កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ស៊ូ​វ តុង ជឿជាក់ថា​ក្រុម​រាំ Breakdance នឹង​ទទួលបាន​មេដាយ​ស៊ី​ហ្គេម​ក្រោយ​ហាត់​នៅ​ជប៉ុន​៣​ខែ​
10, Feb 2023 , 12:59 pm        
រូបភាព
លោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធកីឡារាំកម្ពុជា ក្នុងពេលបង្វឹករាំដល់កីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលនៅសាលហ្វឹកហ្វឺនកីឡារាំកម្ពុជា។
លោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធកីឡារាំកម្ពុជា ក្នុងពេលបង្វឹករាំដល់កីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលនៅសាលហ្វឹកហ្វឺនកីឡារាំកម្ពុជា។
ដោយ:
លោក ស៊ូ​វ តុង នាយក​បច្ចេកទេស​សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ចំពោះ​វិញ្ញាសា Breakdance ថា​នឹង​ទទួលបាន​មេដាយ​នៅ​ស៊ី​ហ្គេម​២០២៣ ដ្បិត​អត្ត​ព​លិ​កបាន​ចេញទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​ទាំងអស់​សុទ្ធសឹង​តែមាន​ការអត់ធ្មត់ និង​តស៊ូ​បំផុត​។



​ក្នុង​បទ​សម្ភាស​ផ្ទាល់​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ នៅ​សាល​ហ្វឹកហ្វឺន​កីឡា​រាំ​កម្ពុជា ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នាយក​បច្ចេកទេស​សហ​ព័ន្ធ​កីឡា​រាំ​អះអាងថា វិញ្ញាសា Breakdance មាន​យូរ​មកហើយ​នៅ​កម្ពុជា តែ​មិនមាន​វត្តមាន​ក្នុង​សហព័ន្ធ​កីឡា​រាំ​។ ប៉ុន្តែ​ក្រោយ​វិញ្ញាសា​នេះ​បានដាក់​បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ សហព័ន្ធ​បាន​ចងក្រង​ឡើងមក​វិញ​។​
 
​លោក ស៊ូ​វ តុង និយាយថា​៖«​កីឡា Breakdance តាមពិត​នៅ​ស្រុក​ខ្មែរ​មាន​ជាង​១០​ឆ្នាំ​ហើយ ប៉ុន្តែ​ពួកគាត់​មិនទាន់បាន​ចូល​ជា​សហព័ន្ធ​។ មួយរយៈ​ហ្នឹង​យើង​បាន​ប្រមូលគ្នា​មក​ចូលរួម​ដោយសារតែ​វិញ្ញាសា Breakdance ត្រូវបាន​ដាក់ចូល​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​២០២៣ ដែរ​»​។​
 
​ក្រោយ​មានការ​សហការ​ឧបត្ថម្ភ​ពី​ភាគី​ជប៉ុន សហព័ន្ធ​បាន​បញ្ជូន​អត្ត​ព​លិ​ក​កីឡា​រាំ ៤​រូប ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ជប៉ុន រយៈពេល​៣​ខែ​ផងដែរ មុន​ការមកដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​កម្ពុជា​។ នាយក​បច្ចេកទេស​សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា​រូបនេះ ក៏​សង្ឃឹមថា វិញ្ញាសា​រាំ Breakdance នឹង​ទទួលបាន លទ្ធផល​ល្អ​ក្រោយ​ការហ្វឹកហ្វឺន​នៅ​ប្រទេស​ជប៉ុន​។​


សកម្មភាពក្រុមរាំ Breakdance ហ្វឹកហាត់នៅប្រទេសជប៉ុន។ រូបពី សហព័ន្ធកីឡារាំកម្ពុជា

លោក ស៊ូ​វ តុង សង្ឃឹម​យ៉ាង​មុតមាំ​ថា វិញ្ញាសា Breakdance នឹង​ទទួលផល​ល្អ​ដោយសារតែ​ខាង​ជប៉ុន​សុទ្ធ តែ​អ្នកល្បី ពូកែ​ខាង​រាំ​។  «​ភាគី​ជប៉ុន​ទទួល​យើង​ទៅ​ហ្វឹកហាត់ ហើយ​អត្ត​ព​លិ​កក​ម្ពុជា ដែល​ទៅ​ហ្វឹកហាត់ សុទ្ធ តែមាន​បទពិសោធ ពិសេស​ពួកគាត់​សុទ្ធតែ​មានចិត្ត​តស៊ូ និង​ចចង់​ហ្វឹកហាត់ ហើយ​នៅ​ជប៉ុន​ដាក់​ពេល វេលា​យ៉ាង​តឹងតែង​បំផុត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ូ​វ តុង​។​
 
​ក្រុមកីឡា​រាំ វិញ្ញាសា Breakdance ដែលមាន​កីឡាករ​៣​រូប និង​កីឡាការិនី​មួយរូប បាន​ចេញទៅ ប្រទេស​ជប៉ុន​កាលពី​ចុងខែ​មករា ដើម្បី​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​៣​ខែ​៕
 

Tag:
 កីឡា​រាំ​
 ​ស៊ូ​វ តុង​
 ​ស៊ី​ហ្គេម​២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com