អន្តរជាតិ
អ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ី
11, Feb 2023 , 3:00 pm        
រូបភាព
រូបឯកសារ៖ គ្រាប់រ៉ុក្កែតរបស់រុស្ស៊ីដែលបាញ់ទៅលើអ៊ុយក្រែនពីតំបន់ Belgorod របស់ប្រទេសរុស្ស៊ី នៅពេលព្រលឹមនៅក្នុងក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ គ្រាប់រ៉ុក្កែតរបស់រុស្ស៊ីដែលបាញ់ទៅលើអ៊ុយក្រែនពីតំបន់ Belgorod របស់ប្រទេសរុស្ស៊ី នៅពេលព្រលឹមនៅក្នុងក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ: VOA
អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយប្រើកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដ្រូនដ៏«ធំមួយ»  កាលពីថ្ងៃទី១០ កុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទៅបំពេញទស្សនកិច្ចក្នុងប្រទេសខ្លះនៅអឺរ៉ុបដើម្បីស្វះស្វែងរកអាវុធធុនធ្ងន់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

 
កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ «ពួកសត្រូវបានវាយប្រហារទីក្រុងនិងទីកន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ពួកគេបានបន្ថែមទៀតថា យន្តហោះគ្មានមនុស្សបើកដ្រូន Kamikaze ធ្វើនៅប្រទេសអ៊ីរ៉ង់ចំនួន៧គ្រឿងបានហោះចេញពីសមុទ្រ Azov ហើយកាំជ្រួចមីស៊ីល Kalibr ចំនួន៦គ្រាប់បានបាញ់ចេញពីសមុទ្រខ្មៅ។
 
កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ទៀតថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើកចំនួន៥គ្រឿង និងកាំជ្រួចមីស៊ីល Kalibr ចំនួន៥គ្រាប់។
 
កងទ័ពអាកាសអ៊ុយក្រែនក៏បាននិយាយផងដែរថា រុស្ស៊ីក៏បានធ្វើការវាយប្រហារដ៏«ធំមួយ»ដោយប្រើកាំជ្រួចមីស៊ីលវាយប្រហារយន្តហោះចំនួន៣៥គ្រាប់ ដែលសំដៅលើតំបន់ Kharkiv នៅក្នុងផ្នែកខាងកើតនិងភាគខាងត្បូងតំបន់ Zaporizhzhia។
 
ក្នុងតំបន់ Kharkiv «កន្លែងដែលមានហេដ្ឋារចនាសម្ពន្ធសំខាន់ៗបានរងការវាយប្រហារ» ដែលបានបណ្តាលឱ្យមានអគ្គីភ័យដែលត្រូវបានពន្លត់យ៉ាងរហ័ស។ នេះបើតាមលោកអភិបាល Oleg Sinegubov។
 
លោកបាននិយាយទៀតថា គ្មានមនុស្សបានរងរបួសទេ ក៏ប៉ុន្តែនៅផ្នែកខ្លះនៃទីក្រុងមិនមានភ្លើងអគ្គីសនីប្រើនោះទេ។
 
លោក Anatoly Kurtev មន្ត្រីក្នុងមូលដ្ឋានម្នាក់បាននិយាយថា «ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្សាហកម្មបានរងការខូចខាតនៅក្នុងតំបន់ Zaporizhzhia ដែលបានធ្វើឱ្យផ្នែកនានានៃទីក្រុងគ្មានភ្លើងអគ្គីសនី»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com