អន្តរជាតិ
ចិនថា អាម៉េរិកបានបង្ហោះបាឡុងចូលដែនអាកាសខ្លួនច្រើនជាង១០លើកក្នុងឆ្នាំ២០២២
13, Feb 2023 , 8:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៣ ខែកុម្ភៈ បានអះអាងថា អាម៉េរិកបានបង្ហោះបាឡុងចូលដែនអាកាសខ្លួនច្រើនជាង១០លើកដោយគ្មានការអនុញ្ញាត ចាប់តាំងពីឆ្នាំ២០២២។ បាឡុងទាំងនោះ សុទ្ធតែហោះក្នុងកម្ពស់ខ្ពស់។

 
បញ្ហាបាឡុងចិន ដែលត្រូវបានអាម៉េរិកបាញ់ទម្លាក់នៅពេលកន្លងទៅ នៅតែមិនទាន់ចប់នៅឡើយទេ។ ក្រោយការបាញ់ទម្លោះបាឡុងខ្លួននៅលើដែនទឹកអាម៉េរិក ក្រសួងការបរទេសចិន បានចោទអាម៉េរិកថា បានបង្ហោះបាឡុងចូលដែនអាកាសខ្លួន ដោយគ្មានការអនុញ្ញាតច្រើនជាង១០ដងនៅក្នុងឆ្នាំ២០២២។ 
 
«ចាប់តាំងពីឆ្នាំមុន បាឡុងអាម៉េរិកដែលហោះក្នុងកម្ពស់ខ្ពស់ បានហោះចូលដែនអាកាសចិនច្រើនជាង ១០ដង ដោយគ្មានការអនុញ្ញាតពីនាយកដ្ឋានពាក់ព័ន្ធ»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួរអ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ជុំវិញការបាញ់ទម្លាក់បាឡុងចិនពីសំណាក់អាម៉េរិក។ 
 
បើតាមលោក Wang ជុំវិញការហោះចូលដែនអាកាសចិនដោយខុសច្បាប់បែបនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានឆ្លើយតបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ។ 
 
យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានបញ្ជាក់ឡើយថាបាឡុងទាំងនោះ មានគោលបំណងយោធា ឬចារកិច្ចឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
គួររំឮកថា នៅថ្ងៃទី៤ ខែកុម្ភៈ  យន្តហោះ F-22 របស់អាម៉េរិក បានបាញ់មីស៊ីលមួយគ្រាប់ប៉ុណ្ណោះ ក្នុងការទម្លាក់បាឡុងចិន នៅពីលើដែនទឹកស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រពីឆ្នេរ South Carolina។ ការបាញ់ទម្លាក់នោះ បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង៕
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com