កីឡាអន្តរជាតិ
អន្តរជាតិ
Messi នឹងអវត្តមានការប្រកួតជំនួប PSG ប៉ះ Monaco ដោយសាររបួស
11, Feb 2023 , 3:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវអវត្តមានប្រកួតឱ្យក្រុម Paris Saint Germain ទល់ក្រុម AS Monaco ក្នុងជំនួប Ligue 1 សប្តាហ៍នេះ ដោយសារតែរងរបួសសរសៃពួរ។ នេះបើតាមការបញ្ជាក់របស់ក្លិប Paris Saint Germain កាលពីថ្ងៃទី១០ ខែកុម្ភៈ។



​Messi បានបង្ហាញវត្តមានលេងទល់ក្រុម Olympique Marseille នៃពានរង្វាន់ French Cup កាលពីថ្ងៃទី៧ ខែកុម្ភៈ ។ ការប្រកួតនោះជាការរងបរាជ័យដ៏អាម៉ាស់សម្រាប់ PSG ក្រោយចាញ់ក្នុងលទ្ធផល ២-១ ហើយបានធ្លាក់ចេញពីការប្រកួត។ របួសសរសៃពួរជើង Messi ក៏បានកើតឡើងអំឡុងពេលប្រកួតនោះ។
 
«[…] ​Leo មានអារម្មណ៍ថាឈឺត្រង់សាច់ដុំ រូបគេនឹងវិលត្រលប់មកហ្វឹកហាត់នៅថ្ងៃទី១៣ វិញ។ រូបគេនៅមិនទាន់ប្រាកដចិត្តនៅឡើយទេថានឹងអាចលេងទល់ Bayern ហើយយើងដឹងថា Leo ពិតជាមានសារៈសំខាន់ខ្លំាងណាស់សម្រាប់ការប្រកួតរបស់យើង ប៉ុន្តែគ្មានវត្តមានគេ យើងនឹងលេងតាមបែបផ្សេងទៀតដែលមានភាពរឹងមាំដូចគ្នា។ ជាក់ស្តែងការធ្វើដំណើរទៅកាន់ Monaco ដោយគ្មាន Leo គឺជារឿងមួយរំខានបំផុតសម្រាប់យើង។»។ នេះបើតាមសម្តីលោក Christophe Galtier គ្រូបង្វឹក ​PSG និយាយក្នុងសន្និសីទកាសែត។
 
មកដល់ពេលនេះ PSG បានបាត់បង់កីឡាករសំខាន់ៗចំនួន ២សប្តាហ៍រួចមកហើយ ដូចជា Kylian Mbappe ក៏រងរបួស ហើយជំនួប UEFA Champions League ក្នុងពេលខាងមុខ រូបគេក៏មិនអាចលេងបានដែរ។ បើតាមការអះអាងរបស់លោក Galtier កីឡាករ Achraf Hakimi ក៏កំពុងតែមានបញ្ហារបួសសរសៃពួរនេះដែរ ហើយកំពុងក្លាយជារឿងប្រឈមមុខខ្លាំងសម្រាប់ក្រុម។ 
 
រដូវកាលនេះ Lionel Messi រកបានគ្រាប់បាល់ចំនួន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត​ ១០គ្រាប់ ក្នុងក្របខណ្ឌ ​Ligue 1។
បច្ចុប្បន្ន PSG ជាក្រុមស្ថិតនៅលំដាប់កំពូលតារាងមាន ៥៤ពិន្ទុ ឆ្លងកាត់ការប្រកួតចំនួន ២២លើក និងមានកម្រិតពិន្ទុឃ្លាតពីក្រុមលំដាប់លេខ ២ Marseille ដល់ទៅ ៨ពិន្ទុ ហើយក្រុម Monaco ឈរលេខ ៤ មាន ៤៤ពិន្ទុ៕
 

Tag:
 Lionel Messi
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com