សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Bloomberg ៖ អាម៉េរិកគ្រោងដាក់ពន្ធ២០០ភាគរយលើការនាំចូលអាលុយមីញ៉ូមពីរុស្ស៊ី
09, Feb 2023 , 9:29 pm        
រូបភាព
រូបភាពពី Bloomberg ។
រូបភាពពី Bloomberg ។
អាមេរិកគ្រោងនឹងដាក់ពន្ធ២០០ភាគរយលើអាលុយមីញ៉ូមរបស់រុស្ស៊ីឱ្យបានឆាប់បំផុតក្នុងសប្តាហ៍នេះ  ខណៈដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត។ មួយវិញទៀត អាម៉េរិកបារម្ភខ្លាចការនាំចូលអាលុយមីញ៉ូមដ៏សន្ធឹកសន្ធាប់នេះ ប៉ះពាល់ដល់វិស័យឧស្សាហកម្មរបស់ខ្លួន។

 
បើតាមទូរទស្សន៍ Bloomberg គម្រោងនៃការដាក់ពន្ធលើអាលុយមីញ៉ូមរបស់រុស្ស៊ីនេះ ត្រូវបានគ្រោងទុកជាច្រើនខែមកហើយ ដោយហេតុផលថាទីក្រុងម៉ូស្គូបាននាំចូលអាលុយមីញ៉ូមនៅលើទីផ្សារអាម៉េរិកយ៉ាងច្រើន ដែលអាចបង្កហានិភ័យដល់ក្រុមហ៊ុនអាម៉េរិកនៅក្នុងវិស័យនេះ។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនបានធ្វើការសម្រេចចិត្តជាផ្លូវការនោះទេ។ ប៉ុន្តែអ្នកជំនាញនៅខាងក្នុងរដ្ឋបាលអាម៉េរិកបារម្ភថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យខូចខាតដល់ឧស្សាហកម្មអាម៉េរិក រួមទាំងវិស័យអវកាស និងរថយន្ត។
 
រុស្ស៊ីជាប្រទេសនាំចេញអាលុយមីញ៉ូមធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន ព្រមទាំងជាប្រភពអាលុយមីញ៉ូមដ៏សំខាន់សម្រាប់ទីផ្សារអាម៉េរិក។ អាលុយមីញ៉ូរបស់រុស្ស៊ីត្រូវបានប្រើប្រាស់ជាចម្បងក្នុងវត្ថុដែលមានតម្លៃនៅវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តជាដើម។
 
បើតាមអ្នកវិភាគ ការដាក់ពន្ធខ្ពស់បែបនេះអាចបញ្ចប់ការនាំចូលអាលុយមីញ៉ូមរបស់អាម៉េរិកពីរុស្ស៊ី។ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាម៉េរិក បើទោះបីជាប្រទេសរុស្ស៊ីធ្លាប់មានចំណែកប្រហែល ១០ភាគរយនៃការនាំចូលអាលុយមីញ៉ូមទាំងអស់ទៅកាន់អាម៉េរិកក៏ដោយ ប៉ុន្តែចំណែកនេះបានធ្លាក់ចុះមកត្រឹមតែជាង ៣ភាគរយប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
 
គម្រោងនៃការដាក់ពន្ធគយលើអាលុយមីញ៉ូមនាពេលនេះ គឺមិនសូវធ្ងន់ធ្ងរដូចប៉ុន្មានឆ្នាំមុនដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើទៅលើទីក្រុងមូស្គូនោះទេ ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយហាមឃាត់ទាំងស្រុង និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតដែកឈានមុខគេរបស់រុស្ស៊ី United Co. Rusal International PJSC។ ប៉ុន្តែសកម្មភាពបែបនេះ ក៏អាចបណ្តាលឱ្យមានការរំខានទីផ្សារទ្រង់ទ្រាយធំ ដោយធ្វើឱ្យការផ្គត់ផ្គង់អាលុយមីញ៉ូមរបស់រុស្ស៊ីពិបាកទៅដល់អតិថិជនទូទាំងពិភពលោកផងដែរ៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អាលុយមីញ៉ូម
© រក្សាសិទ្ធិដោយ thmeythmey.com