ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ស្ដេចគ្រប់គ្រងតំបន់ទាំង១២នាសម័យអង្គរ ត្រូវនាំសួយសាអាករប្រចាំតំបន់ខ្លួន ថ្វាយព្រះមហាក្សត្រ
05, Feb 2023 , 8:59 pm        
រូបភាព
បុព្វបុរសខ្មែរសាងសង់ប្រាសាទសួរព្រ័ត្រ ចំនួន១២ដូចៗគ្នា នៅទល់មុខព្រះលានជល់ដំរី ដើម្បីសម្គាល់អំណាចទេពរបស់តំបន់ទាំង១២ នៃចក្រភពខ្មែរសម័យអង្គរ។ ម្យ៉ាងប្រាសាទនេះ ក៏មានទំនាក់ទំនងជាមួយកិច្ចពិធីប្រពៃណីមួយ ធ្វើឡើងនៅលានជល់ដំរី ដែលស្ដេចតាមតំបន់ទាំង១២ ត្រូវនាំសួយសាអាករប្រចាំតំបន់ខ្លួនមកថ្វាយព្រះមហាក្សត្រ និងធ្វើសបថផងដែរ។

 
ប្រាសាទសួរព្រ័ត្រ ឬប្រាសាទនាង១២ ត្រូវបានសាងសង់ឡើងនាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ ត្រូវបានសង់ពីថ្មបាយក្រៀមក្នុងរចនាបថ និងទំហំប៉ុនៗគ្នាចំនួន១២ នៅទល់មុខព្រះលានជល់ដំរី ដែលជាអតីតវេទិកាសំខាន់នាសម័យអង្គរ។ 
 
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា ពន្យល់ថា ប្រាសាទសួរព្រ័ត្រ ឬប្រាសាទនាង១២ ត្រូវបានសាងសង់ឡើងមិនមែនដើម្បីគោរពបូជាឱ្យស្ដេច ឬឥស្សរជនអង្គណាឡើយ ប៉ុន្តែសម្រាប់សម្គាល់អំណាចទេពរបស់តំបន់ទាំង១២នៃចក្រភពខ្មែរនាសម័យនោះ។ នាសម័យអង្គរចក្រភពខ្មែរទាំងមូល ត្រូវបានបែងចែកជា១២តំបន់ផ្សេងៗគ្នា ហើយនៅតាមតំបន់នីមួយៗមានព្រះ ឬទេពឃុំគ្រង ការពារខុសៗពីគ្នាផងដែរ។


 
«គោលដៅនៃប្រាសាទនេះ គឺតម្កល់នៃអំណាចតំណាងជាទេព ជាព្រះផ្សេងៗ។ មិនមានព្រះណាមួយដូចគ្នាទេ! អាចមានជារូបអ្នកតា វីរបុរស ឬបុព្វការីជន ដែលមានគុណ ឬលេចធ្លោជាងគេក្នុងប្រវត្តិសាស្រ្ត ដែលគេគោរពបូជាតាមតំបន់នីមួយៗ។ គេយកមកដាក់នៅប្រាសាទទាំង១២នេះ»។ នេះជាការលើកឡើងរបស់លោកបុរាណវិទូ អ៊ឹម សុខរិទ្ធី។
 
លើសពីទីតាំងតំណាងទេព ឬព្រះប្រចាំតំបន់ទាំង១២ ប្រាសាទសួរព្រ័ត្រ ក៏មានទំនាក់ទំនងជាមួយកិច្ចពិធីប្រពៃណីមួយឈ្មោះថា ពិធីតាំងតុ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅព្រះលានជល់ដំរីផងដែរ។ ពិធីតាំងតុ ធ្វើឡើងនាចុងរដូវប្រមូលផល ដែលស្ដេចគ្រប់គ្រងតំបន់ទាំង១២ ត្រូវនាំយកសួយសាអាករប្រចាំតំបន់ខ្លួន មកថ្វាយព្រះមហាក្សត្រ និងដាក់តាំងបង្ហាញនៅលានជល់ដំរី។ បន្ទាប់ពីនោះ ផលិតផលទាំងអស់ត្រូវយកទៅតម្កល់ទុកក្នុងប្រាសាទព្រ័ត្រទៅតាមតំបន់នីមួយៗ។ ដូច្នេះមានន័យថា ប្រាសាទនេះ ក៏ជាព្រះរាជឃ្លាំងតំណាងនៃតំបន់ទាំង១២ផងដែរ។


 
បុរាណវិទូ អ៊ឹម សុខរិទ្ធី ពន្យល់បន្ថែមថា សួយសាអាករមកពីតំបន់ទាំង១២នោះ អាចជាផលិតផលផ្សេងៗគ្នា មានស្រូវ ពោត សណ្ដែក និងថ្នាំជាដើម សម្រាប់ផ្គត់ផ្គង់ក្នុងរាជធានីអង្គរ និងសម្រាប់ផ្ដល់ទៅឱ្យតំបន់ ដែលខ្វះផលិតផលណាមួយផងដែរ។ បុរាណវិទូរូបនេះ សង្កត់ធ្ងន់ថា ត្រង់ចំណុចនេះសំខាន់នៅក្នុងប្រវត្តិសាស្រ្ត ដែលបង្ហាញពីរបៀបគ្រប់គ្រងចក្រភពទៅតាមប្រព័ន្ធមណ្ឌលរបស់ស្ដេចចក្រពត្តិនាសម័យអង្គរ។
 
មិនត្រឹមតែនាំយករបស់របរមកថ្វាយស្ដេចនោះឡើយ មន្រ្តីក្រមការតំណាងតំបន់ទាំង១២ ក៏បានធ្វើសបថ បង្ហាញភក្ដីភាពចំពោះការងាររាជកិច្ច ប្ដេជ្ញាបម្រើជាតិដោយសេចក្ដីស្មោះត្រង់ នៅចំពោះមុខព្រះមហាក្សត្រ នាពិធីតាំងតុផងដែរ។ 


 
លោកបុរាណវិទូ អ៊ឹម សុខរិទ្ធី លើកឡើងថា៖«បើយើងនិយាយតែចម្រុងចម្រើនរុងរឿង កុំគិតត្រឹមតែសាងប្រាសាទ ប៉ុន្តែអ្វីដែលនៅពីក្រោយ។ គ្រាន់តែយើងយកឧទាហរណ៍រឿងពាក្យសបថមកពិចារណាអំពីការគ្រប់គ្រងផែនដីមួយដ៏ធំទូលំលាយ របៀបហ្នឹងហើយ ដែលធ្វើឱ្យយើងអាចគ្រប់គ្រងក្ដោបក្ដាប់រាជការអំណាចបាន៦០០ឆ្នាំ»។ 
 
លោកបញ្ជាក់បន្ថែមថា ពាក្យស្បថនាពេលនោះ ត្រូវបានចម្លងទុក២ច្បាប់ មួយនៅខ្លោងទ្វារព្រះបរមរាជវាំង និងមួយទៀតនៅក្នុងប្រាសាទមួយក្នុងចំណោមប្រាសាទទាំង១២ដែលនៅទល់មុខនោះ៕



Tag:
 ប្រាសាទសួរព្រ័ត្រ
 ចក្រភពខ្មែរសម័យអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com