ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួប១០០នាទី មេដឹកនាំកម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការ«ត្បូងពេជ្រ»
10, Feb 2023 , 3:45 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុស២រូប គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី បានចូលជួបលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នាទីក្រុងប៉េកាំង នៅថ្ងៃទី១០ កុម្ភៈ ២០២៣។ រូបពីហ្វេសប៊ុកសម្ដេច។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុស២រូប គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី បានចូលជួបលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នាទីក្រុងប៉េកាំង នៅថ្ងៃទី១០ កុម្ភៈ ២០២៣។ រូបពីហ្វេសប៊ុកសម្ដេច។
កម្ពុជា-ចិន បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថ្មីមួយ ដែលឈ្មោះថា «ត្បូងពេជ្រ» ។ នេះបើតាមសំណេរដ៏វែងអន្លាយនៅលើហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អមជាមួយរូបថតជួបពិភាក្សាជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១០ កុម្ភៈនេះ។



«ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត»។ នេះបើតាមសំណេរដដែល។
 
នៅក្នុងជំនួបគ្នានោះ មេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែប និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។ 
 
មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១ នយោបាយ និងការទូត , ២ វិស័យសមត្ថភាពផលិត និងវាយភណ្ឌ , ៣ កសិកម្ម , ៤ ថាមពល, ៥ សន្តិសុខ និង៦ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏ប្រកាសឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន (៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ «អរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»។ នេះជាសម្ដីរបស់ប្រធានាធិបតីចិន ដែលបានរំលេចលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន។

សម្ដេច ហ៊ុន សែន ចាត់ទុកជំនួយចិននេះ បានជួយលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។ មេដឹកនាំកម្ពុជា ថ្លែងយ៉ាងដូច្នេះ៖«ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ»៕

Tag:
 ហ៊ុន សែន
  ស៊ី ជិនពីង
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com