អន្តរជាតិ
កូរ៉េខាងត្បូង ​នឹង​​ចេញ​ទិដ្ឋាការ​រយៈពេល​ខ្លីឱ្យអ្នកដំណើរមកពីចិនឡើងវិញ
10, Feb 2023 , 8:29 pm        
រូបភាព
កូរ៉េខាងត្បូងគ្រោងនឹងបន្តការចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកដំណើរមកពីចិនឡើងវិញនៅថ្ងៃទី១១ ខែកុម្ភៈ ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅចិនហាក់មានភាពប្រសើរឡើង។



កូរ៉េខាងត្បូង កាលពីដើមខែមករា បានបញ្ឈប់ការចេញទិដ្ឋាការរយៈពេលខ្លីនៅស្ថានកុងស៊ុលរបស់ខ្លួននៅចិន​ ដ្បិតព្រួយបារម្ភពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ​អំឡុងបុណ្យចូលឆ្នាំចិនកន្លងមក។ ទីក្រុងប៉េកាំង មិនសប្បាយចិត្តឡើយចំពោះវិធានការនេះ ហើយក៏ចេញចំណាត់ការដូចគ្នាវិញ។
 
ស្របពេលស្ថានភាពនៅចិនប្រសើរឡើង លោក Kim Sung-ho អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ និងសុវត្ថិភាព បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តចាប់ផ្តើមការចេញទិដ្ឋាការឡើងវិញឱ្យអ្នកដំណើរមកពីចិន ដ្បិតមើលឃើញស្ថានភាពជំងឺកូវីដ-១៩ចិនហាក់មានភាពប្រសើរឡើង។ ប៉ុន្តែអ្នកដំណើរមកពីចិន នៅតែតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ដដែល។ 
 
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo កាលពីសប្តាហ៍មុនបានណែនាំឱ្យអាជ្ញាធរដកការរឹតបន្តឹងលើអ្នកដំណើរឱ្យបានមុនដំណាច់ខែកុម្ភៈ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩នៅចិនមានភាពប្រសើរឡើងនិងអាចគ្រប់គ្រងបាន។ 
 
យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង ក្នុងចំណោមអ្នកដំណើរមកពីចិនប្រមាណ១ម៉ឺននាក់ដែលចូលមកកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ២ ខែមករាកន្លងមក អាជ្ញាធរកូរ៉េខាងត្បូងធ្វើតេស្តឃើញវិជ្ជមាន​ជាង៧ភាគរយ៕
 

Tag:
 កូរ៉េខាងត្បូង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com