ជាតិ
លោក នេត្រ ភក្រ្ដា ជំរុញឱ្យពលរដ្ឋគ្រប់គ្រងសំណល់ថ្មពិល និងកុំបន្តបោះចោលទៀត លោក នេត្រ ភក្រ្ដា អ្នកនាំពាក្យក្រសួងបរិស្ថាន
× សៀមរាប៖ មន្រ្តីក្រសួងបរិស្ថាន បានបង្ហាញកង្វល់ជុំវិញការគ្រប់គ្រងសំណល់ថ្មពិលនៅកម្ពុជា។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្ដា ប្រាប់ថា ក្រសួងកំពុងជំរុញឱ្យពលរដ្ឋចូលរួមលើការគ្រប់គ្រងសំណល់ថ្មពិលនេះ ដោយរៀបចំឱ្យមានធុងសម្រាប់ទទួល សំណល់ថ្មពិលតាមទីតាំងជាច្រើន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្ដា បានសង្កត់ធ្ងន់ថា ក្រសួងមានការគិតគូរខ្លាំង ពីការបំពុលបរិស្ថាន ដែលកើតចេញពីសំណល់ថ្មពិល។ លោកពន្យល់ថា សំណល់ថ្មពិលជា សំណល់គ្រោះថ្នាក់ និងមិនអាចព្រងើយកន្ដើយឡើយ ដែលវាបំពុលទាំងដី និងប្រព័ន្ធជីវៈចម្រុះ ក្នុងទឹកផង។
ធុងដាក់សំណល់ថ្មពិល ដែលដាក់បង្ហាញក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ នាខេត្តសៀមរាប
ក្រៅពីការជំរុញឱ្យដាក់ក្នុងធុងប្រមូលសំណល់ថ្មពិល ក្នុងនោះក្រសួងក៏កំពុងគិតគូរដល់ការ ប្រើប្រាស់ថ្មពិលរបស់ប្រជានេសាទផងដែរ។ ចង់មិនចង់ ការរស់នៅរបស់ប្រជានេសាទ ឬតំបន់ក្បែរទន្លេ ឬសមុទ្រ ជៀសមិនផុតពីការធ្លាក់ចូលទឹក ប្រសិនបើការយល់ដឹងពួកគេ នៅមានកម្រិត។ លោក ភក្រ្ដា យល់ថា ការបំពុលដោយថ្មពិលក៏ប៉ះពាល់ដល់បរិមាណជីវៈចម្រុះ ឬផលនេសាទផងដែរ។ «កុំសង្ស័យថា តំបន់ដែលធ្លាប់នេសាទត្រីសម្បូរ បែរជាលែងសម្បូរ មួយផ្នែកក៏ដោយសារកត្តានេះដែរ (ការបំពុលដោយថ្មពិល) ត្រីមិនអាចរស់នៅទេ»។ នេះជាការ លើកឡើងរបស់លោក នេត្រ ភក្រ្ដា។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពីការ 3R និងសេដ្ឋកិច្ចចក្រា នាខេត្តសៀមរាប រយៈពេល៣ថ្ងៃ គឺថ្ងៃទី៨ ដល់ថ្ងៃទី១០ កុម្ភៈ។ ក្នុងវេទិកានោះ ក៏មានការតាំងបង្ហាញធុងសំណល់ថ្មពិល និងគ្រោះថ្នាក់នាៗបង្កឡើងដោយ សារធាតុគីមីក្នុងនោះដែរ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី៩ កុម្ភៈ លោក ភក្រ្ដា ស្នើឱ្យ ពលរដ្ឋគ្រប់គ្រងសំណល់ថ្មពិលឱ្យបានល្អ និងត្រូវទុកដាក់នៅតាមទីតាំងដែលក្រសួងបានរៀបចំ៕
Tag:
សំណល់ថ្មពិល
នេត្រ ភក្រ្ដា
© រក្សាសិទ្ធិដោយ thmeythmey.com