អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ាន ជំរុញឱ្យរបបសឹកអនុវត្តការឯកភាពទាំង៥ចំណុច 
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្រុងហ្សាការតា ក្នុងថ្ងៃទី៤ ខែកុម្ភៈ។ រូបភាពយកពី Twitter រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី
×![]()
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៤ ខែកុម្ភៈ បានជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ាអនុវត្តការឯកភាព ៥ចំណុច ដែលបានដាក់ចេញនៅក្នុងខែមេសា ឆ្នាំ២០២១ កន្លងមក ដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងរៀបចំស្ថិរភាពនៅប្រទេសមួយនេះឡើងវិញ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោមឥណ្ឌូណេស៊ីជាប្រធានផ្លាស់វេន បានបញ្ចប់ហើយនៅក្នុងថ្ងៃទី៤ ខែកុម្ភៈ។ ក្នុងកិច្ចប្រជុំនេះ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានក្លាយជារបៀបវារៈដ៏សំខាន់។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានអះអាងថា ក្រុងហ្សាការតា បានស្នើឱ្យរបបសឹកមីយ៉ាន់ម៉ាអនុវត្តផែនការសន្តិភាពទាំង ៥ចំណុច ទៅកាន់រដ្ឋមន្រ្តីការបរទេសអាស៊ាន។
«ការគាំទ្រដ៏ធំ ត្រូវបានទទួលពីរដ្ឋសមាជិកទាំងអស់លើគម្រោងនេះ»។ ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយមិនបានពីក្តីសង្ឃឹម ថាតើយោធាមីយ៉ាន់ម៉ា នឹងត្រូវអនុវត្តការឯកភាពទាំង៥ ដោយរបៀបណាឡើយ។
បើតាមលោកស្រី Marsudi ផែនការនេះ គឺពិតជាសំខាន់ណាស់សម្រាប់អាស៊ាន ជាពិសេសប្រធាន ដើម្បីបង្ហាញពីការលើកឡើងចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា។ ការគាំទ្ររបស់រដ្ឋអាស៊ាន គឺបង្ហាញពីការរួបរួមរបស់សមាជិកអាស៊ាន ក្នុងការអនុវត្តការឯកភាព ៥ចំណុចរបស់មីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅឥណ្ឌូណេស៊ី អាស៊ាននៅតែបន្តជំហរអញ្ជើញតំណាងមិនមែនអ្នកនយោបាយមីយ៉ាន់ម៉ាចូលរួម ខណៈយោធាមីយ៉ាន់ម៉ា មិនបានបញ្ជូនអ្នកតំណាងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com