អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងមិននិយាយអ្វីសោះនៅពេលក្បួនព្យុហយាត្រាបង្ហាញមីស៊ីលឆ្លងទ្វីប ICBM ធំជាងមុន
11, Feb 2023 , 7:29 pm        
រូបភាព
Reuters តាមរយ:ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង
Reuters តាមរយ:ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង
ដោយ: VOA
មីស៊ីលត្រូវបានបង្ហាញនៅក្នុងព្យុហយាត្រាមួយដើម្បីកត់សម្គាល់ខួបទី៧៥ នៃការបង្កើតកងទ័ពកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

 
នៅក្នុងសេចក្តីរាយការណ៍អំពីក្បួនព្យុហយាត្រាកំណត់ខួបលើកទី៧៥នៃកំណើតកងទ័ពប្រជាជនកូរ៉េ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានសរសើរការបង្ហាញកងមីស៊ីលផ្លោងអន្តរទ្វីប ICBM ថាជាការបង្ហាញ«ការអភិវឌ្ឍន៍បដិវត្តន៍»នៃកម្លាំងការពាររបស់ខ្លួននិង«សមត្ថភាពវាយប្រហារនុយក្លេអ៊ែរ»របស់ខ្លួន។
 
មីស៊ីល ICBMs ធុន Hwasong-17 ចំនួន១១គ្រឿងបានបើកក្នុងទីលាន Kim Il Sung ដឹកដោយយានយន្តសម្រាប់បង្ហោះ។ នេះបើតាមរូបភាពផ្សព្វផ្សាយដោយបណ្តាញព័ត៌មានរដ្ឋ។ បន្ទាប់មកមានមីស៊ីល ICBMs តូចៗ៥គ្រឿងដែលគេមិនដែលឃើញកាលពីមុនហើយមិនត្រូវបានប្រាប់ឱ្យដឹង តែត្រូវអ្នកវិភាគជាច្រើននាក់ជឿថាជាមីស៊ីល ICBM ប្រើឥន្ធនៈរឹងដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងប៉ុនប៉ងអភិវឌ្ឍយូរយារមកហើយ។
 
លោក Ankit Panda ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការ Carnegie Endowment សម្រាប់សន្តិភាពអន្តរជាតិ។ លោកបានសរសេរក្នុង tweet ថា«មានយានយន្តបង្ហោះមីស៊ីល ICBM មួយគ្រឿងសម្រាប់អក្សរមួយតួដើម្បីសរសេរពាក្យ «ការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរ» តើនេះជាការចៃដន្យឬទេ?។ លោកលើកឡើងអំពីកង្វល់ថាចំនួនមីស៊ីល ICBMs ទាំងនេះ-បើមានសមត្ថភាព-អាចមានកម្លាំងខ្លាំងជាងកាំជ្រួចស.រ.អ.មានមូលដ្ឋានលើដីសម្រាប់ធ្វើការបាញ់ស្ទាក់។
 
មីស៊ីល ICBM ធុន Hwasong-17 មានឈ្មោះក្រៅថា«មហាមីស៊ីល»ដោយសារមានសមត្ថភាពអាចបាញ់ដល់ប្រទេសអាមេរិកដីគោក ដោយមានផ្ទុកគ្រាប់បែកនុយក្លេអ៊ែរមានទីដៅច្រើន។ តេស្តមានជោគជ័យដំបូងបានធ្វើកាលពីខែវិច្ឆិកា ដែលមីស៊ីលបែបនេះហោះបានចម្ងាយ១៥០០០គ.ម.។
 
គេដឹងថាកូរ៉េខាងជើងកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យា reentry ជាមួយម៉ាស៊ីនប្រើឥន្ធនៈរឹងដែលអាចឱ្យមីស៊ីល ICBMs ផ្ទុកឥន្ធនៈរឹង អាចកាត់បន្ថយពេលវេលាចាប់ពីការបញ្ចេញមីស៊ីលនេះរហូតដល់ពេលបង្ហោះ បើប្រៀបធៀបជាមួយមីស៊ីលប្រើឥន្ធនៈរាវ។
 
អ្នកវិភាគខ្លះនៅក្រុងសេអ៊ូលយល់ថារដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងធ្វើតេស្តមីស៊ីល ICBM ធុន Hwasong-17 ទៀត ដោយលើកនេះតាមគន្លងហោះធម្មតាដោយត្រង់ នៅក្នុងអ្វីដែលជាចំណាត់ការអុជអាលខ្លាំងមួយសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
 
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែកុម្ភៈថា«កងយោធពលវ័យក្មេងរបស់យើងបានអភិវឌ្ឍទៅជាអង្គភាពមានកម្លាំងបំផុត ជាមួយស្តុកអាវុធមានកម្លាំងខ្លាំងលើសលុប សម្រាប់បង្ក្រាបនិងកម្ទេចពួកចក្រពត្តិ»។ របាយការណ៍អំពីក្បួនព្យុហយាត្រានេះបាននិយាយយោងដល់សមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
 
របាយការណ៍នេះក៏បាននិយាយដែរអំពីអង្គភាពប្រតិបត្តិការអាវុធនុយក្លេអ៊ែរកលយុទ្ធថ្មីមួយ ដែលនឹងបំពេញ«បេសកកម្មយុទ្ធសាស្ត្ររបស់ពួកគេនៅពេលណាមួយដោយស្មោះត្រង់តាមបញ្ជាមេដឹកនាំ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com