អន្តរជាតិ
បារាំងថា ការផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែនមិនអាចធ្វើឡើងត្រឹមរយៈពេលខ្លីឡើយ
10, Feb 2023 , 5:30 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា បើទោះសម្ព័ន្ធមិត្តលោកខាងលិច ឯកភាពបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនក៏ដោយ យន្តហោះចម្បាំងទាំងនោះ មិនអាចបញ្ជូនក្នុងរយៈពេលឆាប់ៗខាងមុខឡើយ។

 
បន្ទាប់ពីបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ និងក្រុងបារីសនៅថ្ងៃទី៨ ខែកុម្ភៈ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបំពេញទស្សនកិច្ចនៅទីក្រុងព្រុចសែល បែលហ្ស៊ិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអឺរ៉ុប និងសភាអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំអ៊ុយក្រែន បានបញ្ចុះបញ្ចូលប្រទេសអឺរ៉ុបដើម្បីផ្តល់យន្តហោះចម្បាំង និងមីស៊ីលចម្ងាយឆ្ងាយ ដើម្បីទប់នឹងរុស្ស៊ីដែលអ៊ុយក្រែនរំពឹងថា នឹងមានការវាយប្រហារខ្លាំងក្លានៅចំថ្ងៃខួបក្រុងមូស្គូចូលឈ្លានពានមួយឆ្នាំ។ 
 
យ៉ាងណាមិញ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបក្នុងថ្ងៃទី១០ ខែកុម្ភៈ លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានព្រមានថា ការបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន មិនអាចធ្វើឡើងត្រឹមរយៈពេលឆាប់ៗខាងមុខឡើយ។​
 
«ខ្ញុំមិនបានបដិសេធឡើយ ប៉ុន្តែវាមិនអាចឆ្លើយតបនឹងការស្នើក្នុងពេលបច្ចុប្បន្ន»។ លោកម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងពេលនេះ វាពិតជាសំខាន់ក្នុងអាចបញ្ជូនអាវុធដែលមានប្រយោជន៍ទៅឱ្យក្រុងកៀវ ដូចជាកាំភ្លើង Caesar និងប្រព័ន្ធការពារចម្ងាយមធ្យម MAMBA ជាដើម។ 
 
ជាការពិត មុននឹងផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែន ប្រទេសអឺរ៉ុបត្រូវហ្វឹកហ្វឺនកម្លាំងយោធាអ៊ុយក្រែនជាមុនសិន ហើយការហ្វឹកហាត់នោះទៀតសោត មិនមែនប្រើរយៈពេលខ្លីឡើយ។ ស្របគ្នានេះ ប្រទេសអឺរ៉ុប ក៏មានក្តីបារម្ភផងដែរថា ការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន អាចធ្វើឱ្យសង្រ្គាមកាន់តែរីកធំឡើង។ 
 
កន្លងមក អង់គ្លេស បានផ្តល់សំណើក្នុងការហ្វឺកហាត់អ្នកបើកយន្តហោះរបស់អ៊ុយក្រែន លើយន្តហោះចម្បាំងផលិតដោយអឺរ៉ុប ខណៈប៉ូឡូញ និងស្លូវ៉ាគី កំពុងពិចារណាផ្តល់យន្តហោះចម្បាំងផលិតដោយសហភាពសូវៀត Mig-29។ យន្តហោះចម្បាំង Mig-29 ក៏ត្រូវបានកងកម្លាំងអ៊ុយក្រែនប្រើប្រាស់ផងដែរ។ 
 
ស្របពេលមានការស្នើសុំខាងលើ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានព្រមានថា ប្រសិនបើប្រទេសលោកខាងលិចផ្តល់ជំនួយយន្តហោះចម្បាំងទៅអ៊ុយក្រែន មានតែប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ ដែលរងគ្រោះ។
 
គួររំឭកថា កន្លងមក អធិបការបតីអាល្លឺម៉ង់ និងប្រធានាធិបតីអាម៉េរិក បានបដិសេធបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន ក្រោមហេតុផលបារម្ភពីសង្រ្គាមអាចនឹងមានការរីកសាយ៕

Tag:
 (បារាំង
  អ៊ុយក្រែន)
© រក្សាសិទ្ធិដោយ thmeythmey.com