ជាតិ
មិនផ្ដេកផ្ដួលតាមវាសនា! ស្រ្តីមានពិការភាពភ្នែក មិន ចិន្តា តស៊ូរៀនដល់ថ្នាក់អនុបណ្ឌិតនៅអូស្រ្តាលី
06, Feb 2023 , 9:59 pm        
រូបភាព
អ្នកស្រី មិន ចិន្តា និងកូនស្រី កំពុងរស់នៅប្រទេសអូស្រ្តាលី ។
អ្នកស្រី មិន ចិន្តា និងកូនស្រី កំពុងរស់នៅប្រទេសអូស្រ្តាលី ។
ភ្នំពេញ៖ អ្នកស្រី មិន ចិន្តា ជាស្រ្តីមានពិការភាពភ្នែកម្នាក់ ដែលបានទទួលអាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ Flinders ប្រទេសអូស្រ្តាលី។ ទោះបីមានកាយសម្បទាមិនគ្រប់គ្រាន់ដូចគេ តែអ្នកស្រី មិន ចិន្តា  ពុំផ្ដេកផ្ដួលតាមវាសនាឡើយ ដោយនាងបានប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីកែប្រែជីវិតឱ្យល្អប្រសើរ។ លើសពីនេះ ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ មានឆន្ទៈ ចង់ប្រើចំណេះ តាមរយៈសំឡេងខ្លួន ជួយជ្រោមជ្រែង និងដោះស្រាយបញ្ហាដល់អ្នកមានពិការភាព និងបញ្ឈប់ការរើសអើងក្នុងសង្គម។



អ្នកស្រី មិន ចិន្តា ជាស្រ្តីខ្មែរមានពិការភាពភ្នែកដំបូង ដែល​បានទទួលអាហារូបករណ៍ Australia Awards សម្រាប់ការសិក្សារយៈពេល២ឆ្នាំ លើជំនាញគោលនយោបាយ និងការអភិវឌ្ឍពិការភាព។ ថ្វីបើភ្នែកមើលមិនឃើញ  តែវាមិនមែនជារនាំងសម្រាប់អ្នកស្រី ចិន្តា ក្នុងការចាប់យកចំណេះដឹងសម្រាប់ខ្លួនឡើយ។មែនទែនទៅ អ្នកស្រី ចិន្តា បានចិញ្ចឹមចិត្តប៉ងរៀនក្រៅប្រទេសតាំងពីខ្លួន នៅថ្នាក់ឧត្តមសិក្សា។ 
  

អ្នកស្រី មិន ចិន្តា សកលវិទ្យាល័យ Flinders ប្រទេសអូស្រ្តាលី។ រូបភាពពីវីដេអូAustralia Awards ។  

ដើម្បីសម្រេចក្ដីស្រមៃដ៏ធំមួយនេះ ស្រ្តីមានពិការភាពភ្នែកវ័យ ៣៣ឆ្នាំ មិន ចិន្តា  បានជម្នះឧបសគ្គជាច្រើន ។  « ពេលគេសួរខ្ញុំថា ខ្ញុំចង់ធ្វើអ្វី ខ្ញុំតែងប្រាប់គេថា ខ្ញុំចង់រៀនក្រៅប្រទេស ទាំងដែលខ្លួនអត់ដឹងទៅផ្លូវណាទេ»។ នេះជាការអះអាងរបស់អ្នកស្រី ចិន្តា។  
 
មើលមិនឃើញ តែមានមហិច្ចតាធំ 

កើតក្នុងគ្រួសារកសិករ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល អ្នកស្រី មិន ចិន្តា ដែលជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់។ ក្នុងចំណោមបងប្អូន៤នាក់នេះ គឺ ចិន្តា និងប្អូនប្រុសម្នាក់ទៀតរបស់នាង មានពិការភាពដូចគ្នា។ រំលឹកថា កាលពីជាង១០ឆ្នាំមុន ស្ទើរតែគ្មានជនមានពិការភាពដែលមានឱកាសបានរៀនសូត្រឡើយ។ ស្ថិតក្នុងជីវភាពលំបាក​ ចិន្តា ថា ខ្លួនពិតជាមានសំណាងខ្លាំងណាស់ ដែលឪពុកម្ដាយមិនបង្អាក់ឱ្យឈប់រៀន និងតែងជំរុញទឹកចិត្តឱ្យរៀនសូត្រជានិច្ច។ 
 
ក្នុងឆ្នាំ ២០១២ ចិន្តា បានចាកចេញពីស្រុកកំណើត មកប្រើជីវិតរស់នៅក្នុងទីក្រុងភ្នំពេញ ​ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជំនាញ ចិត្តវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ វាពិតជារឿងដ៏លំបាក ជាងអ្នកធម្មតា សម្រាប់ក្មេងស្រីមានពិការភាពភ្នែកទាំងគូ ដែលត្រូវចាកឆ្ងាយពីផ្ទះម្នាក់ឯង រាប់តាំងពីការរស់នៅ និងការរៀនសូត្រជាដើម។ អ្នកស្រីចិន្តា បានឱ្យដឹងថា អ្នកស្រីត្រូវស្នាក់នៅក្នុងវត្ត ព្រោះគ្មានលទ្ធភាពជួលផ្ទះ បូករួមទាំងការហូកចុក ក៏ខ្វះមុខក្រោយ។ រីឯការសិក្សាវិញក៏មិនមានកម្មវិធី សម្រាប់ជនមានពិការភាពដែរ។ ជាងនេះ នាងក៏ត្រួវទទួលរងការបន្តុះបង្អាប់ពីមនុស្សជុំវិញខ្លួនមួយចំនួនថែមទៀត។
 
អ្នកស្រី ចិន្តា រៀបរាប់ដូច្នេះ៖ «ជំនាន់ខ្ញុំមិនសូវមានអ្នកពិការបានរៀនខ្ពស់ទេ។ អ៊ីចឹងលោកគ្រូអ្នកគ្រូខ្លះក៏គាត់ មិនទាន់បើកចិត្តទូលាយ។ មានមតិខ្លះគាត់ថា​ មករៀនធ្វើអី ពិបាកសឹងអី យើងយកពេលហ្នឹងទៅច្រៀងតាមផ្លូវបានលុយច្រើនជាងមករៀន»។
 
ឆ្លងកាត់វិថីជីវិតដ៏វែងឆ្ងាយ ស្រ្តីមានពិការភាពមកពីខេត្តកណ្ដាលរូបនេះ ថាខ្លួនទទួលរងពាក្យបន្តុះបង្អាប់រិះគន់ ក្លាយជារឿងសាមញ្ញាទៅហើយ តែយ៉ាងណា ពាក្យសម្ដីអវិជ្ជមានរាប់មិនអស់នេះ មិនអាចខារខាំងរូបនាងក្នុងការសម្រេចក្ដីស្រមៃបានឡើយ។  ហើយក្នុងឆ្នាំ២០១៦ ចិន្តា បានបញ្ចប់ការសិក្សាបានយ៉ាងជោគជ័យ។ 


 អ្នកស្រី មិន ចិន្តា និងប្អូនប្រុស ដែលមានពិការភាពភ្នែក ក្នុងថ្ងៃទទួលសញ្ញាបត្រជំនាញចិត្តវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

បន្តកសាងក្ដីស្រមៃ លើទឹកដីបរទេស 

ក្រោយស្ពាយការប្រឹងប្រែងចាប់យកការអប់រំ ដ៏ក្លៀក្លា អស់រយៈពេលជាច្រើនឆ្នាំ ស្រ្តីអ្នកខេត្តកណ្ដាលរូបនេះ មិនបានបញ្ចប់ពាក្យជោគជ័យរបស់ខ្លួនត្រឹមនេះឡើយ។ អ្នកស្រី ចិន្តា នៅតែចិញ្ចឹមចិត្តប៉ងរៀនបន្តនៅក្រៅប្រទេស។ ក្នុងឆ្នាំ២០២០ អ្នកស្រី ចិន្តា បានជាប់អាហារូបករណ៍ តាមរយៈកម្មវិធី Australia Awards សិក្សានៅប្រទេសអូស្រ្តាលីលើជំនាញគោលនយោបាយ និងការអភិវឌ្ឍពិការភាព។ 
 
តែដោយសារបញ្ហាកូវីដ ការសិក្សារបស់ អ្នកស្រីត្រូវពន្យារពេល នៅឆ្នាំ២០២២វិញ។  រយៈពេលជាងកន្លះឆ្នាំហើយ ដែលស្រ្តីរូបនេះ បានក្រេបយកចំណេះដឹង លើទឹកដីបរទេស។ វាជាវិញ្ញាសាថ្មី សម្រាប់អ្នកស្រីចិន្តា ក្នុងការឈានទៅរកភាពជោគជ័យ។ វិញ្ញាសាថ្មីនេះ ហាក់ពិបាក ជាងវិញ្ញាសាមុនៗ ដែលអ្នកស្រីបានឆ្លងកាត់ ដ្បិតត្រូវមករស់នៅឯនាយសមុទ្រ​ និងមានកូនស្រីតូចមករស់នៅជាមួយថែមទៀត។ អ្នកស្រី ចិន្តា បាននាំកូនស្រីអាយុ ជាង១ឆ្នាំ និងមិត្តភក្តិមករស់នៅជាមួយ ដើម្បីមកមើលថែកូនស្រី ដ្បិតស្វាមីរបស់អ្នកស្រីក៏មានពិការភាពដូចគ្នា។ 

អ្នកស្រី ចិន្តា រៀបរាប់ថា៖ ឧសគ្គរបស់ខ្ញុំនៅទីនេះ ដូចថាពេលដំបូងៗ កន្លែងថ្មី ទាក់ទងនឹងអាកាសធាតុ និងការរស់នៅផ្សេងអ៊ីចឹងទៅ ។ ពេលនៅស្រុកខ្មែរ មានតូបអាចទិញអី បាននៅជិតៗផ្ទះ ដល់ពេលនៅនេះ អត់មានតូបនៅជិតៗយើងទេ ត្រូវជិះឡានក្រុងឆ្ងាយ។ មួយទៀតយើងមានកូនតូចអ៊ីចឹងទៅរៀងពិបាកដែរ ពេលផ្លាស់ប្ដូបរិយាកាសដំបូងគាត់យំច្រើន ហើយយើងត្រូវរៀនផង អ៊ីចឹងទៅវារៀងពិបាកដែរ។ ហើយខែដំបូងយើងរៀនពិបាក ដោយសារខ្ញុំពិបាករកផ្ទះជួលនៅ នៅនេះ សម្បូរអ្នកអត់មានផ្ទះនៅ ពិបាករកផ្ទះជួល យើងមានកូនតូចម្ចាស់ផ្ទះគេអត់ចង់ឱ្យជួលទេ ។ ឥលូវឧបសគ្គតែរឿងរៀនទេ យើងខ្លាចរៀនធ្លាក់ យើងមានកូនតូចពេលពេលវេលាយើងរៀងខ្លីជាងគេ»។ 
 
ចង់យកចំណេះរបស់ខ្លួន ជួយអ្នកមានពិការភាព

អ្នកស្រី ចិន្តា ជាជនមានពិការភាពជនជាតិខ្មែរ និងជាស្រ្តីតែម្នាក់នៅក្នុងថ្នាក់ដែលបានរៀនមុខវិជ្ជា គោលនយោបាយ និងការអភិវឌ្ឍពិការភាព។ ក្នុងថ្នាក់រៀនរបស់អ្នកស្រី មានជនមានពិការភាពចំនួន ៦ នាក់ ដែលសុទ្ធសឹងជាបុរសមកពីប្រទេសផ្សេងៗគ្នា ។ បើតាមអ្នកស្រី ចិន្តា  ការសិក្សានៅទីនេះ ហាក់ងាយស្រួលសម្រាប់ជនមានពិការភាពដូចអ្នកស្រី ព្រោះប្រព័ន្ធសិក្សាទំនើប កម្ម​វិធីសិក្សាអ្នកពិការ ដូចមានដូចទៅនឹងអ្នកធម្មតាដែរ។ ពេលសួរថា ហេតុអ្វីអ្នកស្រី ជ្រើសរើស មុខវិទ្យា គោលនយោបាយ និងការអភិវឌ្ឍពិការភាព សម្រាប់បន្តថ្នាក់អនុបណ្ឌិត? អ្នកស្រី  ចិន្តា បានឆ្លើយតបថា​ ​ គោលបំណងដ៏ធំរបស់អ្នកស្រី គឺចង់ជួយដោះស្រាយបញ្ហា ដល់អ្នកមានពិការភាព ជាពិសេសចង់លើកទឹកចិត្ត ដល់អ្នកមានពិការភាព អាចរៀនសូត្របានខ្ពស់កាន់តែច្រើន ដ្បិតកន្លងមកមានជនមានពិការភាពតិចណាស់ដែលបានរៀនចប់។ 
 
«មូលហេតុ ដែលខ្ញុំ រើស គឺទីមួយកន្លងមកខ្ញុំធ្វើការខាងពិការភាពច្រើនដែល ហើយខ្ញុំមានពិការភាពខ្លួនឯង អាចដឹងពីផលលំបាកអ្នកដែលគាត់មានពិការភាពជួបប្រទះ។ គោលបំណងចង់ឱ្យ ជនដែលគាត់មានពិការភាព រស់នៅបានប្រសើរ និងឯករាជ្យជាងបច្ចុប្បន្ន ។ ចង់មករៀនផ្នែកហ្នឹង ដើម្បីយកចំណេះដឹង និងបទពិសោធនៅ ទីនេះទៅជួយ ធ្វើយ៉ាងណាដើម្បីឱ្យ ស្ថានភាពអ្នកមានពិការភាពនៅស្រុកខ្មែរ មានភាពប្រសើរឡើង។ នេះជាការអះអាងដូចអ្នកស្រី មិន ចិន្តា។ 
 
អ្នកស្រី ចិន្តា យល់ថា បញ្ហាដែល​អ្កាន របានជួបប្រទះ និងមិនសូវបានរៀនខ្ពស់បានច្រើន ដោយសារកត្តាខ្វះយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន និងសង្គម ដែលធ្វើឱ្យអ្នកមានពិការភាព ហាក់មានអារម្មណ៍ឯកការ និងពុំមានអារម្មណ៍ឯករាជ្យ។ ម្យ៉ាងទៀតប្រព័ន្ធអប់រំលើសិស្សពិការមិនទាន់ទូលាយ និងកត្តាខ្លួនឯឯ ដែលមិនហ៊ានស្វែងរកអ្វីថ្មី។ 
 
ជាស្រ្តីគំរូម្នាក់សម្រាប់អ្នកមានពិការភាព អ្នកស្រី ចិន្តា បានផ្ដាំផ្ញើដល់យុវជនដែលមានពិការភាពទាំងអស់ ត្រូវផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួន និងគិតវិជ្ជមាន ព្យាយាមអត់ធ្មន់ក្នុងការរៀនសូត្រ និងព្យាយាមស្វែងរកជំនួស ដើម្បីឱ្យការរៀនសូត្រកាន់តែទៅមុខរហូត។ ស្រ្តីរូបនេះ ផ្ដែផ្ដាំដូច្នេះ៖  «ចំណេះដឹង អាចកែប្រែស្ថានភាពរបស់យើង អ៊ីចឹងមានតែចំណេះដឹងទេអាច ជួយឱ្យជីវិតរបស់យើងភ្លឺស្វាង ។ ហើយកុំគិតរឿងឧបសគ្គ ឧបសគ្គ អ្នកណាក៏មានដែរ គ្រាន់តែផ្សេងៗគ្នា ។ យើងកុំយកឧបសគ្គមកធ្វើជារនាំង »៕ 
 
 

Tag:
 មិន ចិន្តា
  ពិការភាព
  អាហារូបករណ៍អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com