ជាតិ
លោក ខៀវ សំផន ត្រូវឃុំខ្លួនក្នុងផ្ទះមួយដោយឡែក នៅពន្ធនាគារខេត្តកណ្ដាល
01, Feb 2023 , 7:34 pm        
រូបភាព
ភ្នំពេញ៖ លោក ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី៣០មករា ឆ្នាំ២០២៣។ លោក ខៀវ សំផន ត្រូវបានមន្ត្រីពន្ធនាគាររៀបចំឲ្យ ស្នាក់នៅផ្ទះមួយដាច់ដោយឡែក ហើយមានក្រុមការងារចុះពិនិត្យសុខភាពចំនួនពីរដង ក្នុងមួយថ្ងៃ។

 
លោក ខៀវ សំផន ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ដើម្បីបន្តអនុវត្តទោសអស់មួយជីវិត។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សហព្រះរាជអាជ្ញា ចេញផ្សាយនៅថ្ងៃទី១កុម្ភៈ។ 
 
ជុំវិញ ការឃុំខ្លួននេះ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា មន្ត្រីពន្ធនាគារ បានរៀបចំផ្ទះទំហំទទឹង៤ម៉ែត្រ និងបណ្ដោយ៩ម៉ែត្រ នៅក្នុងបរិវេណពន្ធនាគារខេត្តកណ្ដាល សម្រាប់លោក ខៀវ សំផន ស្នាក់នៅ។ លោកអះអាងថា មានការពិនិត្យ និងរៀបចំ យ៉ាងយកចិត្តទុកដាក់ លើករណីទណ្ឌិត ខៀវ សំផន។ 
 
«យើងកែច្នៃកន្លែងដោយឡែក សម្រាប់គាត់(ខៀវ សំផន) ដោយកែច្នៃផ្ទះចាស់របស់មន្ត្រីមួយ យើងមានបរិវេណ របងសុវត្ថិភាព មានលាបថ្នាំថ្មី ហើយខាងសាលាក្ដីខ្មែរក្រហមដូចជាបានចុះត្រួតពិនិត្យ និងវិនិច្ឆយ កន្លែងឃុំខ្លួនរបស់គាត់ដែរ»។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
តាមរយៈកិច្ចសម្ភាសតាមប្រព័ន្ធទូរស័ព្ទនារសៀលថ្ងៃទី១កុម្ភៈ លោក សវនា បន្ថែមថា កន្លែងលោក ខៀវ សំផន ស្នាក់នៅ គឺនៅឆ្ងាយពីកន្លែងអ្នកទោសផ្សេងទៀត។ 
 
បើតាមលោក សវនា ជារៀងរាល់ថ្ងៃ នឹងមានក្រុមការងារនៃមន្ត្រីពន្ធនាគារ ទៅពិនិត្យសុខភាពដល់លោក ខៀវ សំផន ចំនួនពីរដង នៅពេលព្រឹក និងល្ងាច ដោយរួមមានទាំងការពិនិត្យចង្វាក់បេះដូងផងដែរ។ 
 
លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)សម្រេចឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី២២កញ្ញា ឆ្នាំ២០២២។ អំឡុងពេលដំណើរការកាត់ក្ដី មេដឹកនាំខ្មែរក្រហមរូបនេះ បានជាប់ឃុំខ្លួនបណ្ដោះអាសន្នរបស់សាលាក្ដីខ្មែរក្រហម។ 
 
មុននឹងពេល បញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្ដាលនេះ លោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃសាលាក្តីខ្មែរក្រហម ក៏បានអះអាងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃនេះដែរថា ខាងសាលាក្ដីខ្មែរក្រហមបានវាយតម្លៃទីតាំងពន្ធនាគារខេត្តកណ្ដាលដែរ គឺមានលក្ខណៈសមស្របក្នុងការអនុវត្តទោស របស់ទណ្ឌិត ខៀវ សំផន។ 
 
លោក ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ឬ «របបខ្មែរក្រហម» និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទីលេចធ្លោជាងគេ ក្នុងមុខនាទីជាគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
 
លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ 
 
សំណុំរឿងរបស់ លោក ខៀវ សំផន ដំណើរការអស់ជាង១៥ឆ្នាំ ហើយលោក ត្រូវបានចោទធ្វើឲ្យមានពិរុទ្ធភាពពីបទប្រល័យ ពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ៕

© រក្សាសិទ្ធិដោយ thmeythmey.com