ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ធម្មជាតិ​១០​យ៉ាង​ក្នុង​ការបំបាត់​ជាតិពុល​ចេញពី​រាងកាយ​
03, Feb 2023 , 10:59 pm        
រូបភាព
ការសម្អាត ឬ​កំចាត់​ជាតិពុល​ក្នុង​រាងកាយ គឺជា​កត្តា​សំខាន់​មួយ​ក្នុង​ការរក្សា​មុខងារ​ក្នុង​រាងកាយ ឲ្យមាន​ដំណើរការល្អ និង​សុខភាព​ទូទៅ​ល្អប្រសើរ​។ ការប្រមូលផ្តុំ​ជាតិពុល​ក្នុង​រាងកាយ គឺ​នឹង​បង្ក​ឲ្យមាន​ការឈឺចាប់ , ចុក​រោយ​,​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​,​ស្បែក ហើយ​និង​ធ្វើឲ្យ អ្នក​មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​។ នៅពេល​ដែល​អ្នក​សម្រេច​ចិត្ត ក្នុង​ការបណ្តេញ​ជាតិពុល​ចេញពី​រាងកាយ នោះ​អ្នក​គួរតែបញ្ឈប់​នូវ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ដែល​មិនល្អ​ដូចជា​៖ ការ​ផឹកស្រា​, ជក់បារី​, ផឹក​កាហ្វេ​, បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន និង​កាត់បន្ថយ​ជាតិ​ស្ករ​ចេញពី​ក្នុង​អាហារ​។ ក្រៅពីនេះទៀត អ្នក​គួរ​អនុវត្ត​នូវ​វិធី​ធម្មជាតិ ១០​យ៉ាង​ខាងក្រោម​នេះ ដើម្បី​កំចាត់​ចេញ​នូវ​ជាតិពុល​ទាំងឡាយ​ចេញពី​ក្នុង​ខ្លួន​៖

 
១.​ផឹកទឹក​ឲ្យបាន​ច្រើន
​នេះ​ជា​ចំណុច​សាមញ្ញ​មួយ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​។ ទឹកជា​សារធាតុ​រាវ​មួយ ដែល​មនុស្ស​គ្រប់គ្នា​ខ្វះ​មិនបាន ហើយ​ការ​ផឹកទឹក​គឺជា​វិធី​ដ៏​ងាយស្រួល​មួយ​ក្នុង​ការលាង​សម្អាត ជាតិពុល​ចេញពី​ក្នុង​រាងកាយ​។ លើសពីនេះ​ទៀត ប្រសិនបើ​អ្នក​អាច​ច្របាច់​ទឹក​ក្រូចឆ្មារ ចូល​ទៅក្នុង​ទឹក​មួយ​កែវ ហើយ​ផឹក​វា​ជា​រៀងរាល់​ព្រឹក នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ,​ជួយ​ជម្រុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យមាន​មុខងារ​ល្អប្រសើរ​ដោយ​ការ​កំចាត់ ជាតិពុល​ចេញពី​ក្នុង​ខ្លួន​។
 
២. ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បែក​ញើស​

​ការ​ហាត់ប្រាណ​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ និង​ចរន្តឈាមរ​ត់​បាន​ល្អ​ប្រសើ​រ​នោះទេ វា​ថែមទាំង​អាច​កំចាត់​ជាតិពុល​ចេញពី​រាងកាយ​តាមរយៈ​ការ​បែកញើស​នេះ​ផងដែរ​។ ការ​ហាត់ប្រាណ​ជា​ទៀងទាត់ ក៏​ជួយ​ឲ្យមាន​ការកំចាត់​ជាតិ​ពុលចេញ​ពី​ក្នុង​ខ្លួន​បាន​ជា​ទៀងទាត់​ដែរ​។ ការចូល​ស្ទីម ឬក៏​សូ​ណា​ក៏​អាច​ជួយ​បញ្ចេញ​ជាតិពុល​តាមរយៈ​កម្តៅ​ដែល​ធ្វើឲ្យ​យើង​បែក​ញើស តែ​ទោះជា​យ៉ាង​ណា​វា​ក៏​មិន​អាច​ផ្តល់​អត្ថប្រយោជន៍​បានល្អ ដូច​ជា​ការ​ហាត់ប្រាណ​ដោយ​ផ្ទាល់​នោះ​ដែរ​។​
 
៣. បរិភោគ​អាហារ​ធម្មជាតិ​

​អ្នក​គួររៀបចំ​អាហារ​ដែល​មាន​ចម្រុះ​ពណ៌ ជាមួយនឹង​ប្រភេទ​អាហារ​ដែល​សម្បូរ​ជាតិ​ស​សៃ ដើម្បី​លាង​សម្អាត​រាងកាយ ខណៈពេល​ដែល​វា​ក៏​កំពុងតែ​ផ្តល់​ឲ្យ​រាងកាយ​នូវ​សារជាតិ​ចិញ្ចឹម​បន្ថែម​។ ទន្ទឹមនឹងនេះ អ្នក​ក៏​គួរតែ​បន្ថែម​នូវ​ប្រភេទ​បន្លែ​ផ្លែឈើ​ស្រស់ និង​គ្រាប់​ធញ្ញជាតិ​ចូលទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។​
 
៤.  តែ​បៃតង​

​ការ​ជំនួស​ឲ្យ​កាហ្វេ​មួយ​កែវ ទៅ​ជា​តែ​បៃតង​មួយ​កែវ​សម្រាប់​ភេសជ្ជៈ​ពេលព្រឹក​ព្រលឹម​វិញ គឺជា​វិធី​ល្អ​បំផុត​ក្នុងការ​បន្សាប​ជាតិពុល ចេញពី​រាងកាយ​។ នេះ​គឺ​ដោយសារតែ​នៅក្នុង តែ​បៃតង គឹ​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់​, ជួយ​រក្សា​ស្បែក​និង​រាងកាយ​ឲ្យមាន​ជាតិ​ទឹក និង​ទប់​ចំណង់​នៃ​ការ​ឃ្លាន​អាហារ ក៏ដូចជា​ជួយ​សម្អាត​ឈាម និង​ថ្លើម​។
 
៥.​ធ្វើកា​របកស្បែក ឬ​កោសិកា​ចាស់ៗ​ចេញ​

​ការប្រើ​ក្រែ​មខាត់​ស្បែក ឬ​ប្រើ​ប្រេង​ម៉ាស្សា​មុខ គឺជា​វិធី​មួយ​ក្នុងការ​កំចាត់​ជាតិពុល​ចេញពី​ស្បែក និង​តាម​រន្ធ​ញើស​។ វិធី​នេះ​នឹង​ជួយ​ធ្វើឲ្យ​ចរន្តឈា​មរត់ មាន​ដំណើរការ​បាន​ល្អ និង​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​តាម​ស្រទាប់​ស្បែក​ខាងក្រៅ និង​ជួយ​សម្រួល​អារម្មណ៍​អ្នក ឲ្យបាន​ធូរស្រាល​ពីភាព​តានតឹ​ង​ផ្សេងៗ​។​
 
៦. កាត់បន្ថយ​ការ​ទទួលទាន​សារជាតិ​កាបូ​អ៊ី​ដ្រាត​សាមញ្ញៗ​មួយចំនួន​

​សារធាតុ​កាបូ​អ៊ី​ដ្រាត​ធម្មតាៗ​មួយចំនួន​ដូចជា ស្ករ និង​ជាតិ​ម្ស៉ៅ​ត្រូវបាន​ប្រមូលផ្តុំ​នៅ​ក្នុង​រាងកាយ​ច្រើន នោះ​វា​ក៏​អាច​នឹង​ក្លាយជា បណ្តុំ​នៃ​សារធាតុពុល​បាន​ផងដែរ​។ វា​អាច​ជា​មូលហេតុ​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​កើនឡើង ឬ​ថយចុះ ដែល​នេះ​ជា​ផល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ជំនួស​មកវិញ អ្នក​ត្រូវ​ជ្រើសរើស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ និង​កាបូ​អ៊ី​ដ្រាត ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ ។​
 
៧. ធ្វើការ​ម៉ាស្សា​រាងកាយ​

​ការ​ម៉ាស្សា​ដែល​អនុវត្ត​ដោយ​អ្នកជំនាញ នឹង​ធ្វើឲ្យ​រាងកាយ​អ្នកមានភាព​ធូរស្រាល និង​ជួយ​បញ្ចេញ​នូវ​អារម្មណ៍​តានតឹង និង​ជាតិពុល​ទាំងឡាយ​។ ការ​សង្កត់​ដោយ​ជាក់លាក់ ទៅលើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ដែល​ជា​កន្លែង​ប្រមូលផ្តុំ​នៃ​ជាតិពុល នឹង​អាចជួយ​បញ្ចេញ​វា​ចេញមកក្រៅ​។​កា​ផឹកទឹក​បន្ទាប់ពី​ម៉ាស្សា​រួច និង​ជួយ​លាង​សម្អាត​រាងកាយ ដោយ​ជាតិពុល​ទាំងនោះ​នឹង​ត្រូវ​ចេញពី​រាងកាយ​តាមរយៈ​ការ​បត់ជើងតូចៗ​ភ្លាមៗ​បន្ទាប់​ពី​ផឹកទឹក​រួច ។​
 
៨. ចៀសវាង​ពី​បរិស្ថាន​ដែល​មាន​ការបំពុល​

​វា​ជា​រឿង​សំខាន់​បំផុត ដែល​អ្នក​គួរ​ចៀសវាង​ការ​ស្នាក់នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​ជាតិពុល ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ដកដង្ហើម​ចេញ​ចូលបឺត​ស្រូប និង​ផ្តុំ​នូវ​ជាតិ​ទាំងនេះ​នៅក្នុង​ខ្លួន​។ អ្នក​ត្រួវ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​ខ្យល់ ឬ​ឧស្ម័ន​ពុល​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើបាន​។
 
៩.​គ្រប់គ្រង​ស្ត្រេ​ស​

​ស្ត្រេ​សអាច​រារាំង ដល់​ដំណើរការ​រាងកាយ​មិនឲ្យ​មាន​ប្រសិទ្ធភាព​ល្អ និង​រំខាន​ដល់​ដំណើរការ​ផលិតផល​ផ្សេងៗ​របស់​អរ​ម៉ូ​ន​នៅក្នុង​រាងកាយ​។ វា​ក៏​បង្អាក់​ដល់​ដំណើរការ​របស់​រាងកាយ​ក្នុង ការសម្អាត​ដោយ​ខ្លួនឯង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្ត្រេ​ស នឹង​ធ្វើឲ្យ​អ្នក​មាន​រោគសញ្ញា​មួយចំនួន ដូចជា​អស់កម្លាំង និង​មាន​ជំងឺ​ផ្សេងៗ​ជាដើម​។ អ្នក​គួរ​ជ្រើសរើស​ធ្វើ​សកម្មភាព​កំសាន្ត​អ្វីមួយ ដែល​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល និង​រីករាយ​បាន​។​
 
១០. ញាំ​ទឹក​ផ្លែឈើ​ជំនួស​ឲ្យ​អាហារ​

​ការផឹក​ភេសជ្ជៈ​ផ្លែឈើ​ឬ​បន្លែ​ស្រស់ៗ អាច​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នក​ស្រស់ថ្លា និង​ក្មេង​ជាង​វ័យ​។ អ្នក​អាច​ជំនួស​អាហារ​ពេល​ល្ងាច ទៅ​ជា​ទឹក​ផ្លែឈើ​កិន​ស្រស់ៗ នោះ​អ្នក​នឹងមាន​ស្បែក​ស្រស់ថ្លា ក៏ដូចជា​ជាតិពុល​ត្រូវបាន​កំចាត់​ចេញពី​រាងកាយ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com