ជាតិ
ទំនៀមចាប់ត្រីបង្ហាញពីសាមគ្គីភាពរបស់អ្នកភូមិបង្កោង
04, Feb 2023 , 9:29 am        
រូបភាព
 អ្នកភូមិប្រើអង្រុតដើម្បីរកត្រីក្នុងបឹងនាពិធីចាប់ត្រីរួម។
អ្នកភូមិប្រើអង្រុតដើម្បីរកត្រីក្នុងបឹងនាពិធីចាប់ត្រីរួម។
សៀមរាប៖ ជារៀងរាល់ឆ្នាំ អ្នកភូមិបង្កោង ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ បានប្រារព្ធពិធីបុណ្យ​ ចាប់ត្រីនៅក្នុងភូមិ។ មានតែអ្នកភូមិបង្កោងប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចុះចាប់ត្រីក្នុងបឹងអភិរក្ស​នោះបាន។  ថ្ងៃធម្មតា គេមិនអនុញ្ញាតឱ្យចុះរកត្រីក្នុងបឹងទេ គឺទុកពេលមួយក្នុងខែមាឃ ដើម្បីចុះចាប់រួមគ្នាតែម្ដង ហើយបឹងនេះត្រូវបានអ្នកភូមិដាក់វេនគ្នាយាមជាប្រចាំ។ ត្រីតិចឬច្រើន អាស្រ័យលើអ្នកប៉ិនប្រសព្វ។

 
ខាងក្រោមនេះ ជាទិដ្ឋភាពនៃការចូលរួមចាប់ត្រីរបស់អ្នកភូមិបង្កោង៖

 
ជាទំនៀមពីបុរាណដែលធ្វើមិនដែលដាច់ពីដូនតាមក ពិធីបុណ្យចាប់ត្រីរបស់អ្នកភូមិបង្កោង ត្រូវបានគេមើលឃើញថា បានបង្ហាញពីសាមគ្គីភាពនៃអ្នកភូមិ។ ពិធីនេះតែងធ្វើឡើងនៅថ្ងៃ២កើត ខែមាឃ គឺមុនមួយថ្ងៃ នៃពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ដែលអ្នកភូមិគោរពអរគុណ និងបួងសួង សុំសេចក្ដីសុខពីអ្នកតាម្ចាស់ស្រុក ដែលឃុំគ្រងថែរក្សាពួកគេសុខសប្បាយរយៈពេលពេញមួយឆ្នាំ​កន្លងមក។ បុណ្យនេះ គេតែងធ្វើនៅក្រោយរដូវច្រូតកាត់ផងដែរ។ 
 
មេភូមិបង្កោង លោក ព្រេជ ឃិន លើកឡើងថា ការចុះចាប់ត្រីក្នុងបឹងអភិរក្សនេះ អនុញ្ញាតឱ្យអ្នកភូមិប្រើ​ត្រឹមឧបករណ៍បុរាណតែប៉ុណ្ណោះ មានអង្រុត ឈ្នាង និងសំណាញ់ជាដើម។ ថ្នាក់គ្រប់គ្រងភូមិ នឹងប្រកាស​កំណត់​យកពេលវេលាសមស្របណាមួយក្នុងខែមាឃ ដើម្បីឱ្យពលរដ្ឋ ត្រៀមសម្រាប់​ពិធីចាប់ត្រីនេះ។  លោកបញ្ជាក់ថា នៅថ្ងៃនោះ អ្នកភូមិមកជាលក្ខណៈគ្រួសារ ប្រើជំនាញរបស់ខ្លួនដើម្បី ចាប់ត្រី និងភាគច្រើនចម្អិនហូបនៅហ្នឹងកន្លែងនោះ ហើយមួយផ្នែកទៀត ទុកធ្វើសម្លនំបញ្ចុកយកទៅ ឡើងមាឃនៅសាលាឆទាននាថ្ងៃបន្ទាប់។ 
 
មេភូមិបង្កោង លោក ពេជ្រ ឃិន 
 
គណៈគ្រប់គ្រងភូមិបានរាយសម្រាស់នៅចំណុចខ្លះក្នុងបឹង ដោយមិនអនុញ្ញាតឱ្យពលរដ្ឋចាប់ត្រី ក្បែរនោះឡើយ។ គេនឹងចាប់ត្រីក្នុងសម្រាស់នោះ ទុកជាត្រីរួម សម្រាប់ចម្អិនហូបរួមនៅថ្ងៃឡើងមាឃ។
 
លោក ពេជ្រ ឃិន ពន្យល់ថា បុណ្យចាប់ត្រី និងឡើងមាឃ ត្រូវបានចាស់ទុំធ្វើតៗគ្នាយូរលង់មកហើយ ដោយលោកមិនចាំថា កកើតពីឆ្នាំណាមកឡើយ។ ចាប់ពីដឹងក្ដីមក លោកឃើញចាស់ទុំធ្វើពិធីនេះ និងរហូតដល់សព្វថ្ងៃ គឺខកខានធ្វើតែនៅសម័យសង្រ្គាមប៉ុណ្ណោះ។ លោក ពេជ្រ ឃិន៖«ធ្លាប់ឃើញចាស់ៗជំនាន់មុនគាត់ធ្វើ ជាប្រពៃណីរបស់ខ្មែរ ធ្វើតែតាមគាត់ដឹកនាំ។ កាលយើងនៅតូចៗឃើញគាត់ធ្វើ»។
 


ម៉ោង៧ព្រឹក មេភូមិបានឱ្យសញ្ញាជាការដុតកាំជ្រួច ប្រកាសឱ្យពលរដ្ឋអាចចុះទឹកព្រមគ្នា ចាប់ផ្តើមចាប់ត្រីតែម្ដង។ នៅឆ្នាំនេះ ពិធីបុណ្យចាប់ត្រីត្រូវបានពន្យារពេលរហូតដល់ថ្ងៃ១១កើត ខែមាឃ ដែលត្រូវនឹងថ្ងៃទី១ កុម្ភៈ។ 
 
យុវជន យឿន ដារ៉ា ដែលមកចូលរួមក្នុងពិធីបុណ្យចាប់ត្រីបាននិយាយថា ខ្លួនក៏មិនដឹងថា បុណ្យនេះចាប់កំណើតនៅពេលណាដែរ គេបានឃើញចាស់ៗធ្វើរហូតមក។ យុវជននេះយល់ថា បុណ្យនេះបានបង្ហាញពីសាមគ្គីភាពរវាងអ្នកភូមិ តាមរយៈការចាប់ត្រី និងយកអាហារម្នាក់បន្ដិចៗប្រារព្ធ ពិធីនៅសាលាឆទាន។
 
ជាអ្នកជំនាន់ក្រោយមួយរូប ដារ៉ា តាំងចិត្តថានឹងរក្សាទំនៀមនេះតទៅអ្នកជំនាន់ក្រោយទេ ដោយមិនឱ្យបាត់បង់ឡើយ។ 
 
មេភូមិបង្កោងលោក ពេជ្រ ឃិន បញ្ជាក់ថា នៅពេលដល់វេលានៃពិធីបុណ្យក្នុងភូមិម្ដងៗ ដូចជាចាប់ត្រី ឬឡើងមាឃ អ្នកភូមិមិនដែលរំលង​ឡើយ ទោះពួកគេរវល់ ឬនៅកន្លែងឆ្ងាយពីភូមិ ក៏ពួកគេលៃលក​មកចូលរួមបុណ្យឱ្យខានតែបាន៕
 



 

Tag:
 បុណ្យចាប់ត្រី
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com