អន្តរជាតិ
គណៈកម្មការបោះឆ្នោតនីហ្សេរីយ៉ាប្រឈមនឹងភាពអសន្តិសុខកាន់តែខ្លាំង មុនពេលបោះឆ្នោតចុងខែកុម្ភៈ
11, Feb 2023 , 8:30 am        
រូបភាព
រូបឯកសារ៖ មន្ត្រីម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យតម្រៀបបណ្ណបោះឆ្នោតនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ មន្ត្រីម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យតម្រៀបបណ្ណបោះឆ្នោតនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
ដោយ: VOA
គណៈកម្មការបោះឆ្នោតជាតិឯករាជ្យ (INEC) ក្នុងប្រទេសនីហ្សេរីយ៉ា បានថ្លែងថា គណៈកម្មការនេះកំពុងរៀបចំផែនការដាក់ជំនួសប្រអប់សន្លឹកឆ្នោតប្រមាណ ៧០០ប្រអប់ បន្ទប់សម្ងាត់សម្រាប់គូសសន្លឹកឆ្នោតចំនួន ២៤៣បន្ទប់ និងថង់បោះឆ្នោតចំនួន ២៥៦ ដែលត្រូវបានបំផ្លាញដោយអ្នកវាយប្រហារដែលបានវាយឆ្មក់ទៅលើការិយាល័យរបស់គណៈកម្មការនេះនៅក្នុងស្រុក Idemili South នៅភាគអាគ្នេយ៍នៃរដ្ឋ Anambra ក្នុងប្រទេសនីហ្សេរីយ៉ា។



គណៈកម្មការបោះឆ្នោតបានថ្លែងថា ការបំផ្លិចបំផ្លាញមានភាពធ្ងន់ធ្ងរ ប៉ុន្តែបណ្ណអ្នកបោះឆ្នោតអចិន្ត្រៃយ៍ក្នុងហិបសុវត្ថិភាពដែលការពារការឆេះនោះ មិនត្រូវបានបំផ្លាញនោះទេ។
លោក Festus Okoye មន្ត្រីព័ត៌មាននិងអប់រំ របស់គណៈកម្មការ INEC បានផ្តល់បទសម្ភាសន៍ដល់ VOA តាមរយៈទូរស័ព្ទដូចនេះថា៖
 
«ការិយាល័យបោះឆ្នោតត្រូវបានបំផ្លាញទាំងស្រុង។ ប្រអប់សន្លឹកឆ្នោតទាំងអស់ និងបន្ទប់សម្ងាត់សម្រាប់គូសសន្លឹកឆ្នោត និងម៉ាស៊ីនភ្លើងត្រូវបានបំផ្លាញ។ យើងនឹងដាក់ជំនួសសម្ភារៈទាំងនេះវិញភ្លាមៗ ហើយបន្ទាប់មកនឹងផ្លាស់ប្តូរការិយាល័យនេះទៅទីតាំងថ្មី និងបន្តការងារជាមួយនឹងការរៀបចំខ្លួនរបស់យើង។ យើងមិនអាចឱ្យហេតុការណ៍ទាំងនេះរារាំង ឬបង្អាក់ដំណើរការនោះទេ»។
 
ក្រុមអាជ្ញាធរប៉ូលិសនិយាយថា ពួកគេកំពុងតាមដានស្ថានភាព និងបានដាក់ពង្រាយកម្លាំងមន្ត្រីក្នុងតំបន់នោះរួចហើយ។


រូបឯកសារ៖ បុគ្គលិករៀបចំការបោះឆ្នោតរៀបចំប្រអប់សន្លឹកឆ្នោតដាក់លើរថយន្តនៅការិយាល័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យក្នុងតំបន់ក្នុងក្រុង Yola ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
 
កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ក្រុមវាយប្រហារប្រដាប់អាវុធ បានទម្លុះចូលទៅក្នុងការិយាល័យរបស់គណៈកម្មការ INEC នៅក្នុងរដ្ឋ Anambra និងបានដាក់គ្រាប់បំផ្ទុះ និងគ្រាប់បែកសាំងកែច្នៃ។
 
ក្រុមមន្ត្រីនិយាយថា ក្រុមអ្នកវាយប្រហារក៏បានបាញ់កាំភ្លើងនៅក្បែរស្ថានីយប៉ូលិសក្នុងមូលដ្ឋានផងដែរ ដោយបានសម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ និងបណ្តាលឱ្យក្មេងស្រីវ័យជំទង់ម្នាក់ទៀតរងរបួស មុនពេលភ្នាក់ងារសន្តិសុខធ្វើអន្តរាគមនោះ។
 
គណៈកម្មការ INEC បានរាយការណ៍ថា មានការវាយប្រហារ និងការបង្កឱ្យមានអគ្គិភ័យជាង៥០ដងទៅលើការិយាល័យរបស់ខ្លួនក្នុងរដ្ឋទាំង ១៥ របស់នីហ្សេរីយ៉ា ចាប់តាំងពីការបោះឆ្នោតលើកចុងក្រោយក្នុងឆ្នាំ២០១៩មក។
 
នេះជាការវាយប្រហារលើកដំបូងនៅក្នុងខែកុម្ភៈ ខណៈដែលនីហ្សេរីយ៉ាចាប់ផ្តើមរាប់ថយក្រោយសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។
 
លោក Hamzat Lawal ប្រធានប្រតិបត្តិនៃអង្គការ Connected Development និយាយថា អំពើហិង្សាអាចគំរាមកំហែងដល់ទំនុកចិត្តអ្នកបោះឆ្នោតក្នុងពេលបោះឆ្នោត។ លោកថ្លែងថា៖
 
«នៅពេលយើងទៅបោះឆ្នោត ធាតុផ្សំដ៏សំខាន់បំផុតគឺសន្តិភាព ដោយសារប្រសិនបើការបោះឆ្នោតមានសន្តិភាព មនុស្សម្នាអាចមានទំនុកចិត្តគ្រប់គ្រាន់នឹងចេញពីផ្ទះរបស់ពួកគេទៅបោះឆ្នោត។ ជាមួយនឹងសន្តិភាព យើងនឹងធានាថា យើងនឹងមានអ្នកមិនទៅបោះឆ្នោតតិចជាងមុន ហើយមនុស្សម្នានឹងមិនបាត់បង់សិទ្ធិបោះឆ្នោតនោះទេ»។
 
កាលពីខែមករា គណៈកម្មការ INEC បានថ្លែងថា គណៈកម្មការនេះកំពុងធ្វើការជាមួយយោធា ប៉ូលិស និងអាជ្ញាធរការពារជនស៊ីវិល ដើម្បីផ្តល់សន្តិសុខគ្រប់គ្រាន់ដល់បុគ្គលិក និងសម្ភារៈបោះឆ្នោតក្នុងពេលបោះឆ្នោត។ 


រូបឯកសារ៖ ក្នុងរូបដែលបានថតកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បង្ហាញពីបុរសម្នាក់ដេកនៅក្រោមស្ពានក្បែរជញ្ជាំងដែលមានបិទផ្ទាំងរូបភាពយុទ្ធនាការបោះឆ្នោត នៅមុនការបោះឆ្នោតប្រធានាធិបតីនីហ្សេរីយ៉ា ក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។
 
ប៉ុន្តែលោក Lawal និយាយថា ក្រុមអាជ្ញាធរត្រូវធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋមានជំនឿងទៅលើសុវត្ថិភាពរបស់ពួកគេជាមុនសិន។ លោកបន្តដូច្នេះទៀតថា៖
 
«ខ្ញុំក៏ចង់និយាយទៅកាន់រដ្ឋាភិបាលផងដែរ ជាពិសេសអ្នកនយោបាយ។ កុំលេងនយោបាយជាមួយបញ្ហាសន្តិសុខ ហើយខ្ញុំជឿថា ទីភ្នាក់ងារសន្តិសុខរបស់យើងនឹងធ្វើបានល្អដូចក្តីរំពឹង និងកសាងទំនុកចិត្ត និងភាពជឿជាក់ពីសាធារណជន និងដឹងថា គណៈកម្មការ INEC កំពុងទទួលបានការទុកចិត្ត និងភាពជឿជាក់ពីសាធារណជន និងកំពុងប្រើប្រាស់វាដើម្បីទាក់ទាញឱ្យមនុស្សវ័យក្មេងចេញទៅបោះឆ្នោត។ ខ្ញុំជឿជាក់ថា យើងនឹងមានអ្នកចេញមកបោះឆ្នោតលើសពី ៨០%»។
 
បើយោងទៅតាមគណៈកម្មការបោះឆ្នោតបានឱ្យដឹងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រមាណតែ ៤០% ប៉ុណ្ណោះក្នុងចំណោមអ្នកចុះឈ្មោះទាំងអស់ ដែលគ្រោងទៅបោះឆ្នោត ដោយសារតែភាពនឿយណាយរបស់អ្នកបោះឆ្នោត។
 
មានមនុស្សជាង ៩៣ លាននាក់ បានចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មការ INEC ដែលនេះជាចំនួនកើនឡើងពី ៨៤ លាននាក់ដែលមានសិទ្ធិបោះឆ្នោត និងត្រូវបានកត់ត្រាក្នុងការបោះឆ្នោតមុនៗ។
 
អ្នកជំនាញទស្សន៍ទាយថា ការចេញទៅបោះឆ្នោតអាចនឹងកើនឡើងខ្លាំងនៅឆ្នាំនេះ ប្រសិនបើអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតត្រូវបានដោះស្រាយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com