អន្តរជាតិ
ប្រមុខUN អំពាវនាវស្វែងរកជំនួយបន្ថែមសម្រាប់តួកគី​ និងស៊ីរី ក្រោយអ្នកស្លាប់កើនលើស២ម៉ឺននាក់
10, Feb 2023 , 4:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
ចំនួនអ្នកស្លាប់នៅតួកគី និងស៊ីរី ដោយសារគ្រោះរញ្ជួយដី បានកើនដល់លើស២១០០០នាក់ គិតត្រឹមថ្ងៃ៩ ខែកុម្ភៈ។ ប្រមុខUN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស វិញ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយបន្ថែមទៅប្រទេសទាំងពីរ។

 
តាមទិន្នន័យដែលផ្តល់ពីអាជ្ញាធរតួកគីត្រឹមថ្ងៃទី៩ ខែកុម្ភៈ មនុស្សក្បែរ ១៨០០០នាក់នៅតួកគី និងប្រជាជននៅស៊ីរីលើសពី៣០០០នាក់ បានបាត់បង់ជីវិត ។ ទន្ទឹមនេះ ប្រជាជននៅតួកគីចំនួន៧២០០០នាក់ផ្សេងទៀត បានរងរបួសក្នុងគ្រោះរញ្ជួយដីនោះ។ 
 
ស្របគ្នានេះ វាកាន់តែមានស្ថានភាពលំបាកសម្រាប់ក្រុមអ្នកជួយសង្រ្គោះ ដែលកំពុងសស្រាក់យកគំនរអគារចេញ ដោយសារតែអាកាសធាតុត្រជាក់។ 
 
ដោយសារស្ថានភាពកាន់តែលំបាក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានអំពាវនាវរកជំនួយហិរញ្ញវត្ថុបន្ថែមពីសហគមន៍អន្តរជាតិសម្រាប់តួកគី និងស៊ីរី។ មិនតែប៉ុណ្ណោះ ប្រមុខ UN ក៏បានស្នើឱ្យមានការផ្តល់ជំនួយជាច្រើនទៅក្នុងតំបន់រងគ្រោះនៅស៊ីរីផង។ 
 
«ជំនួយជាច្រើនកំពុងតែត្រូវបានដឹកជញ្ជូន ប៉ុន្តែជំនួយកាន់តែច្រើន គឺចាំបាច់»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អង្គការសហប្រជាជាតិនឹងចាប់ផ្តើមកៀងគរមូលនិធិសម្រាប់តួកគី​ និងស៊ីរីនៅសប្តាហ៍ក្រោយ។ 
 
ក្នុងថ្ងៃទី៩ ខែកុម្ភៈដដែលនោះ អាម៉េរិក បានបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួនសម្រាប់តំបន់រងគ្រោះដោយសាររញ្ជួយដីនៅស៊ីរីផង។ តាមការបញ្ជាក់របស់អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោក Wally Adeyemo នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការបន្ធូរបន្ថយនេះ គឺដើម្បីជួយសង្រ្គោះជីវិតមនុស្ស និងកសាងតំបន់នោះឡើងវិញ៕ 
 

Tag:
 តួកគី
  ស៊ីរី
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com