អន្តរជាតិ
២​ឆ្នាំក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា អង្គការនានានៅតែពិបាកផ្ដល់ជំនួយមនុស្សធម៌
02, Feb 2023 , 8:29 am        
រូបភាព
គិតមកត្រឹមថ្ងៃទី១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន​ ស៊ូជី គ្រប់២ឆ្នាំហើយ។ រដ្ឋប្រហារនេះបានទាក់ទាញទណ្ឌកម្មជាច្រើនពីសហគមន៍អន្តរជាតិ និងបានធ្វើឱ្យពលរដ្ឋជួបប្រទះផលពិបាកជាច្រើន។ ក្រោយរដ្ឋប្រហារជាង២ឆ្នាំមកនេះ អង្គការនានាដែលព្យាយាមផ្ដល់ជំនួយដល់ពលរដ្ឋបានអះអាងថា ខ្លួននៅតែពិបាកធ្វើការ។​



ចាប់តាំងពីការធ្វើរដ្ឋប្រហារដោយយោធាមីយ៉ាន់ម៉ានៅខែកុម្ភៈ ឆ្នាំ២០២០ មក ប្រជាជនមីយ៉ាន់ម៉ា​ស៊ីវិលដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជាង២ពាន់​នាក់​ត្រូវ​បាន​សម្លាប់។​ បើតាមអង្គការសហប្រជាជាតិ (UN) ប្រជាជននៅមីយ៉ាន់ម៉ាប្រមាណ១,៤លាននាក់ក៏ត្រូវផ្លាស់ទីលំនៅក្នុងស្រុកផងដែរ ខណៈប្រជាជនមីយ៉ាន់ម៉ា៥៤លាននាក់នៅតែជួបបញ្ហា ដ្បិតវិបត្តិនយោបាយនៅតែមិនទាន់អាចដោះស្រាយចេញ។

តាំងពីមុន​មុន​រដ្ឋប្រហារមកម្ល៉េះ មីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថាជាប្រទេស​ក្រីក្រ​មួយ​នៅតំបន់​អាស៊ីអាគ្នេយ៍ ហើយរដ្ឋប្រហារបានធ្វើឱ្យស្ថានភាពក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ។ ជាមួយនឹងក្រុមជនជាតិភាគតិចជាង ១០០ នៅក្នុងប្រទេសដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា រដ្ឋាភិបាលនៅតែមិនទាន់ចុះសម្រុងអស់ជាមួយក្រុមជនជាតិភាគតិចមួយចំនួនទៀត។

ក្រុមមនុស្សធម៌ជាច្រើនដូចជានៅឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក ក៏បានចូលរួមផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ាដែរ។ ក្នុងចំណោមនោះ អង្គការ Dompet Dhuafa មានមូលដ្ឋាននៅទីក្រុងហ្សាកាតា ដែលជាអង្គការក្រៅរដ្ឋាភិបាល (NGO) ធ្លាប់បញ្ជូនជំនួយមនុស្សធម៌យ៉ាងទៀងទាត់ទៅមីយ៉ាន់ម៉ា។
 
យ៉ាងណាមិញ អ្នកគ្រប់គ្រងទូទៅរបស់អង្គការ Dompet Dhuafa លោក Arif Rahmadi Haryono បានបញ្ជាក់ថា ការងារមនុស្សធម៌ដែលអង្គការនេះបានធ្វើកន្លងមកបានឈប់ដំណើរការទាំងស្រុងទៅហើយ។ លោកក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNA ថា ចាប់តាំងពីការឡើងកាន់អំណាចរបស់យោធា ដៃគូរបស់ Dompet Dhuafa បានដកបុគ្គលិកជាច្រើននាក់ចេញពីមីយ៉ាន់ម៉ាព្រោះរងសម្ពាធពីក្រុមយោធា។ 
 
«តាម​ការ​ដឹង​របស់​យើង វា​គឺ​ដោយសារ​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​ទាក់ទង​នឹង​ស្ថានភាព​សង្គម និង​នយោបាយ​»។ លោក Arif Rahmadi Haryono បានបញ្ជាក់បែបនេះទាក់ទងនឹងការដកបុគ្គលិករបស់អង្គការនានាពីមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា មុនពេលរដ្ឋប្រហារអង្គការ Dompet Dhuafa បានធ្វើការជាមួយអង្គការមនុស្សធម៌ផ្សេងទៀត ក៏ដូចជារដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីផ្ដល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ា។
 
របបយោធាមីយ៉ាន់ម៉ា បានឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន​ ស៊ូជី និងមន្ត្រីផ្សេងទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ក្រោមហេតុផលថា បន្លំការ​បោះ​ឆ្នោត​។ មេដឹកនាំរបបសឹកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ និងបានសន្យានឹងរៀបចំការបោះឆ្នោតក្នុងរយៈពេលមួយឆ្នាំនៃការឡើងកាន់អំណាចនេះ។ 
 
យោងតាមធនាគារពិភពលោកកាលពីឆ្នាំមុន ប្រជាជនមីយ៉ាន់ម៉ាប្រមាណ៤០ភាគរយបានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ លើសពីនេះ ចំនួនជនភៀសខ្លួនចេញពីមីយ៉ាន់ម៉ា បានបន្តកើនឡើងចាប់តាំងពីរដ្ឋប្រហារមក ដោយស្ថានភាពនៅតែមានការប្រែប្រួលនៅក្នុងតំបន់ដូចជារដ្ឋ Chin និង Sagaing ដែលជាកន្លែងមានការប៉ះទង្គិចប្រដាប់អាវុធយ៉ាងសកម្ម៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com