ជាតិ
សង្គមជាតិ
មណ្ឌលព្រៃស្ពឺ បញ្ជូនមនុស្សចេញយ៉ាងគំហុក ដើម្បីកុំឲ្យមានការរិះគន់
10, Feb 2023 , 8:59 pm        
រូបភាព
ច្រកចូលខាងមុខមជ្ឈមណ្ឌសំចតសង្គមកិច្ច រាជធានីភ្នំពេញ។ រូបពី លីកាដូ
ច្រកចូលខាងមុខមជ្ឈមណ្ឌសំចតសង្គមកិច្ច រាជធានីភ្នំពេញ។ រូបពី លីកាដូ
ភ្នំពេញ៖ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អះអាងថា ការបញ្ជូនមនុស្សចេញពីមជ្ឈមណ្ឌលសំចតសង្គមកិច្ច(មណ្ឌលព្រៃស្ពឺ) ដើម្បីកុំឲ្យក្រុមសង្គមស៊ីវិល បន្តរិះគន់ ខណៈកន្លែងមណ្ឌលនេះ គ្រាន់តែជាទីសំចតបណ្ដោះអាសន្ន។

 
រយៈពេលពីរថ្ងៃនេះ មន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច បានស្វែងរកសាច់ញាតិ របស់ជនអនាថាតាមបណ្ដាខេត្តនានា ហើយបញ្ជូនពួកគេចេញពីមណ្ឌលព្រៃស្ពឹជិតអស់ហើយ។ ចំណែក ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលកែប្រែ ហើយអ្នកវិកលចរិត ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែវិបល្លាសស្មារតី។ 
 
អ្នកនាំពាក្យសង្គមកិច្ច លោក តូច ចាន់នី ប្រាប់ព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា គិតត្រឹមថ្ងៃទី១០ កុម្ភៈនេះ ជនអនាថា នៅសល់ក្នុងមណ្ឌល ប្រមាណ១០០ប៉ុណ្ណោះ។ បើតាមលោក ចាន់នី អ្នកស្នាក់នៅមណ្ឌលព្រៃស្ពឺនេះ នឹងត្រូវបញ្ជូនចេញឲ្យអស់។ 
 
«ហេតុផល យើងអត់ត្រូវតែបញ្ជូនចេញ អត់ត្រូវទុកពួកគាត់ចិញ្ចឹមទេ! មែនទែនទៅ កន្លងមក យើងចេះតែទុកៗពួកគាត់ ព្រោះពិបាករកអាសយដ្ឋាន អ៊ីចឹងយើងក៏ចេះតែទុកទៅ! តាមពិតយើងអត់មាន គោលការណ៍មកបង្កើតមណ្ឌលចិញ្ចឹមជនអនាថាទេ! ព្រោះពួកគេមានស្រុកកំណើត មានសាច់ញាតិច្បាស់លាស់»។ ដូច្នេះ យើងបញ្ជូនទៅវិញ»។ លោក តូច ចាន់នី ពន្យល់ពី មូលហេតុនៃការនាំចេញយ៉ាងដូច្នេះ ។
 
លោកបកស្រាយទៀតថា កន្លងមកជនអនាថា ត្រូវបានបញ្ជូនចេញដែរ នៅពេលពួកគេរកឃើញសាច់ញាតិវិញ។ បច្ចុប្បន្ន ក្រុមការងារនឹងស្រាវជ្រាវឲ្យដល់ឫសគល់ ដើម្បីបញ្ជូនពួកគេចេញ។ 
 
កាលពីថ្ងៃទី៧ កុម្ភៈ តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស OHCHR ប្រចាំនៅកម្ពុជា អ្នកស្រី Roueida EI Hage បានជួបពិភាក្សាជាមួយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពីស្ថានភាពមណ្ឌលព្រៃស្ពឺនេះ នៅទីស្ដីការក្រសួង។ 
 
ទាក់ទិននឹងរឿងជនអនាថា នៅក្នុងមណ្ឌលព្រៃស្ពឹនេះ អង្គការលីកាដូ កាលពីដើម ខែធ្នូឆ្នាំ២០២២ បានរកឃើញថា មានអ្នកស្លាប់ជាច្រើននាក់ ប៉ុន្តែគ្មានរបាយការណ៍ជាក់លាក់។ សង្គមស៊ីវិល ដែលធ្វើការលើសិទ្ធិមនុស្សមួយនេះ ចាត់ទុកថា សកម្មភាពមណ្ឌលនេះ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ 
 
ជុំវិញការរិះគន់នេះ លោក តូច ចាន់នី ទទួលស្គាល់ថា ក្នុងមណ្ឌលព្រៃស្ពឺ កន្លងមកពិតជាជនអនាថាស្លាប់ពិតមែន ប៉ុន្តែមិនមែនមានន័យថា ក្រុមការងារសង្គមកិច្ចមិនបានយកចិត្តទុកដាក់នោះទេ។ លោក បានបកស្រាយថា ជនអនាថា ដែលស្លាប់ក្នុងមណ្ឌលកន្លងមក ក៏ព្រោះពួកគេមានជំងឺជាប់ខ្លួន មុនពេលបញ្ជូនមកមណ្ឌល។ 
 
លោក ចាន់នី បានសង្កត់ធ្ងន់ថា ក្នុងមណ្ឌលក៏មានក្រុមគ្រូពេទ្យពិនិត្យនិងបើកថ្នាំ ដល់ពួកគេដែរ ហើយនៅពេលមានជំងឺធ្ងន់ ទើបបញ្ជូនពួកគេចេញទៅព្យាបាលខាងក្រៅ។ ប៉ុន្តែ អ្នកមានជំងឺប្រចាំកាយធ្ងន់ធ្ងរខ្លះក៏ស្លាប់ភ្លាមៗ ដោយសារជំងឺធ្ងន់ធ្ងរពេក។
 
បើតាមលោក ចាន់នី បច្ចុប្បន្ន មណ្ឌលព្រៃស្ពឺ បានប្ដូរគោលការណ៍ ដោយកំណត់ឲ្យជនអនាថាស្នាក់នៅ ឬសំចត ពី១ទៅ ២សប្ដាហ៍ប៉ុណ្ណោះ។ លុះស្វែងរកសាច់ញាតិពួកគេឃើញ នឹងបញ្ជូនជនអនាថា ទាំងនោះចេញ។ 
 
«ឥឡូវយើងបណ្ដឹងការគ្រប់គ្រងពួកគាត់ បើទុកពួកគាត់កាន់តែយូរ យើងកាន់តែមានបញ្ហា! សង្គមស៊ីវិលទាំងនោះ ថាយើងយកពួកគាត់(ជនអនាថា) មកឃុំឃាំង! អ៊ីចឹង យើងរងការរិះគន់! អ៊ីចឹង វិធីដែលល្អ ត្រូវរកស្រុកកំណើតគាត់ឲ្យឃើញហើយបញ្ជូនទៅវិញ»។ នេះបើតាមអ្នកនាំពាក្យសង្គមកិច្ច ដែលបានបន្ថែមថា បើជនអនាថាទាំងនោះ មានជីវភាពក្រីក្រ ក្រុមការងានឹងរៀបចំស្នើធ្វើបណ្ណក្រីក្រដល់ពួកគេផងដែរ៕
 

Tag:
 មណ្ឌលព្រៃស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com