ជាតិ
សង្គមជាតិ
កម្ពុជា ចាប់ផ្តើមអនុវត្ត «ការឲ្យអ្នកទោសរស់នៅក្រៅឃុំ» ដោយមានការតាមមើលពីអាជ្ញាធរ
04, Feb 2023 , 11:59 am        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ
ដោយ៖ ទេពញាណ
 
កម្ពុជា ចាប់ផ្តើមអនុវត្តទោសហគមន៍ហើយ ឬនិយាយឲ្យត្រូវតាមភាសាច្បាប់ថា ទោសការងារសហគមន៍ ដោយអ្នកទោស ត្រូវអនុញ្ញាតឲ្យទៅរស់នៅក្នុងសហគមន៍របស់ពួកគេវិញ តែស្ថិតក្រោមក្រសែភ្នែករបស់អាជ្ញាធរ។ គោលបំណងធំមួយនៃការអនុវត្តទោសសហគមន៍នេះ គឺដើម្បីកាត់បន្ថយភាពចង្អៀតណែតក្នុងពន្ធនាគារ។


 
ជាជំហានដំបូង គោលការណ៍នៃទោសសហគមន៍ មិនទាន់ត្រូវអនុវត្តបានពេញលេញឬទូលំទូលាយនៅឡើយទេ ដោយត្រូវអនុវត្តក្នុងលក្ខណៈសាកល្បងសិន។ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការបង្កើតក្រុមការងារ ដើម្បីរៀបចំការដាក់ដំណើរការសាកល្បងលើការអនុវត្តទោសសហគមន៍នេះ។

យោងតាមសេចក្តីសម្រេច លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាននៃក្រុមការងារនេះ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងទៅលោកបានឡើយ ដោយសារលេខទូរស័ព្ទរបស់លោក មិនអាចហៅចូល។ 
 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗ ថា ចំនួនអ្នកទោស ដែលនឹងត្រូវដោះលែងឲ្យទៅរស់នៅក្នុងសហគមន៍របស់ពួកគេ មិនទាន់ត្រូវបានកំណត់ជាក់លាក់នោះទេ។ លោក គ្រាន់តែអាចពន្យល់ថា ក្នុងការសាកល្បងអនុវត្តទោសសហគមន៍នេះ អ្នកទោស ដែលនឹងត្រូវដោះលែង ភាគច្រើនគឺជាអនីតិជន (ក្រោម១៨ឆ្នាំ) និងជាអ្នកទោស ដែលប្រព្រឹត្តបទល្មើសស្រាល (ទោសមជ្ឈិម)។ 
 
លោក បញ្ជាក់ថា ទោះរស់នៅក្រៅឃុំ តែពួកគេ នៅតែជាអ្នកទោសដដែល។ លោក បន្តថា ពេលត្រូវបានដោះលែង អ្នកទោសទាំងនោះ ប្រហែលជាមិនត្រូវបានដាក់ឲ្យរស់នៅក្នុងតំបន់ណាមួយជាមួយគ្នាឡើយ ដោយប្រហែលជាត្រូវឲ្យទៅរស់នៅក្នុងលំនៅឋានរបស់ពួកគេរៀងៗខ្លួនវិញ ហើយត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ រួមទាំងអាជ្ញាធរមូលដ្ឋាន។

លោកអគ្គនាយករងរូបនេះ សង្កត់ដូច្នេះថា៖«ព័ត៌មានស្តីពីទីលំនៅឋានអចិន្ត្រៃយ៍ ដែលពួកគាត់ស្នាក់នៅ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីស្រួលពិនិត្យ»។ 
 
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ក្នុងពិធីមួយកាលពីឆ្នាំ២០២២ថា នគរបាល និងអាជ្ញាធរមូលដ្ឋាន មានភារកិច្ចពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ពីការដោះលែងអ្នកទោសឲ្យរស់នៅក្នុងសហគមន៍ និងចៀសវាងរើសអើងអ្នកទោសទាំងនោះ។ សម្តេច ថ្លែងដូច្នេះថា៖«[អ្នកទោស] ចេញពីពន្ធនាគារខេត្តនីមួយៗ យើងដឹងហើយ។ ពន្ធនាគារ ត្រូវតែចង្អុលបង្ហាញប្រាប់ទៅកន្លែងណាថា អ្នកនេះ ស្រុកកំណើតនៅឯណា ដើម្បីគេតាមដាន។ តាមដានក្នុងន័យថា ដើម្បីឲ្យពួកគាត់កែប្រែ»។  
 
លោក កើត រិទ្ធ ចែងក្នុងសេចក្តីសម្រេចថា ភារកិច្ចរបស់ក្រុមការងារខាងលើ រួមមាន សិក្សាស្រាវជ្រាវពីលក្ខខណ្ឌ និងនីតិវិធី ដែលពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការអនុវត្តទោសសហគមន៍, តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលការណ៍ណែនាំ និងសកម្មភាពដែលពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការអនុវត្តទោសសហគមន៍, កំណត់តំបន់ ដែលត្រូវដាក់ឲ្យដំណើរការសាកល្បងលើការអនុវត្តទោសសហគមន៍, រៀបចំផ្សព្វផ្សាយពីការដាក់ឲ្យដំណើរការអនុវត្តទោសសហគមន៍ ។ល។
 
លោក នុត សវនា អះអាងថា កម្ពុជា សិក្សាប្រមាណជា១០ឆ្នាំមកហើយ ពោលគឺ តាំងពីឆ្នាំ២០១៣មកម្ល៉េះ ទម្រាំអាចដាក់ឲ្យអនុវត្តទោសសហគមន៍ជាជំហានដំបូង ឬក្នុងជំហានសាកល្បងនាពេលនេះ៕ 

Tag:
 ទោសសហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com