ភ្នំពេញ៖ យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” សម្រាប់ភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានរកឃើញជយលាភីលេខ១-៣ ប្រចាំខេត្តហើយ។ យុវសិស្ស នី ធារិទ្ធសកល មកពីវិទ្យាល័យកំពង់ស្ពឺ ដែលជាប់លេខ១ បានលើកយករឿង “កុលាបប៉ៃលិន” ទៅបកស្រាយជូនគណៈកម្មការ។ ម្ចាស់ជយលាភីលេខ១-២-៣ នឹងប្រាប់ពីគន្លឹះក្នុងការត្រៀមខ្លួន ដើម្បីប្រកួតប្រជែងឱ្យបានជោគជ័យ។
កំពង់ស្ពឺ គឺជាខេត្តដំបូងគេបង្អស់ ដែលរៀបចំការប្រកួតប្រជែងការអាន នៃយុទ្ធនាការ”សៀវភៅមួយ សហគមន៍មួយ”។ ខេត្តនេះបានរកឃើញជើងខ្លាំង កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ នៅបណ្ណាល័យកំពង់ស្ពឺ។
យុវជន នី ធារិទ្ធសកល រៀនថ្នាក់ទី១១ មកពីវិទ្យាល័យកំពង់ស្ពឺ ជាម្ចាស់ជយលាភីលេខ១ប្រចាំខេត្តកំពង់ស្ពឺ សម្រាប់កម្មវិធី ប្រកួតប្រជែងការអាន។ យុវជនរូបនេះ បានយករឿង “កុលាបប៉ៃលិន” ដើម្បីសង្ខេប និងបកស្រាយខ្លឹមសារអប់រំ ទៅកាន់គណៈកម្មការ។
ទទួលបានពានលេខ១ និងទឹកប្រាក់១លានរៀល ធារិទ្ធសកល អះអាងថាគេយល់យ៉ាងច្បាស់ពីសាច់រឿង និងតម្លៃអប់រំក្នុងរឿង “កុលាបប៉ៃលិន” ទើបបានជាគេជ្រើសរើសរឿងនេះ យកទៅប្រកួត។ តាមរយៈតួអង្គចៅចិត្រ ធ្វើឱ្យ សកល បានឃើញយ៉ាងច្បាស់ពីការបង្កប់តម្លៃអប់រំ លើការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ភាពអត់ធ្មត់ ភក្ដីភាព និងភាពស្មោះត្រង់។

នី ធារិទ្ធសកល ម្ចាស់ជយលាភីលេខ១ (រូបផ្ដល់ឱ្យ)
ធារិទ្ធ ដែលមានសម្បុរស្រអែម បានចែករំលែកទៅយុវជនខេត្តផ្សេងៗទៀត ដែលមានបំណងដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រកួតប្រជែងការអាន ថាត្រូវតែជ្រើសរើសសៀវភៅ ឬប្រភេទអក្សរសិល្ប៍ណាដែលខ្លួនចេះនិងយល់ច្បាស់ យកទៅប្រកួត។ ត្រូវកំណត់តម្លៃអប់រំក្នុងរឿងឱ្យបានច្បាស់ និងត្រូវរកឱ្យឃើញគំរូល្អរបស់រឿង ដែលអាចផ្ដល់ឱ្យខ្លួនឯង និងសង្គមជាតិ។
ធារិទ្ធសកល ពន្យល់៖«ពេលឡើងបកស្រាយ យើងត្រូវតែច្បាស់លាស់ លើចំណុចអប់រំនីមួយៗក្នុងរឿង។ អ្វីដែលសំខាន់បំផុត យើងកុំនិយាយទៅមុខថយក្រោយ។ បានន័យថា កុំនិយាយសាចុះសាឡើង ពីមុខទៅក្រោយ ហើយពីក្រោយទៅមុខវិញ ព្រោះរឿងនេះនឹងធ្វើឱ្យគណៈកម្មការកាត់ពិន្ទុ»។
មិនខុសពីបេក្ខជនជាប់ពានលេខ១ឡើយ យុវតី ណាន់ ស្រីពៅ ដែលកំពុងរៀនថ្នាក់ទី១២នោះ បានយករឿង “កុលាបប៉ៃលិន” ទៅបកស្រាយដូចគ្នា។ តាមរយៈខ្លឹមសាររឿង ម្ចាស់ជយលាភីលេខ២រូបនេះ ច្រោះបានការពិសោធ ឆន្ទះ ការតស៊ូ ការវិវឌ្ឍខ្លួន ភាពជឿជាក់លើខ្លួនឯង និងភាពស្មោះត្រង់ ចេញពីតួអង្គចៅចិត្រ ដែលជាតួឯកប្រុសក្រីក្រ។ ដោយសារតែរំភើបចិត្តនឹងខ្លឹមសារទាំងនោះហើយ ទើបបានជានាងជ្រើសរើសស្នាដៃអក្សរសិល្ប៍ ពីខេត្តល្បីល្បាញខាងត្បូងនេះមក។

កញ្ញា ណាន់ ស្រីពៅ ម្ចាស់ជយលាភីលេខ២ (រូបផ្ដល់ឱ្យ)
នារីដែលមានម្ដាយឪពុកជាកសិកររូបនេះ បន្ថែមដូច្នេះ៖«ការជឿជាក់លើខ្លួនឯង គឺជាកត្តាដំបូងបង្អស់ ដែលធ្វើឱ្យយើងសម្រេចបាននូវអ្វីគ្រប់យ៉ាង។ សូម្បីតែអនាគតដែលយើងបានដៅទុក ជាដំបូងអង្អស់ក៏យើងត្រូវតែជឿជាក់លើខ្លួនឯងដែរ។ ដែលស្របតាមសម្ដីរបស់ឪពុកចៅចិត្រ អត្ថាហិ អត្តនោ នាថោ ខ្លួនទីពឹងខ្លួន»។
យុវសិស្ស វ័យ១៨ឆ្នាំរូបនេះ ផ្ដាំទៅបេក្ខជននៅតាមបណ្ដាខេត្តផ្សេងៗ ដែលមានបំណងដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រកួតប្រជែងការអាន ថា ដំបូងបង្អស់ត្រូវតែជឿជាក់លើខ្លួនឯង ហើយប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំង ពិសេសជំនាញក្នុងការនិយាយតែម្ដង។
មានសម្បុរស ស្រីពៅ ពន្យល់ដូច្នេះ៖«ការនិយាយលើវេទិកា ត្រូវតែបង្ហាញពីភាពច្បាស់លាស់ និងសេចក្ដីខ្លាហានរបស់ខ្លួន។ កុំគិតថាខ្លួនឯងក្មេងជាងគេ រៀនថ្នាក់តូចជាងគេ គេមានចំណេះខ្ពស់ជាងយើង តែត្រូវគិតថាខ្លួនឯងអាចធ្វើបាន ត្រូវតែនិយាយឱ្យលះ ច្បាស់ៗ ពិសេសកំណត់ខ្លឹមសារនិយាយឱ្យបានច្បាស់លាស់។ ពេលដែលយើងភ័យ ទោះរឿងនោះយើងសង្ខេបបានល្អយ៉ាងណា មានខ្លឹមសារអប់រំល្អយ៉ាងណា ក៏យើងមិនអាចបង្ហាញវាចេញមកអស់ដែរ»។
សម្រាប់បេក្ខនារីជយលាភីលេខ៣វិញ បានទៅលើកញ្ញា ភា រស្មី អាយុ១៥ឆ្នាំ ដែលរៀនថ្នាក់ទី១១។ កូនពៅក្នុងចំណោមបងប្អូនស្រី៣នាក់រូបនេះ បានយកសៀវភៅ “អំណាចនៃផ្នត់គំនិត” ទៅបកស្រាយ។ សៀវភៅនេះនិយាយពីការអប់រំផ្នែកគំនិត។ មូលហេតុដែលនាំឱ្យ រស្មី យកសៀវភៅនេះទៅប្រកួត ក៏ដោយសារនាងយល់ថា សៀវភៅមួយក្បាលនេះ នឹងជួយអភិវឌ្ឍន៍ផ្នត់គំនិតយុវជនខ្មែរ។

ភា រស្មី ម្ចាស់ជយលាភីលេខ៣ (រូបផ្ដល់ឱ្យ)
«សៀវភៅនេះនិយាយពី ការប្រើគំនិតដើម្បីយកឈ្នះជោគវាសនា។ ខ្ញុំគិតថាការអភិវឌ្ឍផ្នត់គំនិត នឹងអាចផ្លាស់ប្ដូរមនុស្សបាន។ ឧទាហរណ៍ជាក់ស្ដែង នៅក្នុងថ្នាក់រៀន ពេលដែលយើងទទួលបានចំណាត់ថ្នាក់អត់ល្អ យើងគិតថាយើងអន់។ ប៉ុន្តែមនុស្សដែលមានគំនិតអភិវឌ្ឍន៍ គេគិតថានេះគឺជាបទពិសោធមួយ ហើយគេនឹងខំប្រឹងដើម្បីយកឈ្នះថ្ងៃក្រោយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ រស្មី ដែលមានឪពុកជាគ្រូបង្រៀន និងម្ដាយជាអាជីវករ។
ក្មេងស្រីដែលមានក្ដីស្រមៃ ចង់ធ្វើជាវេជ្ជបណ្ឌិតនៅថ្ងៃអនាគតរូបនេះ ផ្ដាំទៅបេក្ខជននៅខេត្តផ្សេងៗទៀត មិនត្រូវគិតថាខ្លួនអន់ ហើយមិនហ៊ានទៅប្រកួតឡើយ។ ប៉ុន្តែឱ្យពួកគេគិតថា ការទៅប្រកួត គឺដើម្បីយកបទពិសោធ មកអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។
«ដោយសារតែខ្ញុំអាយុតិច ហើយរៀនក៏មិនសូវពូកែ ដំបូងខ្ញុំមិនចង់ដាក់ពាក្យទៅប្រកួតទេ ព្រោះគិតថាអ្នកផ្សេងនឹងពូកែជាងខ្ញុំ ហើយខ្ញុំប្រាកដជាធ្លាក់មិនខាន។ ប៉ុន្តែខ្ញុំគិតម្ដងទៀត ខ្ញុំនឹងទៅដើម្បីបានបទពិសោធ ក៏ដើម្បីចង់ដឹងថា ខ្លួនខ្ញុំអាចធ្វើបានកម្រិតណា ទីបំផុតខ្ញុំជាប់លេខ៣។ រឿងខ្លះមកពីយើងមិនជឿជាក់លើខ្លួនឯង ទើបបានជាយើងធ្លាក់ មិនមែនមកពីយើងគ្មានសមត្ថភាពទេ»។
លោក ទឹម ម៉ានី ប្រធានគណៈកម្មការដាក់ពិន្ទុ បានប្រាប់សារព័ត៌មានថ្មីៗថា តាមរយៈបេក្ខជនដែលដាក់ពាក្យប្រកួត បេក្ខជនដែលឆ្លងផុតការកំណែបានល្អ អាចដល់ពិន្ទុ៩៩ មានប្រហែលតែ៣ទៅ៤នាក់ប៉ុណ្ណោះ។ លោកថាបើមើលជារួម បេក្ខជនដែលដាក់ពាក្យប្រកួត មានកម្រិតចំណេះដឹងប្រហែល៨៥ភាគរយ។ ក្នុងចំណោមនោះ សិស្សថ្នាក់ទី១០និងទី១១ មានកម្រិតចំណេះដឹងខ្ពស់ ភាគច្រើនបំផុត។
អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងកម្មវិធីប្រកួតប្រជែងការអាន រឿង “កុលាបប៉ៃលិន” ត្រូវបានបេក្ខជនយកទៅប្រកួតច្រើនជាងគេ បន្ទាប់មករឿង “គូលីកំណែន” និងមានរឿងជាច្រើនទៀតបន្ទាប់បន្សំ។ យ៉ាងណាក៏ដោយ លោកអះអាងថា ក៏មានបេក្ខជនខ្លះ ពុំទាន់យល់ច្បាស់ពីប្រធានបទ ដែលធ្វើឱ្យពួកគេបកស្រាយខុស។

ឆ្វេង លោក ទឹម ម៉ានី ប្រធានគណៈកម្មការដាក់ពិន្ទុ (រូបផ្ដល់ឱ្យ)
អ្វីដែលលោក ទឹម ម៉ានី សង្កត់ធ្ងន់ និងសូមឱ្យបេក្ខជនគ្រប់រូប មានការប្រុងប្រយ័ត្នខ្លាំងនោះគឺ ការនិយាយសាដាន ហើយលោកពន្យល់ដូច្នេះ៖«អ្នកខ្លះកាយវិកាល្អ ការបកស្រាយល្អ ប៉ុន្តែនៅមានគន្លឹះធ្លាក់ដល់តែបាន ព្រោះគាត់និយាយសាដាន (និយាយទៅមុខ ហើយក៏និយាយថយក្រោយវិញ)។ ជាក់ស្តែងអ្នកលេខ២ និយាយបានល្អ ទាំងកាយវិកា និងការបកស្រាយ ប៉ុន្តែនាងនិយាយសាដាន។ ប៉ុន្តែអ្នកលេខ១ មិននិយាយសាដានទេ។ ប្រសិនបើអ្នកលេខ២ មិននិយាយសាដានទេ គាត់នឹងជាប់លេខ១ ព្រោះទាំងកាយវិកា ការលើកដាក់សំឡេង ទំនុកចិត្ត និងខ្លឹមសារគាត់បកស្រាយបានល្អណាស់»។
ប្រធានគណៈកម្មការដាក់ពិន្ទុ លោក ទឹម ម៉ានី ផ្ដាំទៅបេក្ខជន២៤ខេត្តក្រុងទៀត ធ្វើយ៉ាងណារំលេចសាច់រឿងដែលបានអានឱ្យចេះចាំស្ទាត់ និងត្រូវចេះសង្ខេបសាច់រឿង ព្រមទាំងចេះវិភាគអត្ថន័យ អត្ថរូប និងអត្ថរសសាច់រឿងឱ្យបានល្អ។ ធ្វើបែបនោះ ដើម្បីបំបែកឱ្យឃើញថា សាច់រឿងឱ្យតម្លៃលើអ្វី និងអប់រំលើអ្វី។ បន្ថែមពីនោះលោកក៏លើកទឹកចិត្តបេក្ខជន ឱ្យមានភាពក្លាហាន ក្នុងការឡើងសម្ដែងនៅលើឆាកផងដែរ។
«កុំខ្លាច កុំភ័យ ហើយត្រូវយកគន្លឹះណាមួយ ឱ្យប្រទាក់ក្រឡាគ្នារហូត កុំឱ្យមានការបកស្រាយទៅមុខ ហើយ បែរជាថយមកក្រោយវិញ»។ នេះជាការពន្យល់បន្ថែមរបស់លោក ទឹម ម៉ានី។
ចំណែកលោក សុខ ឡាក់ ប្រធានយុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” ក៏លើកទឹកចិត្តយុវជននៅតាមបណ្ដាខេត្តក្រុងទាំង២៤ ដែលពុំទាន់បានប្រកួត ឱ្យពង្រឹងការអានសៀវភៅរបស់ខ្លួនជាបណ្ដើរៗដែរ។ ហើយដើម្បីដឹងថា ខេត្តរបស់ខ្លួននឹងប្រកួតនៅពេលណា ពួកគេអាចតាមដានផេក (សៀវភៅ១ សហគមន៍មួយ)។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ឡាក់ បានប្រាប់ថា លោកទទួលបានកង្វល់ពីម្ចាស់ផ្ទះ(ខេត្តទទួលបន្ទុក រៀបចំយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ) មួយចំនួន ដោយខេត្តទាំងនោះ បារម្ភចំពោះការចំណាយផ្សេងៗ។ ហេតុនោះហើយ ដែលយុទ្ធនាការសម្រាប់ខេត្តបន្ទាប់ មិនទាន់អាចកំណត់ថ្ងៃជាក់លាក់បាន។
«សម្រាប់ខេត្តកូនៗ ត្រៀមខ្លួនចូលរួមហើយ ប៉ុន្តែបន្ទុកការចំណាយគឺខេត្តមេ ដូច្នេះធ្វើឱ្យអ្នកទទួលបន្ទុក មានកង្វល់។ ខ្ញុំសំណូមពរឱ្យ អ្នកមានលទ្ធភាព ចូលរួមជាមួយយុទ្ធនាការយើង ជាថវិកាក្ដី ធនធានមនុស្សក្ដី។ កំពង់ស្ពឺកម្រិតជោគជ័យអាចទទួលយកបាន។ កំពង់ស្ពឺមិនសូវមានអ្នកអានដែរ។ ព្រោះអ្នកដាក់ពាក្យមានតែ៥៤នាក់ ស្រី៤១នាក់ និងមកពី១៤ សាលា/ស្ថាប័ន»។ នេះជាការត្អូញត្អែររបស់លោក សុខ ឡាក់។

លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ (រូបផ្ដល់ឱ្យ)
វិលមកបេក្ខជនជយលាភីលេខ១វិញ ធារិទ្ធ ដែលមានក្ដីប្រាថ្នាចង់ក្លាយជាអាកាសយាននិក បានអះអាងថា គេបានយកតួអង្គចៅចិត្រជាគំរូ និងជាកម្លាំងជំរុញចិត្ត ដើម្បីខឹតខំសិក្សារៀនសូត្ររហូតមកដល់សព្វថ្ងៃ។ យុវសិស្សដែលមានឪពុកជាមន្ត្រីរាជការរូបនេះ ថារូបគេក៏ជាមនុស្សខ្ជិលច្រអូស ចំពោះការសិក្សារៀនសូត្រដែរ។ ប៉ុន្តែនៅពេលដែលគេ ចាប់ផ្ដើមមានក្ដីស្រមៃ និងបានដាក់គោលដៅសម្រាប់ថ្ងៃអនាគត គេក៏ចាប់ផ្ដើមប្រឹងប្រែងរៀនសូត្រ ក៏ដូចជាអានសៀវភៅជាប្រចាំ។
«ដំបូងខ្ញុំក៏ខ្ជិលរៀនដែរ ប៉ុន្តែនៅពេលខ្ញុំមានក្ដីប្រាថ្នា ចង់ក្លាយជាអ្នកបើកយន្តហោះ ខ្ញុំក៏ចាប់ផ្ដើមដាក់គោលដៅរៀន ពីថ្នាក់ទី៩មក។ ទោះរៀនផ្នែកវិទ្យាសាស្ត្រ ពិបាកបន្តិចក្ដី តែខ្ញុំនៅតែប្រឹងប្រែង»។ នេះជាការបញ្ជាក់បន្ថែមរបស់ សកល។
មានម្ដាយជាអ្នកអនាម័យក្នុងស្ថានប័នមួយ សកល ប្ដេជ្ញាខំស្រាវជ្រាវចំណេះដឹងថ្មីៗទៀត បន្ថែមលើចំណេះដែលមានស្រាប់ ពិសេសសិក្សាជាមួយគ្រូ លើផ្នែកអក្សរសាស្ត្រខ្មែរ ដើម្បីត្រៀមខ្លួនប្រកួតអំណាននៅថ្នាក់ជាតិ។ សិស្សវិទ្យាល័យដែលមានក្ដីប្រាថ្នា ចង់ក្លាយជាអាកាសយាននិករូបនេះ ថាខ្លួននឹងរកគ្រប់មធ្យោបាយ ដើម្បីទទួលបានជយជំនះនៅពេលខាងមុខ ដើម្បីលើកមុខមាត់ខេត្តរបស់ខ្លួន។
ទោះជាយ៉ាងណា សិស្សថ្នាក់ទី១១រូបនេះ ក៏បានផ្ដល់យោបល់ដល់សិស្សប្អូន ឱ្យខំប្រឹងប្រែងរៀនសូត្រផងដែរ ។ ធារិទ្ធសកល បន្ថែមថា៖«ជោគវាសនាប្រទេសជាតិ ស្ថិតក្នុងកណ្ដាប់ដៃរបស់ពួកយើង ដូច្នេះសូមសិស្សប្អូនជំនាន់ក្រោយ ប្រឹងប្រែងរៀនសូត្រ។ ខ្ញុំជាមនុស្សខ្ជិលដូចគ្នា ប៉ុន្តែនៅពេលខ្ញុំដាក់គោលដៅជីវិត ទើបខ្ញុំបានដូចថ្ងៃនេះ។ សម្រាប់ប្អូនៗដែលខ្ជិល ដែលគិតថាហួសពេល គឺមិនហួសពេលទេ។ បើមិនទាន់ដល់អាយុ៣០ទេ ផ្លូវជីវិតគឺនៅត្រង់ភ្លឹងនៅឡើយ ដែលងាយស្រួលក្នុងការសិក្សារៀនសូត្រ»។

យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នៅខេត្តកំពង់ស្ពឺ (រូបផ្ដល់ឱ្យ)
ឯកញ្ញា ណាន់ ស្រីពៅ នារីកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ស្រី៣ ក៏បានលើកសរសើរពីគុណប្រយោជន៍នៃការអានដែរ។ នាងថាការអាន ពិតជាអាចអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ នាងបន្ថែមទៀតថា មនុស្សដែលមិនអានសៀវភៅ នឹងមិនអាចរកខ្លួនឯងឃើញឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលអានសៀវភៅច្រើនវិញ នឹងដឹងពីចំណុចខ្វះខាងរបស់ខ្លួន។
ស្របពេលជាមួយគ្នានេះ យុវតី ស្រីពៅ ក៏ចង់ឱ្យសិស្សានុសិស្សទូទាំងកម្ពុជា ដែលមានបំណងដាក់ពាក្យប្រកួត សូមត្រៀមខ្លួនឱ្យបានរួចរាល់ដែរ៖«ខ្ញុំចង់ឱ្យបងៗឬប្អូនៗ ដែលចង់ចូលរួមប្រកួតដូចជាខ្ញុំ សូមអានអ្វីដែលកម្មវិធីតម្រូវ។ ពេលអាន ត្រូវគិត វិភាគ និងសមនិយាយមុខកញ្ចក់ក៏បាន។ កុំអៀនខ្មាស់ ត្រូវធ្វើវាដោយស្វាហាប់ កុំគិតថាគំនិតខ្លួនមិនល្អដូចគេ ព្រោះវានឹងធ្វើឱ្យយើងបាត់បង់ទំនុកចិត្ត»។
សូមបញ្ជាក់ថា ការផ្ដល់ពិន្ទុ ត្រូវបានកំណត់ដោយ ការសង្ខេបខ្លឹមសាររឿង កាយវិកា ទឹកមុខ ការផ្ដោតអារម្មណ៍ទៅទស្សនិកជន និងគណកម្មការ(ពេលធ្វើបទបង្ហាញលើឆាក) និងវោហាសព្ទជាដើម។ លោក ទឹម ម៉ានី បានបញ្ជាក់ថា បេក្ខជនជាប់លេខ២ អាចមានឱកាសឡើងប្រកួតថ្នាក់ជាតិ ប្រសិនបើដល់ថ្ងៃប្រកួត បេក្ខជនជាប់លេខ១ ពុំអាចឡើងប្រកួតបានដោយសារតែបញ្ហាផ្ទាល់ខ្លួន ជាយថាហេតុណាមួយ។ ដូចគ្នាដែរ បេក្ខជនជាប់លេខ៣ ក៏អាចមានឱកាសនោះដែរ ប្រសិនបើបេក្ខជនលេខ២ អវត្តមាន។ ក្នុងន័យនេះ លោក ទឹម ម៉ានី ចង់ឱ្យបេក្ខជនជាប់ជម្រើសទាំង៣ នៅបន្តប្រឹងប្រែងអាន និងសិក្សាស្រាវជ្រាវជាប្រចាំ។
សូមបញ្ជាក់ថា យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ) នឹងប្រមូលជយលាភីពីបណ្ដាខេត្តក្រុងទាំង២៥ ដើម្បីមកប្រកួតថ្នាក់ជាតិ ស្វែងរកអ្នកឈ្នះប្រចាំប្រទេស ”ជើងឯក បំបែកជើងឯក” ដែលនឹងមានឱកាសទៅទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងពេលខាងមុខផងដែរ៕