អន្តរជាតិ
ប្រធាន CIA ព្រមានកុំឱ្យមើលស្រាលមហិច្ឆតាមេដឹកនាំចិនចំពោះដណ្ដើមតៃវ៉ាន់
03, Feb 2023 , 9:29 pm        
រូបភាព
នាយកទីភ្នាក់ងារស៊ើបការណ៍កណ្ដាល William Burns ។ រូបថត AFP
នាយកទីភ្នាក់ងារស៊ើបការណ៍កណ្ដាល William Burns ។ រូបថត AFP
ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) របស់អាម៉េរិក លោក William Burns នៅថ្ងៃទី២ ខែកុម្ភៈ បានចេញសារព្រមានមិនគួរមើលស្រាលមហិច្ឆតារបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ចំពោះតៃវ៉ាន់ឡើយ បើទោះបីជាមួយរយៈចុងក្រោយនេះ សកម្មភាពចិនស្ងប់ស្ងាត់បន្តិចជុំវិញការបញ្ហាតៃវ៉ាន់ក៏ដោយ។



ពីកម្មវិធីមួយនៅឯសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) របស់អាម៉េរិក លោក William Burns វាយតម្លៃថា ប្រធានាធិបតីចិនស៊ី ជិនភីង ស្ងប់ស្ងាត់បន្តិចមួយរយៈក្រោយនេះដោយសារមើលឃើញពីបទពិសោធសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោក Burns បានព្រមានអំពីបញ្ហានេះ ដោយវាអាចក្លាយជាកំហុសដ៏ធំពេលអនាគត ប្រសិនបើមើលស្រាលមហិច្ឆតារបស់ទីក្រុងប៉េកាំងចំពោះការដណ្ដើមយកកោះតៃវ៉ាន់។
 
«តាមការប៉ាន់ស្មាននៅ CIA ខ្ញុំនឹងមិនមើលស្រាលមហិច្ឆតារបស់ប្រធានាធិបតី ស៊ី ទាក់ទងនឹងរឿងតៃវ៉ាន់ទេ»។ លោក Burns បានលើកឡើងបែបនេះក្នុងកម្មវិធីដដែល មុនបន្ថែមថា មេដឹកនាំចិនទំនងជាភ្ញាក់ផ្អើល និងមិនស្ងប់ចិត្តឡើយ ហើយកំពុងព្យាយាមទាញមេរៀនពីដំណើរការមិនល្អរបស់យោធារុស្ស៊ីនៅអ៊ុយក្រែន។ 
 
បើតាមលោក Burns តាមរយៈការស៊ើបការណ៍ អាម៉េរិកដឹងលោក ស៊ី បានបញ្ជាឱ្យយោធាចិនត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារលើកោះតៃវ៉ាន់នៅឆ្នាំ២០២៧ ខាងមុខ។ យ៉ាងណាក៏ដោយ លោក Burns សង្កត់ធ្ងន់ វាមិនសំខាន់ត្រង់លោក ស៊ី នឹងសម្រេចចិត្តបើកការវាយប្រហារនៅឆ្នាំ២០២៧ ឬ ឆ្នាំណាមួយនោះទេ តែលោកចង់ក្រើនរំលឹកពីចំពោះការយកចិត្តទុកដាក់ និងមហិច្ឆតាដ៏ខ្លាំងក្លារបស់មេដឹកនាំចិន។ លោក Burn ក៏បានហៅចិន ជាបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាម៉េរិកនាពេលបច្ចុប្បន្ន។
 
ស្របគ្នានេះ លោក Burns ព្រមានឱ្យប្រុងប្រយ័ត្នចំពោះភាពជាដៃគូគ្មានដែនកំណត់របស់រុស្ស៊ី និងចិនដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២២ មិនយូរប៉ុន្មានមុនពេលកងកម្លាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២ បានរីកដុះដាលយ៉ាងខ្លាំងពិសេសក្រោយសង្គ្រាមនៅអ៊ុយក្រែន ដោយចិនបង្កើនការទិញប្រេងឆៅយ៉ាងច្រើនពីរុស្ស៊ី ខណៈអឺរ៉ុបបន្ថយការនាំចេញពីរុស្ស៊ី។ 
 
កន្លងមក ចិន ក៏បានបដិសេធមិនថ្កោលទោសប្រតិបត្តិការរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនឡើយ។ ទោះយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំងក៏ប្រុងប្រយ័ត្ន មិនផ្តល់ការគាំទ្រជាសម្ភារដោយផ្ទាល់ដល់រុស្ស៊ីដែរ ដែលអាចនាំទុក្ខដល់ខ្លួនតាមរយៈទណ្ឌកម្មលោកខាងលិចដូចទីក្រុងមូស្គូ៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com