ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​សូម​អ្នក​កុំ​ធ្វើ​រឿង​មួយចំនួន​ក្រោយ​ពេលបាយ​!
01, Jul 2023 , 6:59 am        
រូបភាព
​តាមពិត​ទៅ​មនុស្ស​មួយចំនួន​ចូលចិត្ត​ធ្វើ​រឿង​មួយចំនួន​ក្រោយ​ពេលបាយ​ខ្លាំងណាស់ ដោយ​មិនដឹងថា​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណា​ឡើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​គួរតែ​កែ​ចេញ​ប្រសិន​ជា​អ្នក​មាន​ក្រោយពេល​បាយ​រួច​។​

 
​ងូតទឹក​
​អ្នក​មិន​អាច​ងូតទឹក​ភ្លាម​ឡើយ​ក្រោយ​ពេលបាយ​រួច ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នករំលាយ​អាហារ​មិនបាន​ល្អ​ដោយសារ​តែ​ក្រពះ និង​ពោះវៀន​អ្នក​គ្មាន​ឈាម​ហូរ​គ្រប់គ្រាន់​មក​ផ្គត់ផ្គង់​ដំណើរការ​ទាំងមូល​។​
 
​បន្ធូរ​ខ្សែក្រវ៉ាត់​
​មាន​មនុស្ស​ជាច្រើន​ក្រោយពេល​ដែល​ពិសារ​បាយ​ច្រើន​រួច​តែងតែ​បន្ធូរ​ខ្សែក្រវ៉ាត់​នៅ​ចង្កេះ​ជានិច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​យូរ ក្រពះ​អ្នក​អាច​នឹង​យារ​ធ្លាក់​ដោយ​មិន​ដឹង​ខ្លួន​។​
បើកឡាន​
​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​បាយ​រួច ឈាម​ភាគច្រើន​ដែល​មាន​ក្នុង​ខ្លួន​អ្នក​នឹង​រត់​ទៅ​ក្រពះ ជា​ហេតុ​ដែល​ធ្វើឲ្យ​ខួរក្បាល​អ្នកខ្វះ​ឈាម​បណ្តោះអាសន្ន នោះ​ប្រសិនជា​អ្នក​បើក​ឡាន​ភ្លាម វា​អាច​ធ្វើឲ្យ​អ្នកមានគ្រោះថ្នាក់​យ៉ាង​ងាយ ដូចនេះ​អ្នក​គួរតែ​បើក​ឡាន​ក្រោយពេល​ពិសារ​បាយ​មួយ​ម៉ោង​ទើប​មាន​សុវត្ថិភាព​។​
ច្រៀង
​ប្រសិន​ជា​អ្នក​ចង់​ច្រៀង អ្នក​គួរតែ​ច្រៀង​មុន​បាយ ព្រោះ​ក្រោយ​ពេលបាយ​រួច បើ​អ្នក​ច្រៀង វា​អាច​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការ​មិន​ល្អ ជា​ហេតុ​ដែល​ធ្វើឲ្យ​ក្រពះ​រំលាយ​អាហារ​មិន​បាន​ស្រួល​ឡើយ ដូចនេះ​អ្នក​គួរតែ​ច្រៀង​មុន​បាយ ឬ​ក្រោយ​ពេល​ពិសារ​រួច​ចំនួន​មួយ​ម៉ោង​។​
គេង​
​អ្នក​មិន​អាច​គេង​ភ្លាម​បានឡើយ​ក្រោយពេល​ពិសារ​បាយ​រួច ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​រំលាយ​អាហារ​មិនបាន​ល្អ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកមានអា​ការៈវិលមុខ​ក្រោយពេល​ក្រោកពី​គេង ដោយសារ​តែ​ឈាម​ដើរ​មិន​បាន​ល្អ ដូចនេះ​អ្នក​អាច​គេង​បាន​ក្រោយ​ពិសារ​បាយ​រួច​ចំនួន​ពី​១៥​ទៅ​២០​នាទី​។​
ញ៉ាំ​ទឹកតែ​ក្រាស់​
​ប្រសិន​ជា​អ្នក​ញ៉ាំ​ទឹកតែ​ដែល​ក្រាស់​ក្រោយ​ពិសា​របាយ​រួច វា​នឹង​អាច​ធ្វើឲ្យ​អ្នកខ្វះ​ឈាម​បាន ដោយសារ​តែ​នៅពេលដែល​អាហារ​ប៉ះ​ជាមួយនឹង​សារធាតុ​ដែល​មាន​ក្នុង​តែ វា​នឹង​បង្អាក់​មិន​ឲ្យ​រាងកាយ​អ្នក​ស្រូប​យក​ជាតិ​ដែក​ឡើយ ដូចនេះ​យូរ​ទៅ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម​បាន​។​
ពិសារ​ផ្លែ​ឈើ​
​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ពិសារ​ផ្លែ​ឈើ​ក្រោយ​បាយ​ខ្លាំងណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន ដោយសារ​តែ​នៅពេល​ដែល​វា​ចូលទៅ​ក្នុង​ក្រពះ​អ្នក វា​នឹង​មិន​អាច​រំលាយ​បានឡើយ ព្រោះ​អាហារ​ដែល​អ្នក​ពិសារ​ចូល​ទៅ​មុន​បាន​បង្អាក់​មិន​ឲ្យ​វា​រំលាយ​បានឡើយ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com