ជាតិ
សង្គមជាតិ
មន្រ្តីសង្គមស៊ីវិលនិងអ្នកបរិស្ថាន ស្នើឲ្យរដ្ឋពិនិត្យរបងលើឆ្នេរអូរឈើទាលឡើងវិញ ទោះជាដីឯកជនក៏ដោយ
04, Feb 2023 , 12:59 pm        
រូបភាព
របង ដែលមហាជនរិះគន់ ថាសង់ជាប់នឹងឆ្នេរសមុទ្រនៅឆ្នេរឈើទាល សង្កាត់ទី៤ ក្រុងព្រះសីហនុ។ រូបពី បណ្ដាញសង្គម
របង ដែលមហាជនរិះគន់ ថាសង់ជាប់នឹងឆ្នេរសមុទ្រនៅឆ្នេរឈើទាល សង្កាត់ទី៤ ក្រុងព្រះសីហនុ។ រូបពី បណ្ដាញសង្គម
ភ្នំពេញ៖ ទោះបីជារដ្ឋសម្រេចផ្ដល់ដីសម្បទាននៅតំបន់ឆ្នេរឲ្យទៅនរណា ក៏មិនគួរអនុញ្ញាតឲ្យសង់សំណង់អគារ ឬរបងព័ទ្ធ ដែលនាំឲ្យខូតទ្រង់ទ្រាយដើមនៃឆ្នេរ រួមទាំងប៉ះពាល់ដល់ប្រយោជន៍សាធារណៈឡើយ។ តាមការយល់ឃើញរបស់មន្រ្តីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន រដ្ឋគួរពិចារណាដកហូតដីនោះមកវិញ។

 
កន្លងមក ឆ្នេរសមុទ្រនៅកម្ពុជា ធ្លាប់ជាប់ជាឆ្នេរស្អាតជាងគេ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរ។ ហេតុនេះ ដីតំបន់ឆ្នេរ បម្រើប្រយោជន៍ដល់សាធារណៈ ពុំគួរក្លាយជាដីសម្បទានឡើយ។ លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន យល់បែបនេះ ហើយរិះគន់ អ្នកដែលធ្វើរបងលើឆ្នេរអូរឈើទាលផងដែរ។ 


លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន។ រូបពី ហ្វេសប៊ុកលោក ម៉ាឡា
 
ពុំមែនតែលោក សាន់ ម៉ាឡា ទេ នាពេលថ្មីៗនេះ មហាជនក្នុងបណ្ដាញសង្គមបាននាំគ្នារិះគន់យ៉ាងខ្លាំងពីរឿងនេះ។ ពួកគេបាននាំគ្នាបង្ហោះរូបរបង សង់ជាប់នឹងឆ្នេរអូរឈើទាល ដែលមានចម្ងាយជាង៥ម៉ែត្រប៉ុណ្ណោះពីផ្ទៃទឹក។ «រដ្ឋគួរដកយកមកធ្វើជារបស់សាធារណៈ កុំធ្វើស្អីតាមតែចិត្ត»។ នេះជាមតិរិះគន់នៅលើរូបភាពខាងលើនេះ របស់អ្នកលេងបណ្ដាញសង្គម ដែលនាំគ្នាចែកចាយបន្តជាហូរហែ។ 
 
ពាក់ព័ណ្ធនឹងបញ្ហានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រតិកម្មទៅនឹងការរិះគន់របស់មហាជនវិញថា លោកពិបាកក្នុងការបកស្រាយណាស់ ថាតើករណីខាងលើ ខុសឬក៏ត្រូវច្បាប់។ ប៉ុន្តែ អ្វីដែល លោកបានពិនិត្យមើលតាមឯកសារ គឺទីកន្លែងដែលធ្វើរបងលើឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុនោះ មានលិខិតបញ្ជាក់ កម្មសិទ្ធិកាន់កាប់ស្របច្បាប់។


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបពីហ្វេសប៊ុកលោក ឌីម៉ង់ 
 
«គាត់(មហាជន)លើកឡើងពីភាពស្របច្បាប់ ឬមិនស្របច្បាប់ ការផ្ដល់ឲ្យស្របច្បាប់ឬមិនស្របច្បាប់ គឺមិនមែនអាជ្ញាធរដែនដីខ្ញុំទេ គឺខាងជំនាញ ព្រោះអ្វីដែលយើងដឹង កន្លែងហ្នឹង ទីតាំងហ្នឹងជារបស់នគរបាលការពារព្រំដែនទឹក ហើយមិនមែនជាទីសាធារណៈទេ»។ នេះជាការលើកឡើងរបស់អភិបាលរងខេត្តព្រះសីហនុ ដោយបន្ថែមថា អំឡុងឆ្នាំ២០០៨ ក្រុមហ៊នឯកជនមួយបានដោះដូរយក ដីទីតាំងនគរបាលការពារជើងទឹក តាមច្បាប់ត្រឹមត្រូវ និងបានចេញជាប័ណ្ណកម្មសិទ្ធិផងដែរ។ 
 
ដូច្នេះ លោក អះអាងថា លោកពុំដឹងច្បាស់ពីរឿងរ៉ាវនាពេលនោះយ៉ាងណាឡើយ។ «អ្វីដែលដឹង គឺឆែកមើលទៅឃើញថា ទីតាំងនោះ មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ហើយមហាជន រិះគន់ថាខ្ញុំនឹងធ្វើឲ្យទៅជាស្របច្បាប់ មិនមែនខ្ញុំឯណា ខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់ថា ទីតាំងហ្នឹងគឺជាទីតាំងស្របច្បាប់ មានកម្មសិទ្ធិ»។ លោក ឡុង ឌីម៉ង់ សង្កត់ធ្ងន់បែបនេះ ហើយលើកឡើងថា ទីតាំងដែលមហាជនរិះគន់ កន្លងមកក៏ធ្លាប់មានរបងដែរ គ្រាន់តែមានការខូចខាតមួយខ្លះ ទើបម្ចាស់កម្មសិទ្ធិដីនោះ ស្នើធ្វើរបងឡើងវិញលើទំហំកម្មសិទ្ធិដីដដែលប៉ុណ្ណោះ។ 
 
ចំណែក ព័ត៌មានលម្អិតថា តើដីនោះជារបស់ក្រុមហ៊ុន ឬបុគ្គលណា លោកពុំអាចបញ្ជាក់បាននោះទេ ព្រោះជាករណីឯកជន។ ដោយឡែក ដីនោះ គ្រោងនឹងអភិវឌ្ឍអ្វី លោកក៏ពុំដឹងច្បាស់ដែរ ដោយគ្រាន់តែដឹងថា ចាប់តាំងពីផ្ទេរកម្មសិទ្ធិដីនោះមកពុំឃើញមានដំណើរការអភិវឌ្ឍអ្វីគួរឲ្យកត់សម្គាល់ឡើយ។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំមិនឆ្លើយតបនឹងករណីខាងលើ ដោយរុញឲ្យសាកសួរខាងក្រសួងដែនដី និងមន្ត្រីនៅខេត្តព្រះសីហនុ។ ប៉ុន្តែ លោក សេង ឡូត ជាអ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មិនទាន់អាចឆ្លើយតបនឹងសារព័ត៌មានថ្មីៗឡើយ ដោយលោក សុំពេលពិនិត្យមើលឯកសារ និងសាកសួរទៅមន្ត្រីមូលដ្ឋានបន្ថែមសិន។
 
បើសម្បត្តិសាធារណៈរបស់រដ្ឋកន្លែងណាមួយ ពុំមានប្រយោជន៍សម្រាប់សាធារណជន រដ្ឋមានសិទ្ធិ កែប្រែសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីផ្ដល់សម្បទាន ដល់ក្រុមហ៊ុនឬបុគ្គលណាមួយ។ ប៉ុន្តែ ទីតាំងឆ្នេរសមុទ្រ ពិសេសតំបន់ឆ្នេរអូរឈើទាល ជាកន្លែងទេសចរណ៍ និងមានប្រយោជន៍ដល់មនុស្សទូទៅ ដូច្នេះ ពុំគួរមានការដោះដូរ ឬធ្វើសម្បទានឡើយ។ ទាំងនេះ គឺជាការយល់ឃើញដូចគ្នារបស់លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន និង លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ។ 
 
«រដ្ឋគួរពិនិត្យឡើងវិញ មិនគួរឲ្យមានការសង់របងបែបនេះឡើង មើលឃើញវាទើសភ្នែក ខណៈឆ្នេរសមុទ្រកម្ពុជាធ្លាប់ជាប់ជាឆ្នេងស្អាតជាងគេ»។ តាមរយៈសារព័ត៌មានថ្មីៗ លោក សាន់ ម៉ាឡា ផ្ញើសារបែបនេះទៅរដ្ឋាភិបាល។  
 
ចំណែក លោក អំ សំអាត ថ្លែងថា ការផ្ដល់ដីសម្បទាននៅតំបន់ឆ្នេរ គឺអាចធ្វើទៅបាន ប៉ុន្តែរដ្ឋត្រូវពិនិត្យនិងដាក់ការណែនាំបន្ថែម ដើម្បីរក្សាសោភ័ណភាពឆ្នេរ ព្រោះនៅពេលសាងសង់របងលើជាប់ឆ្នេរសមុទ្រ គឺប៉ះពាល់ដល់ប្រយោជន៍សាធារណជនជាធំ។ 
 
«រដ្ឋអាចផ្ដល់ដីសម្បទានបាន តែគួររៀបចំឱ្យរក្សាទម្រង់ដើម គ្រាន់តែកែលម្អសោភ័ណភាព ដើម្បីធ្វើអាជីវកម្ម ពុំគួរសង់សំណងធ្វើរបងឲ្យខូចសោភ័ណឆ្នេរបែបនេះឡើយ។ បើបែបនេះ រដ្ឋក៏គួរពិចារណា ដកហូតឬបញ្ចប់សម្បទានវិញ»។ នេះជាការលើកឡើងរបស់លោក អំ សំអាត ហើយលោកបន្ថែមថា នៅកម្ពុជា នៅពេលរដ្ឋផ្ដល់ដីសម្បទាន ឬជួលឲ្យក្រុមហ៊ុនណាមួយ គឺពិបាកស្វែងរកព័ត៌មានណាស់ថា ជាដីសម្បទានប្រភេទណា៕ 
 

Tag:
 សង្គម
  ឆ្នេរ
© រក្សាសិទ្ធិដោយ thmeythmey.com