ជាតិ
បរិវត្តកម្មឌីជីថល! សិស្សទើបជាប់បាក់ឌុបអាចប្រើប្រាស់សញ្ញាបត្របណ្តោះអាសន្នដែលមាន QR Code ស្តង់ដា
02, Feb 2023 , 11:37 am        
រូបភាព
សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុងឆានែលតេលេក្រាម
សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុងឆានែលតេលេក្រាម
ដោយ: រួបរួម
ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញជាបន្តបន្ទាប់នូវប្រកាសអន្តរក្រសួង និងសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា»។ សញ្ញាបត្រប្រភេទឌីជីថលនេះ អាចត្រូវផ្ទៀងផ្ទាត់បានតាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ verify.gov.kh»។

 
ប្រកាសអន្តរក្រសួងដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រីប្រៃសណីយ៍ លោក ជា វ៉ាន់ដេត និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី៣០ ខែមករា បានបញ្ជាក់ថា វិញ្ញាបនបត្របណ្តោះអាសន្នដែលមានដាក់ QR Code ស្តង់ដា នេះ ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សយកទៅប្រើប្រាស់ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលសាធារណៈ។
 
«ជាការវិវឌ្ឍថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាជំហានថ្មីក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា»។ សេចក្តីជូនដំណឹងចុះថ្ងៃទី១ ខែកុម្ភៈ បានបញ្ជាក់យ៉ាងដូច្នេះ។
 
សម្រាប់វិញ្ញាបនបត្រនេះ សិស្សានុសិស្សអាចប្រើដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់តម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
 
តាមសេចក្តីជូនដំណឹង សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុងឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝ តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។
 
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការស្នើសុំ សិក្សានុសិស្សាអាចទាក់ទងទៅលេខទូរសព្ទ ១២៣ (ដោយឥតគិតថ្លៃ)៕
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com