សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បីត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ។ តាមសេចក្តីសម្រេចចុះកាលពីថ្ងៃទី៣១ ខែមករា លេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាលេខាធិការដ្ឋាននៃក្រុមការងារទាំងនេះ។
ក្រុមការងារចំនួន២៤ (ក្រុមការងារទី១១ គ្របដណ្តប់លើខេត្តកំពត និងកែប) ដឹកនាំដោយរដ្ឋលេខាធិការ១រូប និងអនុប្រធានពីររូប ដែលមានឋានៈជាអនុរដ្ឋលេខាធិការ។ ក្រុមការងារនៅរាជធានីភ្នំពេញ ដឹកនាំដោយលោក ខៀវ សុភ័គ រីឯលោក សួន ឈានលី និងលោក ជា សុគន្ធា ជាអនុប្រធាន។
លោករដ្ឋលេខាធិការ អង មង្គល ដឹកនាំក្រុមការងារខេត្តកណ្តាល រួមជាមួយលោក មួន សារ៉ន និងលោក ឯម សំណាង។ ខេត្តកំពង់ចាម មានលោក តេង សាវង្ស ជាប្រធាន លោក ថោង សំអាត និងលោក ស៊ុម សុខម្ភូ ជាអនុប្រធាន។
នៅព្រៃវែង លោក ចាន់ អ៊ាន ជាប្រធាន លោក អ៊ុង សាមី និងលោក សរ សិទ្ធិ ជាអនុប្រធាន។ លោក រស់ វរុណ ដឹកនាំក្រុមការងារនៅខេត្តស្វាយរៀង អមដោយលោក សម តារា និងលោក ឌឿន សុវណ្ណ។ លោក ម៉ៅ ប៊ុនណារិន ដឹកនាំក្រុមការងារខេត្តតាកែវ ជាមួយលោក ផុន ប៊ុនថាល់ និងលោក ងួន ស៊ីផាន់។
លោក សុខ ផល ជាប្រធានក្រុមការងារនៅខេត្តបាត់ដំបង ដោយមានលោក ធឹម សុផា និងលោក អ៊ុច សុខុន ជាអនុប្រធាន។ នៅប៉ៃលិន ក្រុមការងារមាន លោក ប៊ុន ហុន ជាប្រធាន លោក អ៊ូច ចាន់ណូរ៉ា និងលោក បេ ទាឡេង ជាអនុប្រធាន។
ងាកទៅខេត្តសៀមរាប លោក លេង វី ជាប្រធាន លោក សួស អង្គារ៍ និងលោក តេង សួន ជាអនុប្រធាន។ លោក យុន ឈុន្នី ដឹកនាំក្រុមការងារនៅខេត្តឧត្តរមានជ័យ អមដោយលោក ដាំ វុទ្ធី និងលោក ឯ វុឌ្ឍី។ ក្រុមការងារទី១១ ក្តោបខេត្តកំពត និងកែប ដែលដឹកនាំដោយលោក ម៉ៅ ច័ន្ទតារា រួមជាមួយលោក ឌី សុកផាន និងលោក ហ៊ូ សាគុណ។
នៅខេត្តកំពង់ស្ពឺ លោក សំរិទ្ធ ឌី ជាប្រធាន លោក ថោង លីម និងលោក សេក ភូមី ជាអនុប្រធាន ខណៈលោក ផាន់ ចាន់ធុល ដឹកនាំក្រុមការងារនៅខេត្តបន្ទាយមានជ័យ ជាមួយលោកស្រី អុង សុភាវី និងលោក អាត់ ខែម។ លោក អ៊ុត សំអន ដឹកនាំក្រុមការងារនៅខេត្តកំពង់ធំ ដែលអមដោយលោក សុខ មុនី និងលោក រស់ សាផល។
ខេត្តកំពង់ឆ្នាំង ស្ថិតក្រោមភារៈដឹកនាំរបស់លោកស្រី ជូ ប៊ុនអេង រួមជាមួយលោកស្រី ជួញ សុខឆៃ និងលោក ហេង ពិទូ។ លោក ហ៊ុយ វណ្ណៈ ជាប្រធានក្រុមការងារប្រចាំខេត្តពោធិ៍សាត់ ដោយមានលោក ហ៊ុយ ហឿន និងស្រ៊ុន លិញ ជាអនុប្រធាន។
ក្រុមការងារនៅខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឡាំ ជា ដែលអមដោយលោក ចាន់ គឹមសេង និងលោកស្រី គង់ ស៊ីផា។ លោក ប៉ាវ ហមផាន ដឹកនាំក្រុមការងារនៅខេត្តរតនគិរី រួមជាមួយលោក ម៉ុម សារឿន និងលោក អ៊ួន សុទ្ធា ខណៈ លោក កៅ ខុន ដារ៉ា ជាប្រធានក្រុមការងារនៅខេត្តព្រះសីហនុ ដោយលោក សោម ច័ន្ទឌីណា និងលោក ទ្រី សុខហេង ជាអនុប្រធាន។
លោក មៀច សុផាន់ណា ជាប្រធានក្រុមការងារនៅខេត្តកោះកុង ហើយអនុប្រធានគឺ លោក កឹម ជាតិ និងលោក ស្រេង វង្សហៀង ខណៈខេត្តក្រចេះ មានលោក ស៊ាង ប៊ុនលាង ជាប្រធានក្រុម អមដោយលោក ឡាយ ណាវុធ និងលោក អ៊ីវ លាង។
ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក កុល វីរក្ស រួមជាមួយលោក គាង សេង និងលោកស្រី យក់ សុខា។ លោក ងឺ ច័ន្ទ្រផល ជាប្រធានក្រុមការងារនៅខេត្តមណ្ឌលគិរី ដោយមានលោក ពីម សំណាង និងលោក ម៉ៅ សំបុណ្យ ជាអនុប្រធាន រីឯក្រុមការងារទី២៤ ដែលជាក្រុមការងារចុងក្រោយ គឺគោលដៅនៅខេត្តព្រះវិហារ ដែលដឹកនាំដោយលោក អ៊ុំ ម៉ារ៉ា ហើយលោក ផាង ពៅ និងលោក សុខ ច័ន្ទរិទ្ធី ជាអនុប្រធាន។
យោងតាមសេចក្តីសម្រេចដដែល សម្តេច ស ខេង តម្រូវឲ្យក្រុមការងារទាំងនេះ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងការអនុវត្តផ្សេងៗទៀត។
ជាមួយគ្នានេះ ក្រុមការងារត្រូវមានការត្រួតពិនិត្យវាយតម្លៃរាល់៣ខែម្តងលើលទ្ធផលការងារ បញ្ហាប្រឈម និងវិធានការដោះស្រាយ រួមទាំងការបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕