ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ
09, Feb 2023 , 11:49 am        
រូបភាព
រាជធានីភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី«ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ» កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការសមាគមធនាគារនៅកម្ពុជា ដោយមានការចូលរួមពី លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង​លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា។
 
គោលបំណងនៃសន្និសីទសារព័ត៌មាននេះ គឺដើម្បីបង្ហាញជូនសាធារណជន ពីបច្ចុប្បន្នភាពនៃស្ថានភាព និងសុខភាព នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្សព្វផ្សាយពីផែនការសកម្មភាព ដែលសមាគមទាំងពីរ បាននិងកំពុងដាក់ចេញ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ 


 
​នាសន្និសីទសារព័ត៌មានដ៏សំខាន់នេះ ក៏បានជជែក ពិភាក្សា និងបកស្រាយអំពីសេចក្តីថ្លែងការណ៍រួម ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត និងបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចៀសវាងដាច់ខាត ចំពោះការខ្ចីប្រាក់ ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា​។ ​ប្រជាពលរដ្ឋដែលមានព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ សូមរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា៕


 

© រក្សាសិទ្ធិដោយ thmeythmey.com