ជាតិ
អន្ទាក់សម្លាប់សត្វព្រៃជាបន្តបន្ទាប់ បានបង្កើនក្តីបារម្ភសម្រាប់ការសង្គ្រោះ និងការអភិរក្ស
05, Feb 2023 , 11:19 am        
រូបភាព
សត្វព្រៃងាប់បន្តបន្ទាប់ដោយសារអន្ទាក់បានបង្កើនក្តីបារម្ភសម្រាប់ការសង្គ្រោះ និងការអភិរក្ស
សត្វព្រៃងាប់បន្តបន្ទាប់ដោយសារអន្ទាក់បានបង្កើនក្តីបារម្ភសម្រាប់ការសង្គ្រោះ និងការអភិរក្ស
ដោយ:
ភ្នំពេញ៖ ត្រឹមខែមករា ឆ្នាំ២០២៣ មានសត្វព្រៃ ៣ក្បាល បានងាប់ដោយសារអន្ទាក់នៅតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ សត្វទាំងនោះ ត្រូវបានជួយសង្គ្រោះដោយអ្នកជំនាញ ប៉ុន្ដែជាអកុសល គ្មានលទ្ធភាព អាចរក្សាជីវិតរបស់ពួកវាបាន។ បញ្ហានេះ កំពុងធ្វើឱ្យអ្នកអភិរក្សព្រួយពីសុវត្ថិភាពរបស់សត្វដទៃទៀតដែលរស់នៅក្នុងព្រៃធម្មជាតិ។


 
លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា សត្វព្រៃរងគ្រោះដោយសារការលួចបរបាញ់ និងដាក់អន្ទាក់ពីសំណាក់ជនខិលខូចនៅតែមាន។ លោក បន្តថា អន្ទាក់ដែលគេដាក់ មិនមែនមួយ ឬពីរទេ ប៉ុន្ដែមានរាប់ពាន់អន្ទាក់នៅក្នុងព្រៃ។

លោក និក ម៉ាក ជានាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

លោក និក បញ្ជាក់ដូច្នេះ៖ «ខ្ញុំមិនដឹងថា និយាយបែបណា ទាក់ទងនិងបញ្ហាសត្វជាប់អន្ទាក់ រហូតដល់បណ្ដាលឱ្យងាប់ជាបន្តបន្ទាប់។ យើងព្យាយាមជួយសង្គ្រោះណាស់ មិនថានៅឆ្ងាយប៉ុណ្ណា ត្រូវបញ្ជូនក្រុមការងារចុះទៅសង្គ្រោះ និងរកវិធីសាស្រ្តជួយជីវិតសត្វ»។
 
បើតាមលោក និក មានវិធីសាស្រ្តច្រើនដែលសាធារណជន អាចចូលរួមក្នុងកិច្ចការពារ និងអភិរក្ស ដើម្បីរក្សាជីវិតសត្វព្រៃនៅកម្ពុជារួមមាន បញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់ ជាពិសេសឈប់បរិភោគសាច់សត្វព្រៃ ហើយចូលរួមរក្សាព្រៃដែលជាជម្រករបស់វា ដោយចិត្តស្រឡាញ់ និងស្ដាយស្រណោះនៅពេលបាត់បង់ជីវិតសត្វព្រៃ។
 
លោក សេក សេង អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះ នៃរដ្ឋបាលព្រៃឈើ បាននិយាយថា ដំណើរនៃការសង្គ្រោះសត្វព្រៃអាចពិបាកជាងសង្គ្រោះសត្វស្រុកធម្មតា។ ពិសេសសត្វជាប់អន្ទាក់ដែលមានរបួសជាប់ខ្លួន។ 
«សត្វព្រៃទោះជាយ៉ាងណា ក៏ពិបាកព្យាបាលជាងសត្វស្រុកដែរ។ វារអើលខ្លាំង និងមិនងាយស៊ាំនឹងមនុស្សឡើយ។ លើសពីនោះនៅពេលព្យាបាលម្ដងៗត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់តិចបំផុត»។ នេះជាការលើកឡើងរបស់លោក សេង។ 

លោក សេក សេង អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះ នៃរដ្ឋបាលព្រៃឈើ

ទន្ទឹមនេះ លោកបានបន្ថែមថា សត្វជាប់អន្ទាក់ និងមានរបួសពិតជាពិបាកក្នុងការជួយសង្គ្រោះ ហេតុផលអាចមានបីយ៉ាងគឺ ទីមួយ របួសអាចជាបញ្ហាធ្វើឱ្យសុខភាពសត្វចុះខ្សោយ។ ទីពីរ អំឡុងពេលឈឺនោះ សត្វអាចមានសម្ពាធផ្លូវអារម្មណ៍ និងទីបីបញ្ហាខ្វះអាហារូបត្ថម្ភ ក៏ជាករណីគ្រោះថ្នាក់ដែរ។  

លោក សារ ថ្លៃ ជាប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ

ជាមួយគ្នានេះ លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសកម្មការពារ និងថែរក្សាប្រភេទសត្វព្រៃគ្រប់ប្រភេទ ដែលមាននៅក្នុងប្រទេសកម្ពុជា។ សកម្មភាពចូលរួមរបស់សាធារណជន ជាកម្លាំងចលករដ៏មានឥទ្ធិពល សម្រាប់ការរក្សាជីវិតសត្វព្រៃឱ្យមានជាបន្តនៅក្នុងព្រៃធម្មជាតិ។
 
គិតត្រឹម៣០ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៣នេះ មានសត្វទន្សោងពីរក្បាល និងខ្ទីងមួយក្បាលបានងាប់ដោយសារអន្ទាក់។ 
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ បញ្ហាដាក់អន្ទាក់សត្វ ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័នបានកើនជាង៥០ភាគរយ បើធៀបនឹងឆ្នាំ២០២១។ បញ្ហានេះ បានក្លាយជាបញ្ហាប្រឈម ដែលកំពុងគំរាមកំហែងខ្លាំងដល់ជីវិតសត្វព្រៃប្រភេទកម្រ៕
 

Tag:
 សត្វព្រៃ
  ស្លាប់
  ដោយសារអន្ទាក់
© រក្សាសិទ្ធិដោយ thmeythmey.com