ជាតិ
រាជធានី-ខេត្តចំនួន៨ នៅកម្ពុជា ទទួលបានជ័យលាភីទេសចរណ៍អាស៊ានឆ្នាំ២០២៣
06, Feb 2023 , 6:59 pm        
រូបភាព
រូបភាពពី ក្រសួងទេសចរណ៍។
រូបភាពពី ក្រសួងទេសចរណ៍។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា ទទួលបានជ័យលាភីរង្វាន់ចំនួន១៧ នៅក្នុង​វេទិកាទេសចរណ៍អាស៊ាន២០២៣ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី។ វេទិកានេះ ជា​ឱកាស​ដែល​​កម្ពុជា​ផ្សព្វផ្សាយផលិតផល និង​សក្តានុពល​ទេសចរណ៍ ជាពិសេស​តំបន់ឆ្នេរ​ ដល់ទី​ផ្សារ​ទេសចរណ៍អាស៊ាន ដើម្បី​ជំរុញ​ទេសចរ​អន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​។



វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ»។ បើតាមក្រសួងទេសចរណ៍ រាជធានី-ខេត្តចំនួន៨ បានទទួលបានជ័យលាភីរង្វាន់ស្តង់ដាអាស៊ានក្នុងវេទិកាទេសចរណ៍ រួមមាន រាជធានីភ្នំពេញ,ខេត្តកោះកុង, កំពត, ព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, ស្ទឹងត្រែង និងខេត្ត​សៀមរាប ។
 
រាជធានី-ខេត្ត ដែលបានទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានខាងលើ ជាឱកាសដើម្បីផ្សព្វផ្សាយ ផលិតផល សក្តានុពលទេសចរណ៍ក្នុងតំបន់របស់ខ្លួន​ ដល់ទីផ្សារទេសចរណ៍ អាស៊ាន ដើម្បីជំរុញទេសចរអន្តរជាតិឱ្យមកកម្សាន្តឱ្យកាន់តែច្រើនផងដែរ។
 
ជាមួយគ្នានេះ ជ័យលាភីដែលរាជធានី-ខេត្ត ទទួលបានរួមមាន ផ្ទះស្នាក់ស្តង់ដាអាស៊ានចំនួន៥ សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានចំនួន៣ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានចំនួន៥ និងសេវាស្ប៉ាស្តង់ដាអាស៊ានចំនួន៤ផងដែរ។ ទន្ទឹមក្នុងនោះ  ផ្ទះស្នាក់របស់កម្ពុជា បានជ័យលាភីស្តង់ដាអាស៊ានចំនួន៥ដែរ ក្នុងនោះរួមមាន ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត, ផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ រួម​ទាំង​ផ្ទះស្នាក់ Eagle ផ្ទះស្នាក់ Black Bear និងផ្ទះស្នាក់ Mien Mien ក្នុងខេត្តកោះកុង។
 
វេទិកាទេសចរណ៍នេះ នឹងនាំយក អ្នកជំនាញទេសចរណ៍មកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ានឱ្យ​មកកម្ពុជា។ លើសពីនេះ កម្ពុជា ​ឆ្ពោះទៅរកការស្ដារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។
 
សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ នឹងគ្រោងរៀបចំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវជា ក្រោមប្រធានបទ «ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ - ចីរភាពអនាគតអាស៊ាន»៕ 
 

Tag:
 ThmeyThmey25
 ទទួលជ័យលាភី
  ទេសចរណ៍អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com