កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ ប៉ូឡូញរំពឹងប្រទេសចំនួន ៤០ បដិសេធអត្តពលិករុស្ស៊ីចូលប្រកួតវិញ
04, Feb 2023 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីកីឡាប៉ូឡូញលោក Kamil Bortniczuk នៅថ្ងៃទី២ ខែមករា រំពឹងប្រទេសយ៉ាងហោចណាស់ ៤០ នឹងចេញមកប្រឆាំងជុំវិញការអនុញ្ញាតិអត្តពលិករុស្ស៊ី និងបេឡារុស អាចវិលចូលការប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤។


 
នៅក្នុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍រដ្ឋមួយរបស់ប៉ូឡូញ លោក Bortniczuk បានបង្ហើបថា យ៉ាងហោចណាស់នៅសប្តាហ៍ក្រោយនឹងមានតំណាងប្រទេសចំនួន ៤០ បង្ហាញជំហរដ៏រឹងមាំប្រឆាំងនឹងបញ្ហាអត្តពលិករុស្ស៊ី បេឡារុស។
 
«ខ្ញុំគិតថាសប្តាហ៍ក្រោយនេះ ជំហរដ៏ម៉ឺងម៉ាត់ចំពោះតំណាងមកពីប្រទេសទាំង ៤០ នេះនឹងងើបឡើងតវ៉ាប្រឆាំង។ ជំហរនេះនឹងប្រឆាំងយ៉ាងច្បាស់លាស់ចំពោះការចូលរួមរបស់ជនជាតិរុស្ស៊ី និងបេឡារុស ក្នុងការប្រកួតកីឡាអូឡាំពិក។»។ នេះបើតាមសម្តីលោក Bortniczuk។ 
 
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីកីឡាប៉ូឡូញរូបនេះ ក៏ជឿជាក់ថា ប្រទេសដែលបានចូលរួមងើបឈរប្រឆាំងនឹងការវិលមកការប្រកួតពីសំណាក់រុស្ស៊ី និងបេឡារុស នឹងមានសមាជិកនៃតំបន់អឺរ៉ុប រួមទាំងសមាជិកនៃចក្រភពអង់គ្លេសផង។ រដ្ឋមន្រ្តីដដែលរូបនេះក៏បានលើកឡើងអំពាវនាវទៅកាន់អាម៉េរិកផងដែរបើទោះ បីសេតវិមានកាលពីថ្ងៃទី២ ខែមករា បាននិយាយថានឹងអនុញ្ញាតិឱ្យអត្តពលិករុស្ស៊ី និងបេឡារុសវិលចូលប្រកួតវិញ ក្រោមទង់អូឡាំពិកដ៏ដោយ។ 
 
ទាក់ទងការអនុញ្ញាតនេះលេខាធិការផ្នែកសារព័ត៌មានអាម៉េរិក អ្នកស្រី Karine Jean-Pierrre បានប្រាប់អ្នកកាសែតដូច្នេះថា៖«សហរដ្ឋអាម៉េរិកបានគាំទ្រការហាមឃាត់ស្ថាប័នគ្រប់គ្រងកីឡាជាតិរុស្ស៊ី និងបេឡារុស ពីសហព័ន្ធកីឡាអន្តរជាតិនានា។ យ៉ាងណាមិញ ប្រសិនបើអត្តពលិកត្រូវបានអញ្ជើញចូលរួមការប្រកួតអន្តរជាតិ ដូចជាអូឡាំពិក វាគួរឱ្យប្រកដថាពួកគេនឹងមិនតំណាងឱ្យប្រទេសរុស្ស៊ី ឬក៏បេឡារុសនោះឡើយ។ ការប្រើប្រាស់ឈ្មោះផ្លូវការរុស្ស៊ី ទង់ជាតិ រូបតំណាង និងភ្លេងជាតិក៏ត្រូវបានហាមឃាត់ដូចគ្នា។»។
 
ថ្មីៗនេះ មានការលើកឡើងជាច្រើនអំពីរឿងរ៉ាវព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ នៅប៉ារីស។ រឿងរ៉ាវនៃជម្លោះបានកើតឡើងរវាងគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) និងអ៊ុយក្រែន លើបញ្ហានៃអត្តពលិករុស្ស៊ី និងបេឡារុសនេះ។
 
អ៊ុយក្រែនបានអំពាវនាវបន្តហាមឃាត់ក្រុមអត្តពលិកដែលមកពីប្រទេសទាំងពីរនោះ ដរាបណាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់។ មកដល់ពេលនេះសង្គ្រាមក្នុងអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ីមានរយៈពេល ១១ខែរួចមកហើយ។ 
 
កាលពីសប្តាហ៍មុននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកំពូល IOC ហាក់បីបង្ហាញភ្លើងខៀវសម្រាប់ឱកាសវិលត្រលប់មកការប្រកួតវិញរបស់អត្តពលិករុស្ស៊ី និងបេឡារុស ប៉ុន្តែការប្រកួតនោះគឺត្រូវស្ថិតក្រោមរូបភាពទង់នៃអូឡាំពិក និងទង់អត្តពលិក។ អត្តពលិករុស្ស៊ី និងបេឡារុស ទទួលបានការអនុញ្ញាតឱ្យវិលចូលការប្រកួតនៅតំបន់អាស៊ី។
 
រដ្ឋមន្ត្រីកីឡារបស់អ៊ុយក្រែនក៏បានប្រមានទៅកាន់ IOC ថា ប្រទេសអ៊ុយក្រែនអាចនឹងដកខ្លួនចេញពីការប្រកួតអូឡាំពិករដូវក្តៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០២៤ ប្រសិនបើមានវត្តមានរុស្ស៊ី និងបេឡារុស។ ថែមទាំងបានចោទប្រកាន់ IOC ថាគាំទ្រដល់រុស្ស៊ីឈ្លានពានអ៊ុយក្រែន ប៉ុន្តែ IOC បានឆ្លើយតបដោយបានច្រានចោលការរិះគន់ទាំងអស់នេះ៕
 

Tag:
 Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com