ជាតិ
ពីនេះ ពីនោះ
រុក្ខជាតិមានមើម ៥ប្រភេទ អាចយកបរិភោគ ស្លរ និងធ្វើបង្អែមបាន
12, Feb 2023 , 7:59 am        
រូបភាព
រុក្ខជាតិមើម៥ប្រភេទអាចយកមកបរិភោគ ស្លរ ធ្វើបង្អែមក៏បាន
រុក្ខជាតិមើម៥ប្រភេទអាចយកមកបរិភោគ ស្លរ ធ្វើបង្អែមក៏បាន
ដោយ:
ភ្នំពេញ៖ ដំឡូងជ្វាដំឡូងឈើ ត្រាវ​ សណ្ដែកដី សាគូ ជារុក្ខជាតិអាចច្នៃធ្វើជាបន្លែ​ និងធ្វើបង្អែមក៏បាន​ លើសពីនេះពលរដ្ឋមួយចំនួនអាចយកទៅច្នៃបានច្រើនប្រភេទតាមការចង់បាន។



រុក្ខជាតិប៉ុន្មានប្រភេទខាងលើ ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើនស្គាល់ ដោយសារសម្បូរស្ទើរគ្រប់ទីកន្លែង។ មួយវិញទៀតដំណាំមើមទាំងនោះភាគច្រើនងាយស្រួលដាំ។ រុក្ខជាតិមួយចំនួននៅក្នុងប្រទេសកម្ពុជា អាចបរិភោគផ្លែ ត្រួយ និងមើម ជាមួយគ្នានេះមានរុក្ខជាតិមួយចំនួនត្រូវបានយកទៅច្នៃធ្វើជាអាហារ ឬបង្អែមសម្រាប់បរិភោគជាប្រចាំ។ ខាងក្រោមជារុក្ខជាតិមើមចំនួនប្រាំប្រភេទ​ អាចយកទៅស្ល និងធ្វើជាបង្អែមក៏បាន ដែលពលរដ្ឋភាគច្រើនស្គាល់ និងបានបរិភោគជារៀងរាល់ថ្ងៃ។ 
 
ដំឡូងជ្វា៖​ ជារុក្ខជាតិមួយប្រភេទ មានសណ្ឋានដើមជាវល្លិ ផ្តល់ផលជាមើម។ ដំឡូងជ្វា អាចមានពណ៌ស ស្វាយ និងលឿង។ ពលរដ្ឋមួយចំនួន ដឹងត្រឹមថាគេអាចយកទៅស្លប្រហើរ ស្លការី និងស្ងោរសម្រាប់បរិភោគ ប៉ុន្ដែលើសពីនេះ គេអាចយកធ្វើជាបង្អែមទឹក ដូចជាបង្អែមចេក និងយកទៅឆឹងក៏បាន។ ក្រៅពីនេះគេអាចច្នៃវាធ្វើជាដំណាប់សម្រាប់ទុករយៈពេលវែងផង។ 

ដំឡូងជ្វា

ដំឡូងឈើ៖ រុក្ខជាតិនេះមានដើមរឹងផ្ដល់ផលជាមើម​។ ចំពោះ សណ្ឋានរបស់ដំឡូងប្រភេទនេះ ខុសដាច់ពីដំឡូងជ្វា។
 
ដំឡូងឈើច្រើនមានប្រវែងវែង ដោយមើមខ្លះអាចដល់កន្លះម៉ែត្រក៏មាន  ហើយទម្ងន់មួយៗអាចលើសពីមួយគីឡូក្រាមផង។ មិនសូវខុសគ្នាពីដំឡូងជ្វាទេ ក្រៅពីគេយកធ្វើជាស្ងោរ គេអាចយកធ្វើជាបង្អែមបាក់បិន ឆឹង ធ្វើជាអន្សមដំឡូង និងអាចយកទៅស្លប្រហើរ ដោយលាយជាមួយបន្លែបៃតងក៏បាន។ មួយវិញទៀត ស្លឹករបស់វា នៅតាមតំបន់ខ្លះពលរដ្ឋអាចយកទៅស្លកកូរ ឬច្នៃធ្វើជាបន្លែអន្លក់ផង។ 
  
ដំឡូងឈើ

ត្រាវ៖ មើមត្រាវត្រូវបានពលរដ្ឋភាគច្រើនស្គាល់នឹងយកធ្វើជាបង្អែម និងស្លស្ទើគ្រប់ខេត្តនិងក្រុង។ សម្រាប់ត្រាវអាចមានមើមតូច ឬធំអាស្រ័យតាមពូជរបស់វា។ ចំពោះត្រាវព្រៃគ្មានមើម ប៉ុន្ដែស្លឹករបស់វាអាចយកទៅស្លបាន ប៉ុន្ដែមិនមែនមានន័យថា ដើមត្រាវមើមមិនអាចស្លបាននោះទេ។ 
  
ត្រាវ

សណ្ដែកដី៖ ជាប្រភេទរុក្ខជាតិមើមដែលត្រូវបានគេយកទៅធ្វើជាម្ហូបបានច្រើនមុខ ក្នុងនោះរួមមាន ស្ងោរ សម្លខ និងដាក់ស៊ុប។ មួយវិញទៀត គេអាចយកវាទៅធ្វើ​ផ្សំជាគ្រឿងបន្ថែមរសជាតិ ក្នុងបង្អែម  និងផ្សំជាមួយគ្រឿងទេសផ្សេងៗដាក់ទៅក្នុងសម្លផងដែរ។ 

សណ្ដែកដី

សាគូ៖ ជារុក្ខជាតិមួយប្រភេទដែលពលរដ្ឋភាគច្រើនមិនសូវស្គាល់នោះឡើយ មូលហេតុដោយសារវាជារុក្ខជាតិនេះរើសដី និងពិបាកដាំ ។ សាគូអាចមានពូជមើមក្រហម និងមើមស។
គេអាចយកវាស្ងោរជ្រលក់ស្ករត្នោត ឬស្ករសបានដូចគ្នា។ ពលរដ្ឋតំបន់ខ្លះអាចច្នៃមើមសាគូធ្វើជាឱសថព្យាបាលរោគ។ មួយទៀតក៏អាចយកស្លដូចជាដំឡូងប៉ុន្មានមុខខាងលើដែរ៕


 សាគូស
 
 

© រក្សាសិទ្ធិដោយ thmeythmey.com