អន្តរជាតិ
ចិនសាទរ ក្រោយកូរ៉េខាងត្បូងលែងរឹតត្បិតការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរចិន
10, Feb 2023 , 9:30 pm        
រូបភាព
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង ណែនាំដល់អ្នកដំណើរចិន នៅអាកាសយានដ្ឋានអន្តរជាតិ Incheon។ រូបភាព AFP
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង ណែនាំដល់អ្នកដំណើរចិន នៅអាកាសយានដ្ឋានអន្តរជាតិ Incheon។ រូបភាព AFP
រដ្ឋាភិបាលក្រុងសេអ៊ូល នៅថ្ងៃទី១០ ខែកុម្ភៈ នឹងចាប់ផ្តើមផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរមកពីចិនឡើងវិញ ក្រោយរឹតត្បិតរយៈពេល ១ខែ ដោយសារបារម្ភពីការរីកសាយនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប រដ្ឋាភិបាលចិន នឹងពិចារណាលើកចោលវិធានរឹតត្បិតលើអ្នកដំណើរមកពីកូរ៉េខាងត្បូងវិញផងដែរ។

 
 
កន្លងមក ចិន និងកូរ៉េខាងត្បូង បានផ្អាកការផ្តល់ទិដ្ឋាការដល់អ្នកដំណើរទៅវិញទៅមក ក្រោយកូរ៉េខាងត្បូងបានតម្រូវឱ្យអ្នកដំណើរចិន ត្រូវមានលទ្ធផលអវត្តមានមុនមកដល់ប្រទេសខ្លួន ដោយសារចិនបានបញ្ចប់គោលនយោបាយគ្មានជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ 
 
យ៉ាងណាមិញ ក្រោយអនុវត្តវិធាននេះមួយខែ កូរ៉េខាងត្បូង បានសម្រេចលើកចោលការរឹតត្បិតការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរចិន។ អនុរដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូងទទួលបន្ទុកការគ្រប់គ្រងសុវត្ថិភាព និងគ្រោះមហន្តរាយ លោក Kim Sung-ho នៅថ្ងៃទី១០ ខែកុម្ភៈ បានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចចាប់ផ្តើមផ្តល់ទិដ្ឋាការឡើងវិញ បន្ទាប់ពីករណីឆ្លងនៃអ្នកមកដល់នៃអ្នកដំណើរជនជាតិចិនមានការធ្លាក់ចុះ​ ខណៈវីរុសបំប្លែងខ្លួន ក៏មិនបានកើតឡើងដែរ។
 
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសាទរចំពោះចំណាត់ការខាងលើ និងចាត់ទុកជាការដើរលើផ្លូវត្រូវ។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ចិងនឹងពិចារណាលើការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ប្រជាជនកូរ៉េខាងត្បូងឡើងវិញ ដោយផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។ បើតាមលោកស្រី Mao Ning ក្រុងប៉េកាំងសង្ឃឹមថា កូរ៉េខាងត្បូងនឹងធ្វើការជាមួយក្រុងប៉េកាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ 
 
សូមបញ្ចាក់ថា​ ក្រៅពីកូរ៉េខាងត្បូង ចិន និងជប៉ុន ក៏បានផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីទៅវិញទៅមកផងដែរ៕

Tag:
 (ចិន
  កូរ៉េខាងត្បូង)
© រក្សាសិទ្ធិដោយ thmeythmey.com