កីឡាអន្តរជាតិ
អន្តរជាតិ
Vinicius JR បន្តជួបប្រទះការរើសអើងជាតិសាសន៍ នាការប្រកួតចាញ់ Mallorca
06, Feb 2023 , 2:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អ្នកគាំទ្រក្រុម Mallorca ត្រូវបានគេថតបាន ជាមួយការស្រែកដោយប្រើពាក្យសម្តីរើសអើងជាតិសាសន៍ទៅកាន់ Vinicius Jr អំឡុងពេលការប្រកួត Real Madrid ចាញ់Mallorca ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Son Moix ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៣។



អ្នកគាំទ្រទាំងអស់នោះបានស្រែកសំដៅទៅកាន់កីឡាករវ័យ ២២ឆ្នាំ សញ្ជាតិប្រេស៊ីលដោយប្រើពាក្យថា«ស្វា»។ នេះបើតាមការបង្ហោះវីដេអូមួយ ដែលថតបានដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនដ៏ធំ DAZN នៅលើបណ្តាញសង្គមអ៊ិនធឺណិត។
 
ទាក់ទងបញ្ហានេះ ក្រុម Mallorca មិនទាន់បានឆ្លើយតបអ្វីឡើយ។ នៅក្នុងការប្រកួតនោះ Vinicius jr រងការប៉ះទង្គិចពីសំណាក់កីឡាករ Mallorca ចំនួន ១០លើក ។ ប៉ុន្តែបើតាមការលើកឡើងក្នុងកិច្ចសម្ភាសមួយរបស់អ្នកចាត់ការក្រុមលោក Javier Aguirre ជាមួយវិទ្យុមួយរបស់អេស្ប៉ាញថា កូនក្រុមរបស់លោកមិនបានកំណត់គោលដៅលើ Vinicius Jr នោះទេ។ 
 
Vinicius JR ធ្លាប់ត្រូវបានក្លាយជាគោលដៅរើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្រ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ នៅកីឡដ្ឋាន Camp Nou ពេលលេងទល់ Barcelona កីឡាករវ័យក្មេងរូបនេះ បានរងការរើសអើងម្តង ,លើកទីពីនៅខែកញ្ញា ឆ្នាំ ២០២២ ពេលលេងប៉ះ Atletico Madrid និង ខែធ្នូ ឆ្នាំ ២០២២ ពេលលេងទល់ក្រុម Real Valladolid។ នាទឹកដីក្រុម Mallorca ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២ បានក្លាយជារើសអើងលើកទី៤ ហើយសម្រាប់គេ។
 
កាលពីពីរសប្តាហ៍មុន ពាក់ព័ន្ធនឹងការរើសអើងលើកីឡាករម្ចាស់អាវលេខ ២០ប្រចាំ Real Madrid ក្រុមមន្ត្រីប៉ូលិសអេស្ប៉ាញក៏ធ្លាប់បានការស៊ើបអង្កេតចំពោះឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមដែលបានកើតឡើង។ ក្រុមអ្នកគាំទ្របានយករូបតុក្កតាហើយពាក់អាវលេខ ២០ របស់ Vinicius យកទៅព្យួរនៅពីមុខស្ពានក្បែរទីកន្លែងហ្វឹកហាត់របស់ក្លិប Real Madrid មុនការប្រកួត Madrid Derby មកដល់។
 
នារយៈពេលប៉ុន្មានរដូវកាលចុងក្រោយមកនេះ ​Vinicius JR ក្លាយជាគោលដៅនៃការរើសអើងជាតិសាសន៍ ហើយត្រូវបានមនុស្សជាច្រើន បានលើកឡើងយកមកនិយាយតៗគ្នា រហូតមានអ្នកគាំទ្រខ្លះទៀតវែកញ៉ែកពីបញ្ហាមួយនេះ។ Vinicius Jr តែងតែបង្ហាញទង្វើរមិនគោរពដល់គូប្រកួត ពេលដែលរូបគេអបអរគ្រាប់បាល់ដោយការរាំរែក ក្រោយស៊ុតបញ្ចូលទី ហើយអ្នកគាំទ្រទាំងនោះបានប្រៀបធៀបអាកប្បកិរិយា​នោះដូចទៅនឹងសត្វសា្វ សំដៅចំៗទៅលើ Vinicius Jr។ 
 
កីឡាករវ័យ ២២ឆ្នាំ ក៏ធ្លាប់បានឆ្លើយតបជារឿយៗវិញ ចំពោះការរើសអើងទាំងនេះថា រូបគេមិនបញ្ឈប់ទង្វើររបស់គេឡើយ រូបគេនឹងបន្តរាំអបអរសារទរគ្រាប់បាល់ដដែល។ តារាបាល់ទាត់របស់ Real Madrid រូបនេះបានពន្យល់ថា ការរាំរែកគឺជាវប្បធម៌ និងជាសុភមង្គលសម្រាប់ជនជាតិស្បែកខ្មៅប្រេស៊ីលទាំងអស់។ 
 
បញ្ហាទាំងនេះ គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti ព្រមទាំងមិត្តរួមក្រុមរបស់ Vinicius បានអំពាវនាវឱ្យអាជ្ញាធ រួមទាំងលីគ La Liga ចាត់វិធានការលើទង្វើររើសអើស ដើម្បីការពារដល់កីឡាករខ្លួន ពីសំណាក់អ្នកគាំទ្រក្រុមគូប្រជែងនានា។
 
សម្រាប់រដូវកាលនេះទៀតសោត Vinicius Jr បានរងការប៉ះទង្គិចពីកីឡាករក្រុមដទៃ ហើយរូបគេបានក្លាយជាកីឡាករ ដែលរងការប៉ះទង្គិចច្រើនជាងគេនៅក្នុង​លីគកំពូលទាំង ៧ ស្ថិតនៅតំបន់អឺរ៉ុប។ ​នេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន។ Neymar JR ជាប់លំដាប់ថ្នាក់លេខ ២ ដោយលេងនៅ Paris Saint Germain ហើយរងការប៉ះទង្គិចបង្កកំហុសពីគូប្រគួតចំនួន ៥៩លើក៕
 
 

Tag:
 Vinicius Junior
  ​Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com