ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មេប៉ុស្ដិ៍កំពង់ស្វាយ បន្តការបង្ក្រាបបទល្មើស និងអប់រំពលរដ្ឋកុំឱ្យលេងល្បែងស៊ីសង 
ល្បែងស៊ីសង, ប៉ាង ម៉េង, ភូមិឃុំមានសុវត្ថិភាព
×![]()
ដោយ៖ លីន លក្ខិណា (យុវជនឃុំកំពង់ស្វាយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ តែងតែចុះអប់រំ ណែនាំពលរដ្ឋឱ្យបញ្ឈប់់ការលេងល្បែងស៊ីសងខុសច្បាប់ និងប្រាប់មេភូមិទាំង ១២ភូមិ ឱ្យជួយផ្សព្វផ្សាយពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងនេះផងដែរ។ លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានបញ្ជាក់ថា ការលេងល្បែងធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ ខាតពេលវេលាក្នុងការប្រកបរបរប្រចាំថ្ងៃទៀតផង។
លោក ប៉ាង ម៉េង បានឱ្យដឹងថា នៅក្នុងឃុំកំពង់ស្វាយមានស្រ្តីៗជាច្រើននាក់ ដែលបានលួចលេងបៀរ ពីភូមិមួយទៅភូមិមួយ។ ស្រ្តីទាំងនោះ និយមលេងស៊ីគូថៃ ដោយអ្នកខ្លះជក់លេងរហូតមិនបានរៀបចំបាយទឹក និងមើលថែទាំកូន ដែលនាំឱ្យដាំឈានដល់ការកើតហិង្សាក្នុងគ្រួសារទៀតផង។
លោកមេប៉ុស្តិ៍ឃុំកំពង់ស្វាយ បន្តថា កន្លងមកសមត្ថកិច្ច បានហៅមុខសញ្ញាអ្នកលេងល្បែងមកអប់រំ មិនឱ្យពួកគេលេងល្បែងនេះបន្តទៀត។ លោកបញ្ជាក់ថា ប្រសិនបើមិនគោរពតាមគោលការណ៍រដ្ឋបាលប៉ុស្ដិ៍ទេ គឺត្រូវចាប់ខ្លួនហើយអនុវត្តតាមច្បាប់តែម្ដង។ លោក ប៉ាង ម៉េង រៀបរាប់ដូច្នេះ៖«ទាក់ទងនឹងល្បែងនេះ ពួកខ្ញុំមានផែនការច្រើនលើកច្រើនសាមកហើយ ដែលមានផែនការចូលបង្ក្រាប ចុះធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ខ្លាច និងឈប់ការលេងល្បែងស៊ីសងហ្នឹង មិនឱ្យមាននៅក្នុងភូមិទៀតទេ»។

លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បញ្ហាលេងល្បែងស៊ីសង គឺជាបញ្ហាចោទដែលធ្វើឱ្យអាជ្ញាធរឃុំកំពង់ស្វាយពិបាកលុបបំបាត់ខ្លាំងណាស់ ព្រោះនៅតែមានការលួចលាក់លេង។ ម្យ៉ាងទៀតប៉ុស្តិ៍ក៏មានកម្លាំងមិនគ្រប់គ្រាន់ ដែលធ្វើឱ្យការតាមដានករណីនេះ នៅមានចន្លោះខ្វះខាត។ យ៉ាងណាក៏ដោយ ក៏លោក ប៉ាង ម៉េង នៅតែបន្តអប់រំ ណែនាំដល់ពលរដ្ឋនៅក្នុងឃុំកុំឱ្យប្រព្រឹត្តសកម្មភាពលេងល្បែងស៊ីសងនេះ ដើម្បីភាពសុខដុមនៅក្នុងឃុំឱ្យបានជាប់ជាប្រចាំ។
កម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ ចុះល្បាតនៅពេលយប់ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។
ពាក់ព័ន្ធនឹងករណី នេះ អ្នកស្រី អ៊ូ សុខខេម ជាពលរដ្ឋនៅក្នុងភូមិចុងព្រៃ ឃុំកំពង់ស្វាយ មិនសូវសប្បាយចិត្តនោះឡើយ នៅពេលនៅក្នុងឃុំរបស់ខ្លួនមានសកម្មភាពលេងល្បែងស៊ីសង។ ពលរដ្ឋរូបនេះ លើកឡើងថា លេងល្បែងនេះ មិនបាននាំផលចំណេញអ្វីនោះទេ គឺមានតែការខាតពេលវេលា បង់ទ្រព្យសម្បត្តិ និងអាចមានជម្លោះក្នុងក្រុមគ្រួសារទៀតផង។ អ្នកស្រី សុខខេម បានបន្តថា៖«ខ្ញុំឃើញនៅក្នុងភូមិខ្ញុំភាគច្រើន អ្នកភូមិគាត់លេងបៀរច្រើន អ្នកខ្លះញៀនរហូតដល់អត់ហូបបាយ ហូបទឹកក៏មានដែរ! ធ្វើឱ្យប៉ះពាល់ដល់កូនមិនបានសិក្សារៀនសូត្រទៀត »។
អ្នកស្រី អ៊ូ សុខខេម ជាពលរដ្ឋនៅក្នុងភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។។
យ៉ាងណាក៏ដោយ អ្នកស្រី សុខខេម មើលឃើញថា អាជ្ញាធរមានសមត្ថកិច្ចឃុំ បានខិតខំបង្ក្រាបករណីលេងល្បែងស៊ីសងនេះជាច្រើនលើកមកហើយដែរ។ ពលរដ្ឋរូបនេះ ក៏ចង់ឱ្យឃុំរបស់ខ្លួន គ្មានសកម្មភាពលួចលាក់លេងល្បែងស៊ីសងបន្តទៀតដែរ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com