ជាតិ
សង្គមជាតិ
កម្ពុជា នឹងបញ្ជូនអ្នកទោសឡាវ ទៅស្រុកកំណើតវិញ ឲ្យបានមុនចូលឆ្នាំថ្មី
14, Feb 2023 , 2:29 pm        
រូបភាព
សន្និសីទកាសែតរួមគ្នារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីឡាវ។ រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សន្និសីទកាសែតរួមគ្នារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីឡាវ។ រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ៖ ទេពញាណ 

ក្នុងដំណើរទស្សនកិច្ចនៅឡាវ មេដឹកនាំកម្ពុជា បានពិភាក្សាគ្នាជាមួយមេដឹកនាំឡាវ លើប្រធានបទ ឬវិស័យនានា ដោយក្នុងនោះ ក៏មានការផ្ទេរអ្នកទោសទៅវិញទៅមកផងដែរ។



ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសនៅលើទឹកដីឡាវថា កម្ពុជា នឹងបញ្ជូនអ្នកទោសឡាវ ដែលកំពុងជាប់ឃុំនៅកម្ពុជា ឲ្យទៅអនុវត្តទោសនៅប្រទេសកំណើតវិញ។

សម្តេច ប្រកាសព័ត៌មាននេះ ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីឡាវ ក្រោយបញ្ចប់ជំនួប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូកម្ពុជានៅឡាវ ប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤កុម្ភៈ។ 
 
សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា ករណីបញ្ជូនអ្នកទោសទៅប្រទេសកំណើតរបស់ពួកគេនេះ កម្ពុជា ក៏បានធ្វើជាមួយថៃដែរ។ សម្តេច សង្កត់ធ្ងន់ថា ការបញ្ជូនអ្នកទោសឡាវ និងអ្នកទោសថៃ ដែលជាប់ឃុំនៅកម្ពុជា ទៅប្រទេសកំណើតរបស់ពួកគេ នឹងត្រូវធ្វើឡើងឲ្យបានមុនពិធីចូលឆ្នាំថ្មីនៃប្រទេសទាំង៣នេះ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ដូចគ្នា។  
មេដឹកនាំកម្ពុជា បញ្ជាក់ដូច្នេះថា៖«ខ្ញុំ បានប្រាប់សម្តេចក្រឡាហោម ស ខេង [ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ] ឲ្យធ្វើការជាមួយ [ឯកឧត្តម កើត រិទ្ធ] រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីធ្វើកិច្ចការនេះឲ្យបានឆាប់»។ 
 
ពាក់ព័ន្ធនឹងភាគីថៃវិញ សម្តេច ហ៊ុន សែន ធ្លាប់ពិភាក្សាជាមួយលោក ឆឺតគៀត អាត់ថាក័រ (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ អំពីការផ្ទេរអ្នកទោសនេះ។ សម្តេច បានឯកភាពជាមួយភាគីថៃ ហើយបានប្រាប់ឲ្យក្រសួងយុត្ដិធម៌ ពិនិត្យលើការបញ្ជូនអ្នកទោសថៃ ទៅប្រទេសរបស់ពួកគេវិញ ដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ ពោលគឺ ផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្តរបស់ពួកគេ។

លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ព័ត៌មានថ្មីៗ នៅថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្ពុជា មានអ្នកទោសឡាវ៧៥នាក់ និងអ្នកទោសថៃ១០៩នាក់ ដោយភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ លោក មានប្រសាសន៍ដូច្នេះថា៖«តាមខ្ញុំចាំ ដូចជាឈរលើស្មារតីស្ម័គ្រចិត្ត។ បើអ្នកណាចង់ទៅស្រុកគាត់វិញ គាត់ អាចស្នើសុំ អ៊ីចឹងយើង រៀងចំឯកសារបញ្ជូនទៅប្រទេសគាត់វិញ»។ 
 
លោក អះអាងថា ការបញ្ជូនអ្នកទោសឡាវ និងអ្នកទោសថៃ ទៅអនុវត្តទោសនៅប្រទេសកំណើតរបស់ពួកគេ ប្រហែលប្រមុខរដ្ឋាភិបាលកម្ពុជា ចង់ឲ្យពួកគេមានភាពងាយស្រួលក្នុងការជួបគ្រួសារ ហើយម្យ៉ាង ការរស់នៅជាមួយជនជាប់ឃុំជាជនជាតិដូចគ្នា ដែលមានវប្បធម៌ប្រពៃណីដូចគ្នា ក៏ងាយស្រួលដែរ។ លោក បន្តថា ការបញ្ជូនអ្នកទោសឡាវ និងអ្នកទោសថៃ ទៅប្រទេសកំណើតរបស់ពួកគេនេះ គឺប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងនាមជាមនុស្សធម៌។ 
 
ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្រ្តីឡាវ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពុំបានបញ្ជាក់លម្អិតពីការបញ្ជូនអ្នកទោសកម្ពុជា នៅឡាវ មកកាន់កម្ពុជានោះទេ។ លោក នុត សវនា ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា លោក មិនមានទិន្នន័យអំពីចំនួនអ្នកទោសកម្ពុជា ដែលជាប់ឃុំនៅឡាវ និងនៅថៃនោះទេ។ លោក ក៏ពុំបានដឹងដែរថា ឡាវ និងថៃ នឹងត្រៀមបញ្ជូនអ្នកទោសកម្ពុជាប៉ុន្មាននាក់មកកម្ពុជា៕
 
 

Tag:
 កម្ពុជា-ឡាវ
  កម្ពុជា-ថៃ
  សម្តេច ហ៊ុន សែន
  ផ្ទេរអ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com