ជាតិ
ចិន ជាក្តីសង្ឃឹមថ្មី ដែលជួយឱ្យមៀនប៉ៃលិន មានទីផ្សារល្អ នៅឆ្នាំនេះ
01, Feb 2023 , 8:59 pm        
រូបភាព
រូបពី មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន
រូបពី មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន
ភ្នំពេញ៖ កសិករ កំពុងមមាញឹកប្រមូលផល ផ្លែមៀនប៉ៃលិន ស្របពេលតម្លៃ និងទីផ្សារ មានភាពប្រសើឡើង។ ចិន គឺជាក្ដីសង្ឃឹមថ្មី របស់កសិករខ្មែរ បន្ទាប់ពួកគេ រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងការបាត់បង់ទីផ្សារប្រទេសថៃ។

 
លោក សារ ចំរើន ក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានឱ្យដឹងថា ក្រោយបានសិទ្ធនាំចេញទៅចិន តម្លៃ និងទីផ្សារ មៀនប៉ៃលិន មានស្ថិរភាពជាងមុន ហើយ កសិករ ក៏ពុំសូវបារម្ភពីការកក់ស្ទះទៀតដែរ។ មកដល់ពេលនេះ មៀនប៉ៃលិន ទទួលបានតម្លៃប្រមាណ ៣៥០០រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានតម្លៃប្រហែល ២៥០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ 
 

លោក សារ ចំរើន ក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន។ រូបពី តេឡេក្រាម របស់លោក 
 
ឆ្នាំបន្ទាប់ តម្លៃមៀនប៉ៃលិន ត្រូវបានគេរំពឹងឡើងដល់ជាង ៥ពាន់រៀល ក្នុងមួយគីឡូក្រាម។ ការឡើងថ្លៃនេះ គឺជាបើកទីផ្សារមុនរបស់ក្រុមហ៊ុន ដល់កសិករ។ នៅខេត្តប៉ៃលិន មានក្រុមហ៊ុនចិនចំនួន ២ កំពុងប្រមូលទិញផ្លែមៀនស្រស់ពីកសិករ។  
 
លោក សារ ចំរើន ប្រាប់សារព័ត៌មាន Thmey Thmey 25 ដូច្នេះ៖« រាល់ថ្ងៃ ខាងក្រុមហ៊ុនគាត់ទិញ យកទៅចិន។ ហើយ ខ្ញុំគិតថា តម្លៃជាង៣ពាន់រៀលនេះ កសិករ គាត់បានចំណេញហើយ។ គេ (ក្រុមហ៊ុន) បើកទីផ្សារមុន គឺ មៀនប៉ៃលិន អាចបានតម្លៃ ៥៥០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់រដូវកាលក្រោយ»។ 
 
ផ្លែមៀនប៉ៃលិនស្រស់ ដែលត្រូវនាំទៅចិន គឺតម្រូវឱ្យម្ចាស់ចម្ការអនុវត្តន៍កសិកម្មល្អ ដោយផលិតតាមស្តង់ដារសុវត្ថិភាព និងបច្ចេកទេសត្រឹមត្រូវ។
 
ចំណែក លោក យ៉ឹង ប៊ុនធឿន ម្ចាស់ចម្ការមៀនប៉ៃលិនជាង ១០ហិកតា នៅស្រុកកំរៀង ខេត្តបាត់ដំបង បានរាប់រៀបទាំងរីករាយថា ឆ្នាំនេះ តម្លៃ និងទីផ្សារ មៀនប៉ៃលិន ល្អប្រសើជាងមុន ក្រោយកូវីដស្ងប់ស្ងាត់ និងចិនចូលមកទិញ។ 
 
កន្លងទៅ កសិកររូបនេះ ធ្លាប់រងគ្រោះដោយសារជំងឺកូវីដ១៩ និងការបាត់បង់ទីផ្សារធំ គឺប្រទេសថៃ។ ប៉ុន្តែ មកដល់ពេលនេះ លោកមិនសូវព្រួយបារម្ភគ្មានទីផ្សារនោះទេ ព្រោះ មៀនប៉ៃលិន អាចបញ្ចេញលក់ក្នុងទីផ្សារក្នុងស្រុក ក្រុមហ៊ុនចិន និងថៃដោយលួចលាក់បាន។ 
 

រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន 
 
គិតមកដល់ពេលនេះ លោក យ៉ឹង ប៊ុនធឿន ប្រមូលផលមៀនប៉ៃលិន បានពាក់កណ្ដាលហើយ។ ផ្ទៃដី ១០ហិកតា លោកអាចទទួលបានទិន្នផលជាង ១០០តោន ក្នុងមួយរដូវ។ ដោយឡែក នៅខែមីនា និងមេសា ឆ្នាំ២០២៣ ខាងមុខ លោក រំពឹងថា ផ្លែមៀនប៉ៃលិន អាចបានតម្លៃ ៤ ទៅ ៥ពាន់រៀល ក្នុងមួយគីឡូក្រាម ព្រោះថា ឈានដល់រដូវប្រាំង កសិករ ត្រូវចំណាយទុនលើការស្រេចស្រប និងធាតុចូលកសិកម្ម ច្រើនជាងមុន។  
 
លោក យ៉ឹង ប៊ុនធឿន ប្រាប់ដូច្នេះ៖«ឆ្នាំនេះ បានតម្លៃជាង៣ពាន់ដែរ! អ៊ីចឹង វាល្អជាងឆ្នាំមុន ហើយក៏ចំណេញបានខ្លះ។ ចំពោះទីផ្សារ ឆ្នាំនេះវិញ អត់សូវចាល់ទេ ដោយសារទីផ្សារ មានទាំងអស់ ទាំងចិនក៏មកទិញ ថៃផង និងខ្មែរផង។ និយាយទៅ តម្លៃ និងទីផ្សារ សមរម្យ»។ 
 
មៀនប៉ៃលិន គឺជាដំណាំកសិឧស្សាហកម្មមួយ ក្នុងចំណោមដំណាំកសិឧស្សាហកម្មផ្សេងទៀត ដែលមានសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។ បច្ចុប្បន្ន មានចម្ការចំនួន ៧៤ហើយ ដែលបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីគយចិន ក្នុងការនាំផ្លែមៀនស្រស់ ចូលទៅទីផ្សារចិន។ 
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០២២ កម្ពុជា បាននាំមៀនប៉ៃលិន ទៅទីផ្សារអន្តរជាតិចំនួន ៣ ១៥៥តោន ក្នុងនោះចិនចំនួន ២ ៩៤២,៥១តោន វៀតណាមចំនួន ២១២,៦៤តោន និងហុងកុង ០,០៣តោន។ នៅឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីដាំដុះមៀនសរុបចំនួន ១២៨៣៧ហិកតា និង ផ្ទៃដីប្រមូលផលមានចំនួន ១០៥៦៥ហិកតា ដោយជាមធ្យមអាចប្រមូលផលបាន ១៣១៤៩៨តោនក្នុងមួយឆ្នាំ៕ 
 

Tag:
 មៀនប៉ៃលិន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com