កីឡាអន្តរជាតិ
អន្តរជាតិ
លោក Scaloni, Gaurdiola និង Ancelotti ជាប់ជាបេក្ខភាពគ្រូបង្វឹកល្អបំផុត FIFA ៣រូបចុងក្រោយ
11, Feb 2023 , 9:59 am        
រូបភាព
 រូបភាព៖ FIFA
រូបភាព៖ FIFA
គ្រូបង្វឹកក្រុមជើងឯក World Cup 2022 អាហ្សងទីនលោក Lionel Scaloni ,អ្នកចាត់ការក្រុមជើងឯក Premier League លោក Pep Guardiola និងគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ជាបេក្ខភាពគ្រូបង្វឹកល្អបំផុត ៣រូបចុងក្រោយត្រូវប្រជែងពានរង្វាន់ The Best FIFA Men’s Coach Award 2022។

កាលពីឆ្នាំ ២០២១ លោក Scaloni ជាប់ត្រឹមចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះក្នុងនាមជាគ្រូបង្វឹកល្អប្រចាំឆ្នាំ ។ ហើយឆ្នាំដដែលគ្រូបង្វឹកអាហ្សង់ទីនរូបនេះ បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America 2021។ ឈានដល់ឆ្នាំ ២០២២ លោកជួយអាហ្សង់ទីនឈ្នះពានរង្វាន់ Finalissima និងចុងក្រោយ World Cup 2022 នៅប្រទេសកាតា។ 
 
សម្រាប់លោក Carlo Ancelotti នៅតែជាគ្រូបង្វឹកដ៏ល្អ សម្រាប់ក្រុម Real Madrid ក្រោយវិលត្រលប់មកដឹកនាំក្រុមក្នុងឆ្នាំ ២០២២ វិញ ។ លោកបានជួយកែប្រែស្ថានការណ៍ ក្រមយក្សអេស្ប៉ាញឱ្យឈ្នះពាន UEFA Champions League ដោយឈ្នះលើ Liverpool ១-០។ លោក Ancelotti ជាគ្រូបង្វឹកដំបូងគេ ដែលឈ្នះពានរង្វាន់កំពូលអឺរ៉ុបធំៗចំនួន ៥លើក។ 
 
ចំណែកលោក Guardiola បានជួយដឹកនាំក្រុម Manchester City គ្រងជើងឯកលីគកំពូលអង់គ្លេស Premier League ​ជាបន្តបន្ទាប់ បើទោះបីជាក្រុមរងបរាជ័យក្នុងការប្រជែងនៅពានរង្វាន់ Champions League ក៏ដោយ។ កាលពីរដូវកាលមុន គូប្រជែងដ៏ខ្លាំងរបស់ Man City គឺ Liverpool ដែលបានដណ្តើមយកពាន FA Cup និង EFL Cup។ Guardiola បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អនេះចំនួន ២លើករួចមកហើយ នៅក្នុងឆ្នាំ ២០១៩ និង ២០២១។
 
រូបភាព៖ FIFA

ដោយឡែកក្នុងនោះ FIFA បានបង្ហាញបេក្ខភាពគ្រូបង្វឹកស្ត្រីល្អដើម្បីប្រជែងបាន The Best FIFA Women’s Coach Award។ គ្រូបង្វឹកក្រុមស្ត្រីចំនួន ៣នាក់ មានអ្នកស្រី Sarina Wiegman គ្រូបង្វឹកក្រុមស្ត្រីអង់គ្លេស, Pia Sundhage គ្រូបង្វឹកក្រុមស្ត្រីប្រេស៊ីល និងអ្នកស្រី Sonia Bompaster គ្រូបង្វឹកក្រុម Lyon។
អ្នកស្រី Sarina Wiegman ធ្លាប់បានឈ្នះពានរង្វាន់នេះចំនួន ២លើករួចមក ដោយបានជួយដឹកនាំក្រុមតោកំណាចនារីអង់គ្លេសគ្រងជើងឯកពានរង្វាន់កំពូលអឺរ៉ុប Euro 2022 ក្រោយឈ្នះលើក្រុមនាទីអាល្លឺម៉ង់។ 
 
ចំណែកអ្នកស្រី Pia Sundhage សញ្ជាតិស៊ុយអែត បានជួយក្រុមនារីប្រេស៊ីលដណ្តើមបានពានរង្វាន់ Copa America Femenina ក៏មានវត្តមានចំណោមបេក្ខភាពល្អបំផុតទាំង ៣ ជាមួយអ្នកស្រី Sonia Bompastor គ្រូបង្វឹកក្រុមនារី Lyon ដែលទើបដឹកនាំក្រុមឈ្នះពានរង្វាន់ទាំងបី នៅទឹកដីបារាំងក្នុងឆ្នាំ ២០២២។ 
សូមជម្រាបថា ការប្រកាសបេក្ខភាពឈ្នះពានរង្វាន់ The Best FIFA Football Awards នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ រួមជាមួយការប្រគល់ពានរង្វាន់ដទៃទៀត៕
 
 

Tag:
 FIFA
  The Best FIFA Men’s Coach Award 2022
© រក្សាសិទ្ធិដោយ thmeythmey.com