កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា ប្រឹងពង្រីកសហព័ន្ធគុនខ្មែរអន្តរជាតិលើសពី«៧៥ប្រទេស» ដើម្បីអូឡាំពិកទទួលស្គាល់ 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។
×![]()
សកម្មជនគុនខ្មែរដាក់គោលដៅពង្រីកសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិឱ្យបានតិចបំផុត «៧៥ប្រទេស» ដើម្បីទទួលបានការទទួលស្គាល់ពីចលនាអូឡាំពិកពិភពលោក។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) ស្របពេលសព្វថ្ងៃគុនខ្មែរមានសមាជិក៥០ហើយ។
ក្នុងវេទិការពិភាក្សាលើកទី៣ នៅតំបន់អង្គរ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាខេត្តសៀមរាប លោក វ៉ាត់ ចំរើន បានលើកឡើងថាកីឡាដែលជាអត្តសញ្ញាណជាតិដូចជាគុនខ្មែរ គ្មានអ្នកណាអាចមកលុបបំបាត់បានឡើយ ដ្បិតបានចាក់ឬសមកយូរលង់ណាស់មកហើយ។

ការប្រកួតរវាងកីឡាករ ធឿន ធារ៉ា(ខោក្រហម) និងកីឡាករ ម៉ារី បេនឆាមេក(ខោខៀវ) នាពេលកន្លងទៅ។ រូបពី ផល រតនៈ
ស្របពេលត្រូវពង្រឹងក្បាច់គុនដូនតាមួយនេះ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិបានដាក់គោលដៅធ្វើយ៉ាងណា ឱ្យមានប្រទេសដទៃចូលជាសមាជិកច្រើន ពោលគឺយ៉ាងតិច៧៥ប្រទេស។
លោក វ៉ាត់ ចំរើន បន្ថែមថា៖«កម្ពុជា បង្កើតសហព័ន្ធគុនខ្មែរអន្តរជាតិតាំងពីឆ្នាំ២០១៥។ ពីមុនយើងមានសមាជិកតែ ២៩ប្រទេសប៉ុណ្ណោះ តែឥឡូវនេះឡើងដល់៥០ប្រទេសហើយ ក្រោយពួកគេសុំចូលជាសមាជិក ហើយគោលដៅរបស់យើងគឺ «៧៥ប្រទេស»ឡើង»។
អគ្គលេខាធិការ CAMSOC រូបនេះ សង្កត់ធ្ងន់ថា គោលដៅពង្រីកសមាជីកឱ្យបានច្រើន ដើម្បីឱ្យកម្ពុជាក្លាយជាសមាជិកមួយដែលអន្តរជាតិទទួលស្គាល់នៅលើចលនាអូឡាំពិកពិភពលោក។ ដើម្បីឱ្យចលនាអូឡាំពិកទទួលស្គាល់ កីឡាមួយនេះត្រូវមានសមាជិកចាប់ពី៧៥ប្រទេសឡើងទៅ។
សូមរំលឹកថា កម្ពុជា បានសម្រេចដាក់កីឡាគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយបញ្ចប់កិច្ចប្រជុំកីឡាប្រដាល់គុនខ្មែរអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ គុនខ្មែរ មាន១៩វិញ្ញាសា ក្នុងបុរស១២វិញ្ញាសា និងផ្នែកនារទី៧វិញ្ញាសា៕
Tag:
កីឡាប្រដាល់គុនខ្មែរ
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com