ជាតិ
សង្គមជាតិ
សប្ដាហ៍គាំពារសង្គម ២០២៣ ផ្ដោតសំខាន់លើ ការពង្រឹងប្រសិទ្ធភាព និងតម្លាភាព
14, Feb 2023 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបពី NSPC
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបពី NSPC
ភ្នំពេញ៖ រដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល រួមគ្នារៀបចំសប្ដាហ៍គាំពារឆ្នាំ២០២៣ ដោយ ផ្ដោតសំខាន់លើពង្រឹងប្រសិទ្ធភាព និងតម្លាភាពប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីធានាដល់ការគ្រប់គ្រងថវិកាមិនខ្ជះខ្ជាយ។

 
ថ្លែងក្នុងកម្មវិធីសប្ដាហ៍គាំពារសង្គមនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បានពន្យល់ថា គោលការណ៍នៃការពង្រឹងប្រសិទ្ធភាព និងតម្លាភាព នឹងផ្ដោតលើដំណើរការគ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនីមួយៗ។ សប្ដាហ៍គាំពារសង្គម លើកទីពីរ ដែលរៀបចំឡើងនៅសប្ដាហ៍ទីពីរ ក្នុងខែកុម្ភៈនេះ។
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កត់សម្គាលឃើញថា ប្រព័ន្ធកិច្ចគាំពារសង្គមកម្ពុជា កំពុងបោះជំហានទៅមុខកានតែប្រសើរឡើង។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងបែបនេះ៖ «គោលការណ៍នៃការពង្រឹងប្រសិទ្ធភាព និងតម្លាភាព ពិតជាមានសារៈសំខាន់ក្នុងការធានាថា ទាំងថវិការដ្ឋ និងថវិកាភាគទាន ដែលបង់ដោយនិយោកជន និងកម្មករ ត្រូវបានប្រើប្រាស់ចំគោលដៅ និងមិនខ្ចះខ្ជាយ»។ 
 
រដ្ឋមន្ត្រីរូបនេះ ចាត់ទុកប្រព័ន្ធគាំពារសង្គមជាសសរស្តម្ភ ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍប្រទេសឲ្យរឹមមាំ និរន្តភាព និងបរិយាបន្ន។ ដោយមើលឃើញពីភាពសំខាន់នេះ រដ្ឋាភិបាលក៏សម្រេចអនុម័តអនុក្រឹត្យស្ដីពីនិយ័កម្មប្រព័ន្ធសន្តិសុខសង្គម ដើម្បីផ្ដល់មូលដ្ឋានគ្រឹះ សម្រាប់ការចាប់ផ្ដើមបំពេញការងារនិយតករសន្តិសុខសង្គម។ 
 
រដ្ឋមន្ត្រីសង្កត់ធ្ងន់ថា និយ័តកម្មលើប្រព័ន្ធសន្តិសុខសង្គម ជាប្រធានបទសំខាន់មួយរបស់សប្ដាហ៍គាំពារសង្គម ក្នុងឆ្នាំនេះ ។ លោកជំរុញឲ្យមានកិច្ចពិភាក្សាលើប្រធានបទនេះ ឲ្យបានផុសផុលផងដែរ។ 
 
បើទោះបីជាស្ថានភាពកូវីដ-១៩ ថមថយហើយក៏ដោយ តែផលអវិជ្ជមានលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅពលរដ្ឋនៅតែជួបប្រឈម។ ក្រៅពីនេះ កម្ពុជាក៏កំពុងរងសម្ពាធនៃការឡើងអតិផរណា ទំនិញនិងភាពមិនប្រាកដជាច្រើនទៀត។ ហេតុនេះ ទើបរដ្ឋសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តទៀត។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដោយបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធគាំពារសង្គមទាំងមូល ឲ្យកាន់តែល្អប្រសើរ នៅឆ្នាំ២០២៣នេះ៕  
 
 

Tag:
 គាំពារសង្គម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com