិនក៏បានឆ្លើយតបដោយការផ្អាកទិដ្ឋាការសម្រាប់អ្នកដំណើរកូរ៉េខាងត្បូងវិញដែរ រួមនិងជប៉ុនទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com