អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ថៃ និង​ម៉ាឡេស៊ី ឯកភាព​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​តាម​តំបន់​ព្រំដែន​
10, Feb 2023 , 1:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (ខាងឆ្វេង) និងសមភាគីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅក្រុងបាងកក ក្នុងថ្ងៃទី៩ ខែកុម្ភៈ។ រូបភាពយកពីTwitter របស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (ខាងឆ្វេង) និងសមភាគីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅក្រុងបាងកក ក្នុងថ្ងៃទី៩ ខែកុម្ភៈ។ រូបភាពយកពីTwitter របស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម និង​សម​ភាគី​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុង​ថ្ងៃទី​៩ ខែកុម្ភៈ បាន​ឯកភាព​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជជែក​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅតាម​បណ្តោយ​ព្រំដែន​។

 
​ក្រោយពី​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បានធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដូចជា សិង្ហ​បុរី ម៉ាឡេស៊ី និង​ព្រុយ​ណេ​ជាដើម​។ ចុងក្រោយ លោក អាន់​វ៉ា បានធ្វើ​ទស្សនកិច្ច​នៅ​ថៃ​រយៈពេល ២​ថ្ងៃ​ថែមទៀត ដើម្បី​ស្វែងរក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ទ្វេភាគី​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ក្នុង​ថ្ងៃទី​៩ ខែកុម្ភៈ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រមុខ​រដ្ឋាភិបាល​ថៃ បាន​ថ្លែងថា ជំនួប​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី បានផ្តល់​លទ្ធផល​ដ៏​ល្អ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នៅ​ថ្ងៃ​អនាគត​។ 
 
​ទន្ទឹមនេះ មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​ឯកភាព​លើ​ការ​ពង្រីង​ទំហំ​ពាណិជ្ជកម្ម​ផង​។ ម៉ាឡេស៊ី និង​ថៃ​មានបំណង​ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ឱ្យបាន ៣០​ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២៥​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bernama ក្នុង​ខែមករា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​ទាំងពីរ​មាន​ចំនួន​ជិត ២៦​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០២២​។ 
 
​មិនតែប៉ុណ្ណោះ លោក ប្រា​យុទ្ធ និង​លោក អាន់​វ៉ា បាន​ពិភាក្សា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅតាម​តំបន់​ព្រំដែន​ប្រទេស​ទាំងពីរ​ផង​។ 
 
​បន្ថែម​ពី​ប្រធានបទ​ខាងលើ បញ្ហា​ការបះបោរ​នៅ​ភាគខាងត្បូង​ថៃ និង​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា ក៏​ជា​របៀបវារៈ​ដ៏​សំខាន់​មួយ​ក្នុងជំនួប​ទ្វេភាគី​លើកដំបូង​នេះ​ផង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នោះ លោក ប្រា​យុទ្ធ និង​លោក អាន់​វ៉ា បាន​ឯកភាព​ថា ម៉ាឡេស៊ី​នឹង​ធ្វើជា​សន្ធាន​ការី ដើម្បី​ជួយ​ឱ្យមាន​កិច្ចចរចា​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​ថៃ និង​ក្រុម​បះបោរ​នាពេលខាងមុខ​។ 
 
​ការបះបោរ​នៅ​ភាគខាងត្បូង​ថៃ បានកើត​ឡើងជា​ច្រើន​ទស្សវត្សរ៍​មកហើយ ដោយ​តំបន់​នោះ​ភាគច្រើន​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ​មូស្លីម​-​ម៉ា​ឡេ​។ ក្រុម​បះបោរ​មូស្លីម​-​ម៉ា​ឡេ​មានបំណង​ផ្តាច់​ទឹកដី និង​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ពី​ថៃ​។ 
 
​ចំណែក​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​វិញ លោក​អាន់​វ៉ា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​បាន​ជជែក​ពី​ការចូលរួម​ដ៏​សំខាន់​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​។ យ៉ាងណាមិញ កិច្ចពិភាក្សា​ជុំវិញ​ប្រធានបទ​នេះ មិន​ត្រូវបាន​មេដឹកនាំ​ថៃ និង​ម៉ាឡេស៊ី លម្អិត​ឡើយ​៕ 
 

Tag:
 ថៃ​
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com