អន្តរជាតិ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រមុខណាតូ៖ គ្មានសមហេតុផលឡើយ ចំពោះការគំរាមកំហែងរបស់ចិនលើតៃវ៉ាន់
02, Feb 2023 , 5:29 pm        
រូបភាព
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបភាព​ AFP
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបភាព​ AFP
វាមិនមានភាពសមហេតុផលឡើយចំពោះការគំរាមកំហែងរបស់ចិនលើតៃវ៉ាន់។ ប្រមុខអង្គការណាតូ លោក Jens Stoltenberg (NATO) បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ។ បើតាមលោក Stoltenberg ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) លើច្រកសមុទ្រតៃវ៉ាន់ នឹងធ្វើឱ្យមានស្ថានភាពធ្ងន់ធ្ងរ។



មួយរយៈចុងក្រោយ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុងតៃប៉ិ តាមរយៈសកម្មភាពយោធា។ មិនតែប៉ុណ្ណោះ យន្តហោះយោធាចិន បានហោះចូលតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ជាញឹកញាប់ រួមទាំងសមយុទ្ធកងទ័ពជើងទឹកនៅជុំវិញតៃវ៉ាន់ផង។ 
 
បញ្ហានេះ បានធ្វើឱ្យមេដឹកនាំមួយចំនួនលើកឡើងពីលទ្ធផលនៃការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ បើទោះកន្លងមក ក្រុងប៉េកាំងបានអះអាងថា នឹងបង្រួបបង្រួមដែនកោះប្រកបដោយសន្តិភាពក៏ដោយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានអះអាងថា ប្លុកយោធាអន្តរអាត្លង់ទិក មានក្តីបារម្ភចំពោះការគំរាមកំហែងរបស់ចិន និងសកម្មភាពអុងអាត់លើច្រកសមុទ្រតៃវ៉ាន់។ ត្រង់ចំណុចនេះ ប្រមុខយោធាណាតូ បានអះអាងថា ការបង្ការក្រុងប៉េកាំងពីការប្រើប្រាស់អំណាចយោធា គឺពិតជាសំខាន់ណាស់។
 
«វាគ្មានហេតុផលត្រឹមត្រូវឡើយសម្រាប់ការគំរាមកំហែងរបស់ចិនលើតៃវ៉ាន់»។ លោក Stoltenberg បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា គ្មានប្រទេសណាមួយចង់មានជម្លោះនៅជុំវិញកោះតៃវ៉ាន់ឡើយ។ ទន្ទឹមនេះ ប្រមុខយោធាណាតូ ក៏បានព្រមានផងដែរថា ការប៉ុនប៉ងរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នឹងមានផលវិបាកធ្ងន់ធ្ងរចំពោះអាស៊ីខាងកើត, ណាតូ និងសម្ព័ន្ធមិត្ត រួមទាំងសន្តិសុខសកល។ 
 
បើទោះមិនបានចាត់ទុកចិនជាសត្រូវក៏ដោយ លោក Stoltenberg បានផ្ញើសារទៅកាន់ចិនថា វាពិតជាសំខាន់ណាស់ ក្នុងការបញ្ចៀសការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នរបស់ចិន និងការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមដែនដីទាំងពីរ។ 
 
ក្រៅពីបញ្ហាខាងលើ ប្រមុខអង្គការណាតូ ក៏បានជជែកពីបញ្ហាអ៊ុយក្រែនផង។ ក្នុងកិច្ចសម្ភាសដដែលនេះ លោក Stoltenberg បានបញ្ជាក់ផងដែរថា អង្គការណាតូត្រូវតែបន្តគាំទ្រអ៊ុយក្រែន បន្ទាប់ពីឈានដល់កម្រិតគាំទ្រមិនធ្លាប់មានពីមុនមក។ ត្រង់ចំណុចនេះ លោក Stoltenberg បញ្ជាក់ថា ការបញ្ជូនអាវុធនៅក្នុងថ្ងៃនេះ នឹងបង្កើតលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាពនៅពេលអនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com