សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF ៖ ពិភពលោកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣
02, Feb 2023 , 8:29 pm        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៣១ ខែមករា បានលើកឡើងពីទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកដែលមានចំណងជើង «ភាពរឹងមាំដ៏គួរឱ្យភ្ញាក់ផ្អើល» ថា ពិភពលោកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣។ នេះក៏ព្រោះពិភពលោកមានសញ្ញាណជាវិជ្ជមានមួយចំនួនដូចជា តម្រូវការនៅអាម៉េរិក និងអឺរ៉ុប ការធ្លាក់ចុះតម្លៃថាមពល និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្រោយបើកដំណើរការឡើងវិញ។

 
នៅក្នុងរបាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងអត្រា២,៩ភាគរយនៅឆ្នាំ ២០២៣ ។ អត្រានេះគឺខ្ពស់ការព្យាកររបស់ខ្លួនកាលពីខែតុលាឆ្នាំ ២០២២ ដែលមានត្រឹមតែ២,៧ភាគរយប៉ុណ្ណោះ ដែលនាពេលនោះ IMF បានព្រមានថាសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបានយ៉ាងងាយស្រួល។ 
 
តួលេខនេះមើលទៅហាក់មិនសូវល្អដូចឆ្នាំ ២០២២ ដែលមានអត្រា៣,៤ភាគរយ ប៉ុន្តែវាក៏នៅតែប្រសើរជាងការព្យាករកាលពីខែតុលាកាលពីឆ្នាំមុនកើនឡើងពី០,២ភាគរយ។ ហើយនៅឆ្នាំ ២០២៤ IMF រំពឹងថាកំណើនសេដ្ឋកិច្ចពិភពលោកនិងកើនឡើងដល់៣,១ភាគរយ។ 
 
ហេតុផលសំខាន់ៗនៅពីក្រោយកំណើនពិភពលោកត្រូវបានគេមើលឃើញថា ដោយសារអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូមានកំណើនជាវិជ្ជមានជាមួយតម្រូវការកើនឡើងនៅឆ្នាំនេះ ការធ្លាក់ចុះនៃតម្លៃថាមពល ជាពិសេសការងើបឡើងវិញនៃសេដ្ឋកិច្ចចិន បន្ទាប់ពីការបើកដំណើរការឡើងវិញដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោក។
 
បើតាមរបាយកាណ៍របស់ IMF ៨៤ភាគរយនៃបណ្តាប្រទេសទាំងអស់មានកម្រិតអតិផរណាទាបជាងឆ្នាំមុន។ ហើយក្នុងនោះអតិផរណាពិភពលោកជាមធ្យមនឹងនៅក្នុងអត្រា ៦,៦ភាគរយក្នុងឆ្នាំ ២០២៣ និង ៤,៣ភាគរយនៅឆ្នាំក្រោយ។
 
បើទោះបីជាពិភពលោកអាចឆ្លងផុតវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ប៉ុន្តែសន្ទុះកំណើននេះមិនទាន់ដល់កម្រិតដុចមុនពេលមានវិបត្តិកូវីដ-១៩ នោះទេ ក៏ព្រោះតែបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយ  ការបន្តឆ្លងជំងឺកូវីដ-១៩ នៅចិន និងបញ្ហាការកើនឡើងអតិផរណា ឬការប្រណាំងក្នុងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល៕
 

Tag:
 IMF
  វិបត្តិសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com