អន្តរជាតិ
អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ សន្យាផ្តល់រថក្រោះ Leopard ស៊េរីចាស់១០០គ្រឿងឱ្យអ៊ុយក្រែន 
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ Boris Pistorius ក្នុងទស្សនកិច្ចនៅមូលដ្ឋានយោធាអាល្លឺម៉ង់កន្លងមក។ រូបថត AFP
×![]()
អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងប្រមូលថវិកាដើម្បីជួសជុលរថក្រោះ Leopard 1 យ៉ាងហោចណាស់ ១០០ គ្រឿងពីឃ្លាំងអាវុធខ្លួន ដើម្បីបញ្ជូនទៅឱ្យទីក្រុងកៀវ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវនៅថ្ងៃទី៧ ខែកុម្ភៈ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែង។
ក្នុងសេចក្ដីប្រកាសក្រោយជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន Oleksii Reznikov លោក Pistorius បានលើកឡើងថា អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងបញ្ជូនរថក្រោះ Leopard 1 ចន្លោះពី២០ទៅ២៥គ្រឿងទៅអ៊ុយក្រែននៅរដូវក្តៅនេះ និងប្រមាណ៨០គ្រឿងទៀតនឹងបញ្ជូនទៅនៅចុងឆ្នាំនេះ និង១០០គ្រឿងទៀតនៅឆ្នាំ ២០២៤។
យ៉ាងណាមិញ អាល្លឺម៉ង់ មិនបញ្ជាក់ច្បាស់ពីចំនួនរថក្រោះខ្លួននឹងផ្ដល់ឱ្យអ៊ុយក្រែនឡើយ ទោះជាអ៊ុយក្រែនចង់បានច្រើនក្ដី។
«ចំនួនរថក្រោះដែលត្រូវបញ្ជូនទៅបានកំណត់រួចហើយ ប៉ុន្តែវាត្រូវជួសជុលនិងបំពាក់ឡើងវិញ សម្រាប់ការប្រយុទ្ធ ដូច្នេះយើងមិនដឹងថាចំនួនប៉ុន្មានទេដែលអាចបញ្ជូនទៅ»។ អធិការបតីរងអាល្លឺម៉ង់ Robert Habeck បានប្រាប់អ្នកកាសែតបែបនេះបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivanរួច។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់ អ៊ុយក្រែននឹងទទួលបានរថក្រោះ Leopard 1 A5 យ៉ាងហោចណាស់១០០គ្រឿងក្នុងប៉ុន្មានខែខាងមុខ ក៏ដូចជាទទួលការបណ្តុះបណ្តាល ជំនួយផ្នែកដឹកជញ្ជូន គ្រឿងបន្លាស់ និងកញ្ចប់គ្រាប់រំសេវជាដើម។ យ៉ាងណាមិញ បើតាមសេចក្តីថ្លែងការណ៍ដដែល ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថក្រោះនេះមិនទាន់បានបញ្ចប់នៅឡើយ។
ទន្ទឹមនឹងការប្រកាសនេះ រដ្ឋមន្ត្រីការពារជាតិហូឡង់លោកស្រី Kasja Ollongren បាននិយាយថា រថក្រោះ Leopard 1 ជាអាវុធដែលសក្តិសមសម្រាប់ការប្រយុទ្ធ បើទោះបីជាវាជាម៉ូដែលចាស់ក៏ដោយ។
ក្នុងសេចក្ដីប្រកាសរួម ដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់បញ្ជាក់ថា គំនិតផ្តួចផ្តើមបញ្ជូនរថក្រោះ Leopard 1 នេះទៅអ៊ុយក្រែនគឺដើម្បីបើកឱកាសសម្រាប់ប្រមូលដៃគូបន្ថែមទៀត ខណៈបែលហ្ស៊ិកក៏បានបង្ហាញចំណាប់អារម្មណ៍ដើម្បីចូលរួមផងដែរ៕
Tag:
អាល្លឺម៉ង់
ដាណឺម៉ាក
ហូឡង់
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com