អន្តរជាតិ
ជប៉ុននិងហ្វីលីពីន ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យជិតស្និទ្ធជាងមុន
10, Feb 2023 , 10:41 am        
រូបភាព
មេដឹកនាំជប៉ុននាថ្ងៃទី៩ ខែកុម្ភៈបានលើកឡើងថា ទីក្រុងតូក្យូកំពុងសម្លឹងមើលការពង្រឹងសមយុទ្ធ​រួម​គ្នា​ជាមួយហ្វីលីពីន ខណៈដែលប្រទេសទាំងពីរបានសន្យាជំរុញឱ្យទំនាក់ទំនងទ្វេភាគី​ជិត​ស្និទ្ធ​ជា​មុន ប្រឈមមមុខការតានតឹងជាមួយចិន។

 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. កំពុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ហើយបានជួបជាមួយនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៩ ខែកុ​ម្ភៈ។ ពីជំនួបនៅតូក្យូ លោក គីស៊ីដា និយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីសាកល្បង និងបង្កើតក្របខណ្ឌមួយដែលនឹងពង្រឹងដំណើរការការ​ធ្វើសមយុទ្ធរួមគ្នារបស់ប្រទេសទាំងពីរឱ្យកាន់តែរលូនជាងមុន។
 
«ក្នុងឆ្នាំដែលស្ថានភាពអន្តរជាតិមានភាពដ៏ស្មុគស្មាញ ជប៉ុនបានផ្សារភ្ជាប់ចំណងដ៏សំខាន់​ដើម្បី​សហការជាមួយហ្វីលីពីន»។នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់បែបនេះផងដែរ។
 
ទន្ទឹមនេះ ប្រធានាធីបតីហ្វីលីពីន Marcos Jr. បញ្ជាក់ថា ក្រោយជំនួយទ្វេភាគី លោកជឿជាក់លើភាព ដៃគូយុទ្ធសាស្ត្រដែលរឹងមាំជាងមុន ហើយមានជំហររួមគ្នាលើបញ្ហានៅក្នុងតំបន់។ លោក Marcos បន្ត​ថា លោកបានយល់ព្រមដើម្បីធ្វើការជិតសិទ្ធិជាងមុនជាមួយក្រុងតូក្យូលើវិស័យមួយ​ចំនួនរួ​ម​ទាំង​កិច្ច​សហប្រតិបត្តិការការពារជាតិ និងសន្ដិសុខដែនសមុទ្រ។
 
អំឡុងជំនួបខាងលើ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យកង កម្លាំងប្រដាប់អាវុធប្រទេសទាំងពីរធ្វើការជាមួយគ្នាអំឡុងពេលប្រតិបត្តិការសង្គ្រោះក្នុងគ្រោះ​មហន្តរាយ។ កិច្ចព្រមព្រៀងនេះ ត្រូវមើលឃើញថា ជាការបោះជំហានឆ្ពោះទៅរកការអនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរដាក់ពង្រាយកម្លាំងនៅដីគ្នាទៅវិញទៅមក។
 
គួរបញ្ជាក់ថា ​​ទីក្រុងតូក្យូមានកិច្ចព្រមព្រៀងបែបនេះជាមួយអូស្ត្រាលី និងអង់គ្លេសផងដែរ។ ​វត្តមាន​យោធារបស់ជប៉ុននៅហ្វីលីពីន ក៏អាចជួយទីក្រុងម៉ានីលទប់ទល់នឹងឥទ្ធិពលរបស់ចិន​នៅក្នុង​សមុទ្រ​ចិនខាងត្បូងដែលជាតំបន់ជម្លោះយូរអង្វែងមួយដែរ៕
 
 
 

Tag:
 ហ្វីលីពីន ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com