សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឆ្នាំ២០២២ វៀតណាម​ចំណាយ​ជាង ១​ពាន់​លាន​ដុល្លារ​ ទិញ​គ្រាប់​ស្វាយចន្ទី​ពី​កម្ពុជា​
08, Feb 2023 , 8:29 am        
រូបភាព
កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៩៨,៥ភាគរយ ទៅប្រទេសវៀតណាមកាលពីឆ្នាំមុន ដែលមានតម្លៃប្រមាណជាង ១ពាន់លានដុល្លារ ។



បើតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៧០ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃ ១,០៧ ពាន់លានដុល្លារ។ បរិមាណនាំចេញនេះ ធ្លាក់ចុះប្រមាណ ៣៤,៦៥ភាគរយ បើធៀបឆ្នាំ ២០២១។ ក្នុងចំណោមស្វាយចន្ទីដែលកម្ពុជាបាននាំចេញនោះ ៩៨,៥ភាគរយ​ ឬស្មើនឹង៦៦០ពាន់តោន គឺលក់ទៅឱ្យប្រទេសវៀតណាម ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ។ 
 
គ្រាប់ស្វាយចន្ទីឆៅកម្ពុជា គឺជាប្រភពដ៏សំខាន់មួយនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម​។ បើតាមសមាគមស្វាយចន្ទីវៀតណាម (Vinacas) នៅឆ្នាំ២០២២ វៀតណាមនឹងនាំចូលគ្រាប់ស្វាយចន្ទីឆៅប្រហែល ១,៩លានតោន ជាមួយនឹងតម្លៃជាមធ្យម ១ ៤០០ដុល្លារក្នុងមួយតោន ដែលចំណាយប្រហែល ២,៦៦ពាន់លានដុល្លារ ។ 
 
វៀតណាម នៅតែជាប្រទេសនាំមុខគេ លើការនាំចូលគ្រាប់ស្វាយចន្ទីឆៅ ទូទាំងពិភពលោក​។  ប្រភពសំខាន់ៗ នៃនាំចូលគ្រាប់ស្វាយចន្ទីសម្រាប់ប្រទេសវៀតណាមមាន កម្ពុជា ឡាវ និងបណ្តាប្រទេសអាហ្វ្រិកដូចជា កូតឌីវ័រ ហ្គាណា នីហ្សេរីយ៉ា តង់ហ្សានី...។
 
បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះស្វាយចន្ទីរបស់វៀតណាម មានត្រឹមតែ ៣០០ពាន់ហិកតាប៉ុណ្ណោះ ដែល​អាចផ្តល់វត្ថុធាតុដើមប្រហែល ៣០ភាគរយ សម្រាប់តម្រូវការកែច្នៃរបស់អាជីវកម្ម។ សមាគមស្វាយចន្ទីវៀតណាម ក៏បានស្នើទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដាំដុះក្នុងស្រុក ជាពិសេសស្នើដំណោះស្រាយផ្សេងៗ ដើម្បីសហការក្នុងការធ្វើអាជីវកម្ម និងអភិវឌ្ឍតំបន់ដាំដុះគ្រាប់ស្វាយចន្ទីនៅកម្ពុជា និងឡាវភាគខាងត្បូង។
 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កម្ពុជាបានចេញគោលនយោបាយជាតិស្តីពីគ្រាប់ស្វាយចន្ទី ដែលមានគោលបំណង​លើកកម្ពស់ផលិតភាពផលិតកម្ម និងគុណភាពគ្រាប់ស្វាយចន្ទី ព្រមទាំងបង្កើនការប្រកួតប្រជែង ជំរុញឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃក្រោយការប្រមូលផល។ ជាមួយគ្នានេះ កម្ពុជាបានដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យបាន  ២៥ភាគរយនៅឆ្នាំ ២០២៧ និងជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ៕
 

Tag:
 ស្វាយចន្ទី វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com