អន្តរជាតិ
អ៊ូហ្គង់ដាថា នឹងមិនបន្តអាណត្តិឱ្យការិយាល័យសិទ្ធិមនុស្ស​ UN ទៀតឡើយ
09, Feb 2023 , 8:29 pm        
រូបភាព
ប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Museveni។ រូបថត AFP
ប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Museveni។ រូបថត AFP
រដ្ឋាភិបាលអ៊ូហ្គង់ដា ក្នុងលិខិតមួយផ្ញើទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លើកឡើងថា ខ្លួននឹងមិនបន្តអាណត្តិឱ្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN)នេះទៀតឡើយ។ ប្រទេសតំបន់អាហ្វ្រិកមួយនេះអះអាងថា ខ្លួនអាចត្រួតពិនិត្យការអនុលោមតាមច្បាប់សិទ្ធិមនុស្សដោយ​ខ្លួនឯងបាន។



នៅក្នុងលិខិតមួយផ្ញើទៅ OHCHR កាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រសួងការបរទេសអ៊ូហ្គង់ដាបានកត់សម្គាល់ពីវឌ្ឍនភាពរបស់អ៊ូហ្គង់ដាក្នុងការអភិវឌ្ឍសមត្ថភាពក្នុងស្រុកដើម្បីត្រួតពិនិត្យការអនុលោមតាមច្បាប់សិទ្ធិមនុស្ស។ ខណៈមើលឃើញពីវឌ្ឍនភាពនេះ អ៊ូហ្គង់ដាបានសម្រេចជូនដំណឹងទៅកាន់ OHCHR ពីការមិនបន្តអាណត្តិឱ្យការិយាល័យសិទ្ធិមនុស្សនេះក្នុងប្រទេសទៀតឡើយ។ 
 
«ក្រសួងចង់បញ្ជាក់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលមិនបន្តអាណត្តិនៃការិយាល័យ OHCHR ប្រចាំប្រទេសអ៊ូហ្គង់ដា លើសពីអាណត្តិបច្ចុប្បន្ន»។ នេះបើតាមលិខិតក្រសួងបានផ្ញើទៅការិយាល័យ OHCHR ដែលបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ៨ ខែកុម្ភៈ។
 
នៅក្នុងលិខិតដដែល ក្រសួងការបរទេសអ៊ូហ្គង់ដា ក៏បានបន្តថា រដ្ឋាភិបាលអ៊ូហ្គង់ដាបានប្តេជ្ញាចិត្តគ្រប់គ្រាន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងរក្សាសន្តិភាពទូទាំងប្រទេស ជាមួយនឹងស្ថាប័នសិទ្ធិមនុស្សជាតិនិងសង្គមស៊ីវិលដ៏រឹងមាំ។
 
កន្លងមក រដ្ឋាភិបាលរបស់ប្រធានាធិបតី Yoweri Museveni ត្រូវក្រុមប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងបណ្តាប្រទេសលោកខាងលិចរិះគន់ជាខ្លាំងលើបញ្ហារំលោភសិទ្ធិមនុស្សផ្សេងៗរួមមាន ការធ្វើទារុណកម្ម ការឃុំខ្លួនខុសច្បាប់ និងការសម្លាប់ក្រៅប្រព័ន្ធតុលាការលើអ្នកប្រឆាំង និងអ្នករិះគន់។ យ៉ាងណាមិញ ក្រុមមន្ត្រីអ៊ូហ្គង់ដាបានបដិសេធលើការចោទប្រកាន់បែបនេះ ហើយអះអាងថា កងកម្លាំងសន្តិសុខដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិ តែងត្រូវបានផ្តន្ទាទោសយ៉ាងត្រឹមត្រូវ។
 
លោក Yoweri Museveni អាយុ ៧៨ ឆ្នាំរូបនេះបានគ្រប់គ្រងអ៊ូហ្គង់ដាតាំងពីឆ្នាំ១៩៨៦ មកម្ល៉េះ បន្ទាប់ពីប្រទេសនេះឆ្លងកាត់សង្រ្គាមអស់រយៈពេល៥ឆ្នាំ។ បក្សប្រឆាំង និង​អ្នក​រិះគន់​បាន​ចោទប្រកាន់​លោកថា កំពុង​រៀបចំឱ្យកូនប្រុស​របស់លោក​ដែលជា​ឧត្តមសេនីយ៍​ក្នុង​ជួរ​យោធា​របស់​ប្រទេសឡើងកាន់អំណាចបន្តពីលោក។ ប៉ុន្តែលោក Museveni​បានបដិសេធចំពោះការចោទប្រកាន់នេះ។ 
 
គួរបញ្ជាក់ថា ការិយាល័យ OHCHR នៅអ៊ូហ្គង់ដា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយត្រូវបានអនុញ្ញាតឱ្យផ្តោតលើបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ដែលមានជម្លោះនៅភាគខាងជើង និងភាគឦសានអ៊ូហ្គង់ដា។ នេះបើយោងតាមរដ្ឋាភិបាលអ៊ូហ្គង់ដា។ ក្រោយមក ការិយាល័យនេះត្រូវបានអនុញ្ញាតិឱ្យផ្តោតលើបញ្ហាសិទ្ធិមនុស្សនៅអ៊ូហ្គង់ដាទាំងមូល៕
 

Tag:
 អ៊ូហ្គង់ដា
© រក្សាសិទ្ធិដោយ thmeythmey.com