អន្តរជាតិ
មន្រ្តីការទូតមីយ៉ាន់ម៉ាខ្វែងគំនិតគ្នាជុំវិញការតំណាងឱ្យរដ្ឋាភិបាលយោធា
12, Feb 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក Kyaw Moe Tun ថ្លែងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក Kyaw Moe Tun ថ្លែងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
ដោយ: VOA
ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន មន្រ្តីការទូតជាង១០០នាក់ដែលតំណាងឲ្យប្រទេសនេះបានធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិអំពីការប្រឆាំងរបស់ពួកគេទៅនឹងរដ្ឋាភិបាលរបបសឹកយោធា តាមរយៈការបដិសេធមិនតំណាងឲ្យរដ្ឋាភិបាលនេះ។



លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun ដែលជាតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិស្ថិតនៅក្នុងចំណោមមន្រ្តីការទូតដំបូងគេដែលបានចូលរួមក្នុង«ចលនាពលរដ្ឋមិនស្តាប់បង្គាប់» ឬ Civil Disobedience Movement (CDM)។
 
ចលនានេះមានគោលដៅប្រឆាំងនឹងរដ្ឋាភិបាលយោធាដែលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានទម្លាក់លោកស្រី អោងសាន ស៊ូជី និងរដ្ឋាភិបាលជ្រើសតាំងតាមបែបប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីចេញពីអំណាច។
 
ថ្លែងមកកាន់វីអូអេភាសាភូមាកាលពីដើមខែកុម្ភៈ លោកបានរំឭកពីការគាំទ្របំណងរបស់ពលរដ្ឋមីយ៉ាន់ម៉ាថា៖ «ខ្ញុំមិនសោកស្តាយក្នុងការចូលរួមក្នុងចលនាពលរដ្ឋមិនស្តាប់បង្គាប់នោះទេ។ ហើយខ្ញុំមានមោទនភាពថែមទៀត ពីព្រោះយើងត្រូវឈរជាមួយនឹងប្រជាពលរដ្ឋ។ ខ្ញុំជាពលរដ្ឋម្នាក់ និងជាមន្រ្តីរដ្ឋម្នាក់ ដូច្នេះខ្ញុំមានមោទនភាពពីរឿងនេះ។ ជាមន្រ្តីរដ្ឋ យើងត្រូវរួបរួមគ្នាជាមួយនឹងប្រជាពលរដ្ឋ។ តើប្រជាពលរដ្ឋចង់បានអ្វី? និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំប្រឆាំងយ៉ាងខ្លាំងទៅនឹងក្រុមជនដែលធ្វើដូចជាមិនដឹងថា ពលរដ្ឋចង់បានអ្វី»។
 
គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានតែងតាំងលោក Kyaw Moe Tun ជាតំណាងអចិន្រ្តៃយ៍របស់មីយ៉ាន់ម៉ាទៅកាន់អង្គការសហប្រជាជាតិនៅក្រុងញូវយ៉កកាលពីខែតុលា ឆ្នាំ២០២០។
 
ចាប់តាំងពីការចូលកាន់កាប់ដោយយោធា លោកឯកអគ្គរដ្ឋទូតរូបនេះ«បានតំណាងឲ្យពលរដ្ឋមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិក្នុងនាមឲ្យរដ្ឋាភិបាលរួបរួមជាតិ (National Unity Government) ដែលត្រូវបានបង្កើតឡើងដោយសមាជិកជ្រើសតាំងនៃសភាតំណាងក្រុមកុលសម្ព័ន្ធនានានិងមេដឹកនាំសង្គមស៊ីវិល»។
 
លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun បានប្រើប្រាស់តំណែងរបស់លោកដើម្បីពាំនាំសំឡេងពលរដ្ឋមីយ៉ាន់ម៉ាទៅកាន់សហគមន៍អន្តរជាតិ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៅក្នុងក្រុងអូស្លូ (PRIO) ដែលកាលពីថ្ងៃទី១ ខែកុម្ភៈ បានជ្រើសតាំងលោកនិងក្រុមប្រឹក្សាពិគ្រោះយោបល់សាមគ្គីជាតិមីយ៉ាន់ម៉ា (NUCC) ដែលជារដ្ឋាភិបាលប្រឆាំងសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
 
លោក Kyaw Moe Tun បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហ ប្រជាជាតិកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោកមិនបានតំណាងឱ្យរបបសឹកយោធា ហើយថា លោកថ្លែងចំពោះមុខឲ្យសមាជិកសភាដែលត្រូវបានជ្រើសតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
 
លោក Kyaw Moe Tun បានអំពាវនាវឱ្យអង្គការសហប្រជាជាតិថ្កោលទោសការដឹកនាំដោយពួកយោធានៅមីយ៉ាន់ម៉ា ហើយ«ចាត់វិធានការខ្លាំងដើម្បីបញ្ឈប់សកម្មភាពហិង្សានិងអំពើឃោឃៅដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមអ្នកតវ៉ាអហិង្សា និងបញ្ឈប់រដ្ឋប្រហារដោយយោធាជាបន្ទាន់»។
 
នៅក្នុងចំណោមមន្រ្តីទទួលបន្ទុកផ្នែកទំនាក់ទំនងការបរទេសចំនួន១.០០០នាក់មកពីក្រសួងការបរ ទេស មន្រ្តីការទូតជាង១០០នាក់បានចូលរួមក្នុងចលនាពលរដ្ឋមិនស្តាប់បង្គាប់នេះ។ នេះបើតាមលោក Kyaw Moe Tun។
 
លោកថ្លែងថា៖ «ជាពិសេសប្រសិនបើអ្នកមើលពីជ្រុងមួយនៃទំនាក់ទំនងអន្តរជាតិ ពិតណាស់ ពួកយោធាមិនអាចចេះតែធ្វើអ្វីដែលពួកគេចង់នោះទេ។ ជាឧទាហរណ៍ នៅអង្គការសហប្រជាជាតិ យោធាមិនមានសិទ្ធិក្នុងការមានតំណាងនៅទីនោះទេ»។
 
លោក Kyaw Swa Tun ដែលបានបម្រើការជាលេខាធិការទី៣ប្រចាំនៅស្ថានទូតមីយ៉ាន់ម៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោនស្ថិតនៅក្នុងចំណោមក្រុមអ្នកផ្តាច់ខ្លួន។
 
លោកថ្លែងប្រាប់វីអូអេភាសាភូមាថា៖ «យើងអាចបង្ហាញដោយបើកចំហពីភាពអយុត្តិធម៌របស់យោ ធានៅក្នុងប្រទេស។ មានរឿងនានាបានកើតឡើង ដែលយើងមិនអាចពណ៌នាតាមតែយើងចង់ មុនពេលតំណាងឲ្យរបបសឹកយោធា។ ដូច្នេះ ការចូលរួមជាមួយចលនាពលរដ្ឋមិនស្តាប់ជាជោគជ័យមួយនៅក្នុងបដិវត្តន៍និទាយរដូវឆ្នាំ ២០២១»។
 
វីអូអេភាសាភូមាបានទាក់ទងស្ថានទូតមីយ៉ាន់ម៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្វែងរកការធ្វើអត្ថា ធិប្បាយរបស់មន្រ្តីការទូតដែលតំណាងឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
 
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាយោធាកាន់អំណាចនៅមីយ៉ាន់ម៉ាបានចោទប្រកាន់លោក Kyaw Moe Tun ពីបទក្បត់ជាតិ។ ចាប់តាំងពីពេលនោះមក ក្រុមប្រឹក្សានេះបានព្យាយាមម្តងហើយម្តងទៀតក្នុងការជំនួសតំណែងលោកដោយមន្រ្តីអនុព័ន្ធយោធាគឺលោកវរសេនីយឯក Aung Thurein ជាតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ ក៏ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។
 
នៅក្នុងសេចក្តីសម្រេចដំបូងក្រោយពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុវត្តសេចក្តីសម្រេចលេខ២៦៦៩ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយមានសំឡេងឆ្នោត១២ ទល់នឹងសូន្យ និងអនុបវាទដោយចិន ឥណ្ឌា និងសហព័ន្ធរុស្ស៊ី។
 
សេចក្តីសម្រេចនេះ«ទាមទារឲ្យមានការបញ្ចប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃអំពើហិង្សាទូទាំងប្រទេស និងជំរុញឱ្យមានការរក្សាភាពអត់ធ្មត់និងការបន្ធូរបន្ថយភាពតានតឹង។ សេចក្តីសម្រេចក៏បានជំរុញឲ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសទាំងអស់រួមមាន ប្រធានាធិបតី Win Myint និងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋលោកស្រី អោងសាន ស៊ូជី ផងដែរ»។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាសន្តិសុខ។
 
លោក Kyaw Moe Tun បាននិយាយថា «ផ្អែកលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ យើងសង្ឃឹមថា ថ្នាក់ដឹកនាំយោធាដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមនឹងត្រូវមកទទួលខុសត្រូវក្នុងពេលឆាប់ៗនេះ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com