ជាតិ
កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១២
11, Feb 2023 , 10:29 am        
រូបភាព
កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១២ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងប្រទេសចិន។
 
កិច្ចព្រមព្រៀងទាំង១២នេះ រួមមាន៖ កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ។ កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការបរទេសចិន លោក ឈីន កាង(Qin Gang) ។
 
ជាមួយគ្នានេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានរ៉ាប់រងលើឯកសារមួយទៀត ជាមួយលោក វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍ សាកលវិទ្យាល័យក្រចេះ ជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន ។
 
ចំណែកផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤ វិញ ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខារួមគ្នា។
 
ទន្ទឹមនេះ ក៏មានពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិនផងដែរ។ ឯកសារនេះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ទទួលភារកិច្ចហត្ថលេខាជាមួយលោក យូ ជៀនហ័រ (Yu Jianhua) អគ្គនាយក នៃអគ្គរដ្ឋបាលគយចិន(GACC)។
 
រីឯលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក សិន ហាយស្យុង (Shen Haixiong) អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈមចិន ចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ។
 
បន្ថែមពីនេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ទទួលខុសត្រូវលើការងារមួយទៀត ជាមួយលោក ហ្វូ ហ័រ (Fu Hua ) ប្រធានទីភ្នាក់ងារស៊ីនហួ លើកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារស៊ីនហួ។
 
ចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីគំនិតផ្តួចផ្តើមកិច្ចសហការអាស៊ី សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ វិញ លោកស្រី ទូត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាជាមួយលោក លី ឈិន (Li Qun) អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងជាប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន។
 
ភាគីទាំងពីរ ក៏មានអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន ឆ្នាំ២០២៣-២០២៥ ផងដែរ។ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បានចុះហត្ថលេខារួមគ្នា។
 
លោក រស់ សីលវ៉ា និងលោក លូក ចាវហួយ (Luo Zhaohui) ក៏ទទួលខុសត្រូវរួមគ្នា លើលិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធផលលទ្ធភាពគម្រោងសាកល្បង កិច្ចសហប្រតិបត្តិការការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាជំហានទី២ ទៀតដែរ។
 
ក្រៅពីនេះ ក៏មានការចុះហត្ថលេខាលើលិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទានឥតសំ ណង ចំនួន ៤,៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា។ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនថាវ (Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលភារកិច្ចនេះ។
 
កិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍន៍ អាងទឹកដងកាំបិត ខេត្តកំពង់ធំ ត្រូវបានលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាជាមួយ លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។
 
ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ ក៏ជាភារកិច្ចរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលខុសត្រូវជាមួយលោក អ៊ូ ហ្វូលីន (Wu Fulin) ប្រធានធនាគារ អាហរណ៍ នីហ័រណចិន។
 
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង១២នេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១០ កុម្ភៈ។ នាយករដ្ឋមន្រ្តីកម្ពុជា នឹងមាតុភូមិនិវត្តវិញ នៅថ្ងៃទី១១ កុម្ភៈនេះ៕ 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com